ឃុំខ្លួននាយក TVFB ដាក់ពន្ធនាគារពីបទ « ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ »

ភ្នំពេញ ៖ នៅទីបំផុត ចៅក្រមសើបសួរ សាលាដំបូង លោក កឺ ម៉ាណេរ៉ា បានចេញដីកាសម្រេចឃុំខ្លួនលោក សុ វណ្ណរិទ្ធី នាយកទូរទ្ទស្សន៍អនឡាញ TVFB ដាក់ពន្ធនាគារប៉េហ្សុី ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ « ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ » តាមមាត្រា៤៩៥ នៃក្រមព្រហ្មទ័ណ្ឌ ។

ជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងនាវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃដដែលនេះ តាមសេចក្ដីសម្រេចរបស់តុលាការ ។

លោក សុ វណ្ណរិទ្ធី ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង១៥និង២០នាទី ..ថ្ងៃទី ០៨មេសា ឆ្នាំ២០២០នេះ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធបទល្មើសញុះញង់ ។ បន្ទាប់ពីសាកសួរចប់ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងបានសម្រេចចោទប្រកាន់ពីបទ « ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ » តាមមាត្រា ៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទ័ណ្ឌ ហើយបញ្ជូនអោយចៅក្រមចាត់ការបន្តតាមច្បាប់ ។

លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតថា លោក សុ វណ្ណរិទ្ធី បានត្រូវឃាត់ខ្លួន ពាក់ព័ន្ធ នឹង បទល្មើស ញុះញង់ ឲ្យ ប្រព្រឹត្ត បទល្មើស ជាអាទិ៍ តាម មាត្រ ៤៩៥ នៃក្រមព្រហ្មទ័ណ្ឌ ។

ការចាប់ខ្លួននេះគឺបន្ទាប់ពីលោក សុវណ្ណ រិទ្ធី ផ្សាយព័ត៌មានរបៀបឌឺដង …ពាក់ព័ន្ធនឹងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងក្នុងសន្និសីទ កាលពីព្រឹកថ្ងៃទី០៧មេសា ឆ្នាំ២០២០ នៅវិមានសន្តិភាពស្ដីអំពីវីរូសកូវីដ១៩ នឹងជីវភាពអ្នករត់ម៉ូតូឌុប។

ក្រោយការបង្ហោះខ្លឹមសារឌឺដងនោះ លោក សុវណ្ណ រិទ្ធី ក៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរពីគោលបំណងផ្សាយព័តិមានញុះញង់នោះ ។

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដោយមានការសហការរវាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:០០នាទីយប់ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សុវណ្ណ រិទ្ធី ភេទប្រុស មុខរបរអ្នកសារព័ត៌មានTVFB ។

តាមការបំភ្លឺ និងសារភាពដោយផ្អែកលើចម្លើយបំភ្លឺរបស់ឈ្មោះ អែល ស្រីនាង ភេទស្រី អាយុ ២២ឆ្នាំ ជាបុគ្គលិករបស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី និងផ្អែកលើការទទួលស្គាល់ភស្តុតាងវីដេអូឃ្លីបរយៈពេល៦នាទី៥៤វិនាទី និងសារជាអក្សដែលបានបង្ហោះ ផ្សព្វផ្សាយលើផេកហ្វេសបុក របស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី។ ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី ពិតជាបានប្រព្រឹត្តអំពើញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅចំនុចផ្ទះលេខ១០ (ការិយាល័យអង្គភាពសារព័ត៌មាន ធីវីអេហ្វប៊ី ញ៉ូស ២៤ម៉ (TVFB News 24h)) ផ្លូវលេខ២៨៩ ភូមិបូរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកគុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូង មិនអាចទំនាក់ទំនងបានទេនារសៀលនេះ ដោយសាលោកកំពង់មមាញឹកក្នុងសវនាការ ៕

 

អត្ថបទ៖ មករា