BREAKING NEWS
Search

ឃីម​ បូរ៉ា ចាញ់​ Phat Thana ឯ វ៉ាន់ វឿន ចាញ់ Noub Krachib

​​អ្នក​ប្រដាល់​របស់​កម្ពុជា ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង ​វ៉ាន់ វឿន អ្នក​ប្រដាល់ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ បាន​វាយ​ចាញ់​ថៃ​ដូចគ្នា ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាពអន្តរជាតិនៅលើ​សង្វៀន ​Barrly Black របស់ ​SEA-TV កាលពី​រសៀល​ថ្ងៃអាទិត្យ​ ទី​០៣ ខែធ្នូ ឆ្នាំ២០១៧។

​ឃីម បូរ៉ា បាន​ប៉ះ​ប្រកួត​ជាមួយ ​Phat Thana ក្នុង​ទម្ងន់ ៦០ ​គីឡូក្រាម។ ឃីម បូរ៉ា ចាញ់​ថៃ​ដាច់​តែម្តង ដោយ​ក្នុង​ទឹក​ទី​២ ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តង ដោយសារ​ត្រូវ​កណ្តាប់ដៃ​របស់​ថៃ ហើយ​មកដល់​ទឹក៤ ​និង ​ទឹក​៥ គេ​ក៏​វាយ​ចាញ់​ថៃ​ដែរ ដោយសារ​អស់កម្លាំង​ស៊ុ​ហ្វ។

Phat Thana អ្នក​ប្រដាល់​ថៃរូបនេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ SEA-TV​ នេះ ម្តង​ហើយ​ កាលពី​ថ្ងៃទី​០៨ ​តុលា ​២០១៧ កន្លងមក ដោយ​វាយ​ចាញ់ ​ឡុង សំណាង ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ពិន្ទុ។​ តែ​លើក​នេះ Phat Thana គេ​យកឈ្នះ ​ឃីម បូរ៉ា ជើង​ខ្លាំង​របស់​កម្ពុជា​វិញ។ អ្នក​ប្រដាល់​ថៃ​នេះមាន​កំណត់​ត្រា​ប្រកួត ​៥៦​ លើក ដោយ​វាយ​ឈ្នះ៤៥​លើក ចាញ់​១១​លើក និង​ មិនដែល​ស្មើ ខ​ណៈដែល ឃីម បូរ៉ា អ្នក​ប្រដាល់កម្ពុជា​យើង​ប្រកួត​មិនតិច​ក្រោម ១០០​ លើក​នោះទេ។

​ចំពោះ វ៉ាន់ វឿន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់​វិញ បាន​ជួប​សំណាងអាក្រក់ក្នុងពេល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Noub Krachib។ ពួកគេ​ទាំងពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម។​ វ៉ាន់ វឿន គេ​បាន​ភ្លាត់​សន្លាក់ជើងក្នុងពេល​ទាត់​ប្តូរជាមួយ​អ្នក​ប្រដាល់​ថៃ​នោះ ដែលជា​ហេតុ​ធ្វើ​ឱ្យគេ​មិនអាច​បន្ត​ការប្រកួត​ទៀត​បាន ទើប​បោះបង់ការប្រកួត​ក្នុង​ទឹក​ទី​២​នោះ​តែម្តង​។ បើសិន​មិនមាន​បញ្ហា​នេះ​កើតឡើង​ទេនោះ Noub Krachib ពុំមាន​សំណាង​បានឈ្នះ​ វ៉ាន់ វឿន នោះឡើយ​។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាស សុជាតិ អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​ក្រុង​ប៉ោយប៉ែត បាន​ផ្តួល​អ្នក​ប្រដាល់​ជើងចាស់ ហ៊ឹម សារ៉ាន់ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ទឹក​ទី​៤ ។ ​ចំណែក ផាន់ ពិសិដ្ឋ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ផ្តួល ​រ៉ែ​ម រាជ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ឱ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣៕

•​​ពុទ្ធ ឆាយ​រិទ្ធី​ ឈ្នះ​ថៃ​ទឹក​៤ ខ​ណៈ សា​រឿន ច័ន្ទ ចាញ់​ថៃ​ទឹក​៣

​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ​Niev Vang chan ក្នុង​ទឹក​ទី​៤ នៅក្នុង​ការជួបគ្នា​ក្នុង​កម្មវិធី​ប្រដាល់ ​Ganzberg នៅ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​យប់​ថ្ងៃទី​០២ ធ្នូ ២០១៧​។ ពុទ្ធ ឆាយ​រិទ្ធី និង អ្នក​ប្រដាល់​ថៃ Niev Vangchan ប្រកួត​គ្នា​ក្នុងប្រភេទ​ទម្ងន់​ ៦៧ គីឡូក្រាម។
​ ​ ​ ​ ​ ​
Niev Vangchan ត្រូវ ពុទ្ធ ឆាយ​រិទ្ធី ចាប់​អុក​នឹង​ជង្គង់​ចូល​ចុងដង្ហើម បណ្តាលឱ្យចុក​រមួល​សន្លប់​លើរេញ​ក្នុង​ទឹក​ទី​៤ ទោះបី​អាជ្ញាកណ្តាល​រាប់​គេ​ដល់​ដប់​ហើយ​ក្តី ក៏​អ្នក​ប្រដាល់​ថៃ​រូបនេះមិនក្រោកបន្ត​ការប្រកួត​បានដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​ដងហើយកន្លងមក។ Niev Vangchan គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១០២​លើក ឈ្នះ​៨៩​លើក ចាញ់១២​លើក និង​ ​ស្មើ​០១​លើក ខ​ណៈដែល​ ពុទ្ធ ឆាយ​រិទ្ធី គេ​ក៏មាន​កំណត់ត្រា​១០០​លើក ក្នុងនោះឈ្នះ​៧៨​លើក ចាញ់​១៩​លើក ស្មើ​០៣​លើក។

ចំពោះ សារឿន ច័ន្ទ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​សម្រែក​រាជសីហ៍​កីឡា ត្រូវ​អ្នក​ប្រដាល់​ថៃ Pha Yaknoy ដាល់​សន្លប់​ក្នុង​ទឹក​ទី​៣។ សារឿន ច័ន្ទ និង Pha Yaknoy ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦០ គីឡូក្រាម។ ​អ្នក​ប្រដាល់​ថៃ Pha Yaknoy នេះ ឈ្នះ ​សារឿន ច័ន្ទ ក្នុង​លក្ខ​ណៈ​ចៃដន្យ​ប៉ុណ្ណោះ ​ឬ ​អាចថា​ជាការ​ហេង​របស់គេ​ផង​ក៏​ថា​បាន ព្រោះ​នៅ​ដើម​ទឹក​ទី​៣​នេះ Pha Yaknoy ត្រូវ ​សារឿន ច័ន្ទ ទាត់​ឱ្យ​ខូច​ជើង ​និង ​ត្រូវ​អាជ្ញាកណ្តាល​រាប់​៨ ម្តង​ទៅហើយ តែ​ជាការ​ស៊យ​របស់​ សារឿន ច័ន្ទ បែរជាភ្លាត់ស្នៀត​ត្រូវ Pha Yaknoy វាយ​កែង​ត្រូវ​មុខ​ធ្វើឱ្យ​ដួលសន្លប់​ទៅវិញ។

​ឈាន ហុង អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​វាយ​ឈ្នះ ​រិ​ន សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹកដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ប្រកួត​គ្នាក្នុង​ទម្ងន់​ ៦៣,៥០០ គីឡូក្រាម។​ រិ​ន សា​រ័ត្ន ត្រូវ​ ឈាន ហុង វាយ​ឱ្យ​អាជ្ញាកណ្តាល​រាប់​៨ ដល់​ទៅ​បី​លើក គឺ​ក្នុង​ទឹក​ទី​២ម្តង ទឹក​ទី​៣​ម្តង និង​ ក្នុង​ទឹក​ទី​៥​ម្តង ដោយសារ​ស្នៀត​ជង្គង់ ប៉ុន្តែ​យ៉ាងណា សា​រ័ត្ន មិន​បោះបង់ការប្រកួត​នោះទេ គឺ​ស៊ូ​រហូតដល់​ចប់​ទឹក​៥​ និង​ ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ត្រូវ​ កូយ ឡាយ អ្នក​ប្រដាល់​ក្លិបកងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ វាយ​ឱ្យ​បែក​ឈាម​ខ្លាំង និង ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់​លែង​ឲ្យ​ប្រកួតក្នុង​ទឹក​ទី​៥។ ថន ភឿ​ត ធ្លាប់​ចាញ់ ​កូយ ឡាយ ពីរលើក​រួចមកហើយ​កន្លងមក ឥឡូវ​ជួប​លើកទី​៣​នេះ ថន ភឿ​ត សងសឹក កូយ ឡាយ មិន​ត្រឹមតែ​មិនបាន​សម្រេច​នោះទេ ថែមទាំង​ឈឺសាច់​លើស​មុន​ថែមទៀត៕

•​ចាន់ សំអាត​ ឈ្នះ​ពិន្ទុ ឆាយ មាស ឯ​ កុយ ចាន់តូ ចាញ់​ សោម ​វិឆ័យ​ ទឹក​៣

​​ចាន់ សំអាត អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង បាន​ប្រកួតឈ្នះ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នានៅលើសង្វៀន ​Black Cat របស់ ​SEA-TV នា​យប់​ថ្ងៃទី​០៣ ​ធ្នូ​ ២០១៧។​ ឆាយ មាស ចាញ់ ចាន់ សំអាត សឹងតែ​គ្រប់ទឹក ដោយ​ត្រូវ​ សំអាត វាយ​ដួល​ជាច្រើនលើក​ច្រើនសារតែ ​ឆាយ មាសមិន​បោះបង់​ការប្រកួត​នោះទេ គឺ​នៅ​តតាំង​ជាមួយ ​សំអាត រហូត​ចប់​ទឹក​៥ និង​ ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។

កុយ ចាន់តូ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ត្រូវ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុលមាន​រិ​ទ្ធ វាយ​ឱ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣។ អ្នក​ទាំងពីរ​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម។ ចាន់តូ ត្រូវ ​វិឆ័យ​ ទាត់​ឱ្យ​ខូច​ជើងឆ្វេងមិនអាច​បន្ត​ការប្រកួត​ទៀត​បាន។ ចំណែក ផល វិចិត្រ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ បាន​ផ្តួល សូ ស៊ីម អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ឱ្យ​សន្លប់​ក្នុងទឹក​ទី​២ ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114