ចាញ់​ល្បែង​ហើយ​ត្រូវ​អ្នកផ្ទះ​ស្តី​បន្ទោស​ឲ្យ​ទៀត​ក៏​សម្រេចចិត្ត​មក​លោតទឹក​

​ភ្នំពេញ៖​ បុរស​ម្នាក់​ស្លៀកពាក់​ប្រហែលជា មន្ត្រី​យោធា​បានសម្រេច​ចិត្ត​លោត​ពីលើ​ស្ពាន​ជ្រោយចង្វា​ប៉ុនប៉ង​សម្លាប់​ខ្លួន​តែ​មិនបាន​សម្រេច​ព្រោះ​ត្រូវ​បាន​ប្រជា​នេសាទ​ខ្មែរឥស្លាម​ជួយសង្គ្រោះ​ទាន់​ពេល​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​ថ្ងៃទី​១៣ ខែមករា​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្លៀក​ជា​យោធា​ដែល​ប៉ង​បញ្ចប់​ជីវិត​ខ្លួនឯង​នោះ​ឈ្មោះ ជា មករា អាយុ​ប្រហែល​ជាង​៣៥​ឆ្នាំ មានមុខ​របរ​បើកប​រ ​ស្នាក់នៅ​ខេត្ត​កណ្តាល​។​

​ប្រភព​ដដែល​បន្ត​ថា បុរស​ខាងលើ​បាន​ជិះ​ម៉ូតូឌុប​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត មកដល់​លើ​ស្ពាន​ជ្រោយចង្វា​ក៏​ស្រាប់តែ​ដល់​ពាក់​កណ្ដាល​ស្ពាន​ក៏​ស្រាប់តែ​ស្ទុះ​ចុះ​ពីលើ​ម៉ូតូ​លោត​ចូល​ក្នុង​ទឹកទន្លេ​តែម្តង។​ បន្ទាប់ពី​បុរស​រូប​នោះ​បាន​លោតទឹក​ហើយ​ដោយ​ភ្លាមៗ​នោះ​ត្រូវបាន​ប្រជា​នេសាទ​ខ្មែរឥស្លាម​ដែល​នៅក្រោម​ស្ពាន​បានឃើញ​ក៏​ប្រញាប់​ចេញ​ទូក​ទៅ​ជួយសង្គ្រោះ​ហើយ​នាំ​គាត់​ទៅ​គោលដៅ​ទី​៣ ដើម្បី​ធ្វើការ​សួរនាំ ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ត្រលប់​ទៅផ្ទះ​វិញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ក្រោយពី​សួរនាំ​បុរស​ដែល​ប៉ង​សម្លាប់​ខ្លួន​នោះ​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​គិត​ខ្លី​បែបនេះ​មកពី​គាត់​ចាញ់​ល្បែង​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្តី​បន្ទោស​ឲ្យ​ថែមទៀត​ទើប​គាត់​សម្រេចចិត្ត​មក​លោតទឹក​ដូច្នេះ​តែម្តង​។​

​សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា​បន្ទាប់ពី​ធ្វើការ​ណែនាំ​គាត់​កុំ​មានបំណង​គិត​ខ្លី​ដូច្នេះ​តទៅទៀត​ហើយ​នោះ​ក៏បាន​ទំនាក់ទំនង​ឲ្យ​ក្រុមគ្រួសារ​មក​ទទួល​គាត់​យកទៅ​ផ្ទះ​វិញ​ផងដែរ​៕


អត្ថបទ៖ ​រស្មី​