BREAKING NEWS
Search

ឃុំខ្លួន​ក្រុម​ជ​នស​ង្ស័យ៥នាក់​ ពាក់​ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ស្រុក​កៀនស្វាយ

កណ្តាល ​៖​ នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ លោក សាយ សម្ភ​សន៍​សេរី ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន ក្រុម​ជន​ស​ង្ស័យ​ពាក់​ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ស្រុក​កៀនស្វាយ​ចំនួន ១២​កញ្ចប់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ​”​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ដែល​ប្រព្រឹត្ត​ស្ថិតនៅ ឃុំ​បន្ទាយដែក​នឹង​ឃុំ​សំរោង​ធំ ខេត្តកណ្តាល កាលពី​ថ្ងៃ​ច័ន្ទ​ទី​៦​រោច​ ខែ​ជេ​ស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែមិថុនា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​០០​នាទី តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

ជន​ត្រូវ​ចោទ​មាន​ទី១​ឈ្មោះ ញ៉ា​ណ ដា​វីត ហៅ​ម៉ាប់ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទី​០២​ឈ្មោះ យ៉ង់ សិលា ហៅ ខ្លា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​០៣​ឈ្មោះ​សួង រាជ ហៅ វិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ​ឃុំ​បន្ទាយដែក ស្រុក​កៀក​ស្វាយ ទី​០៤​ឈ្មោះ ជុំ ឧដ្ឋាន​សេរី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ លក់ដូរ​ឥ​វ៉ាន់ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ទី​០៥​ឈ្មោះ ជា ជាតិ ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែកតាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ​។

អាវុធហត្ថ​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​កម្លាំង​អាវុធហត្ថ​បាន​ចេញ​ល្បាត ពេល​មក​ដល់​ចំណុច​កន្លែង​លាង​ម៉ូតូ​ស្ថិត​ភូមិ​កណ្តាល​លើ​ឃុំ​បន្ទាយដែក​។ កម្លាំង​យើង​បានឃើញ​ជន​ម្នាក់​ជិះ​ម៉ូតូ​C១២៥ ​ពណ៌​ខ្មៅ​យ៉ាង​លឿន​ចូល​កន្លែង​លាង​ម៉ូតូ ហើយ​មាន​គ្នា​វា​ម្នាក់ទៀត​ទាញ​ទ្វារ​បិទ​ប្រញាប់ប្រញាល់​។ មានការ​សង្ស័យ​កម្លាំង​ជំនាញ​បាន​ព័ទ្ធ​កន្លែង​នោះ​និង​បានការ​អនុញ្ញាត​ពី​ម្ចាស់​ទីតាំង​និង​មេភូមិ​ចូលរួម​កម្លាំង​បាន​អនុវត្តន៍​ការ​ឆែកឆេរ​ម៉ោង១៦និង៣០នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​។ ហើយ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទី១​ឈ្មោះ ញ៉ា​ណ ដា​វីត​ហៅ ម៉ាប់ និង​ឈ្មោះ​យ៉ង់ សីលា ហៅ​ខ្លា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ចាប់​យក​បាន​ម្សៅ​ក្រាម​ពណ៌ស សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកក​ក​)​ចំនួន​០៥​កញ្ចប់ តូច​០៣​កញ្ចប់ មធ្យម​០២​កញ្ចប់ កាំភ្លើង​ឆ្នៃ​បាញ់​គ្រាប់កង់​ចំនួន​០២​ដើម​នឹង​គ្រាប់​០២​កូនប្រអប់​សម្ភារៈ​សម្រាប់​ជក់​នឹង​វេច​ខ្ចប់​មួយចំនួន​។

បន្ទាប់មក​កម្លាំងជំនាញ​បាន​ធ្វើ​ការសាកសួរ​ រួច​បន្ត​នីតិ​វិធី​។ ក្រោយ​មាន​ការ​ឆ្លើយ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ​ញ៉ា​ណ ដា​វីត ទើប​ជំនាញ​ខេត្ត​នឹង​ស្រុក​ចំនួន​១៩​នាក់​មធ្យោបាយ​រថយន្ត​០៤​គ្រឿង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ពិន ច័ន្ទ​តា​រ៉ា នាយរង​សេនាធិការ​ទទួល​ជំនាញ​គ្រឿងញៀន​ខេត្ត​នឹង​ដោយមាន​ការ​សម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញា លាវ ស្រេង​។ បាន​អនុវត្តន៍​ឆែកឆេរ​លំនៅឋាន​ឈ្មោះ ជុំ ឧដ្ឋាន​សេរី ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ជុំ ឧដ្ឋាន សេរី និង​ឈ្មោះ សួង​រាជ រកឃើញ​សារធាតុ​ញៀន​០៥​កញ្ចប់​តូច សម្ភារៈ​ជក់​នឹង​វេច​ខ្ចប់​មួយចំនួន​។ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១ ទូរស័ព្ទ​០១​គ្រឿង​ រួច​បន្ត​ទៅ​ឆែកឆេរ​លំនៅឋាន​(​ម្ចាស់​មិន​នៅ​)​ ស្ថិត​ភូមិ​ជ័យ​ឧត្តម​២ ​ឃុំ​សំរោង​ធំ ឃាត់ខ្លួន​បាន​ឈ្មោះ ជា ជាតិ រក​ឃើញ​សារធាតុ​ញៀន​០២​កញ្ចប់​មធ្យម​។ សម្ភារៈ​វេច​ខ្ចប់​មួយចំនួន ដាវ​ដែក​ចំនួន​០១ ទូរស័ព្ទ​០១​គ្រឿង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114