ចាប់ខ្លួន​ជន​ជាប់​ចោទ​ម្នាក់ ​ក្នុង​បទ​ហិង្សា​ដោយ​ចេតនា

បាត់ដំបង ៖ កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​១៥​នាទី ចំណុច​ភូមិ​កញ្ជ្រោង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ ​បង្ក្រាប​ និង​កម្លាំង​នគរបាល​ស្រុក​បាណន់ ធ្វើការ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​០១​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា។

ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន លេខ ៣៨៤ ត​.​ព្រ​/២០ របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក អ៊ី សុវណ្ណ និង​តាម​បទបញ្ជា​ផ្ទាល់​ពី លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​មតិ​របស់​ លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​ព្រហ្មទណ្ឌ ព្រមទាំង​ការ​សម្របសម្រួល​ទៅលើ​នីតិវិធី​ពី​ លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ផង​នោះ កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​១៥​នាទី ចំណុច​ភូមិ​កញ្ជ្រោង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​បង្ក្រាប​ និង​កម្លាំង​នគរបាល​ស្រុក​បាណន់ ធ្វើការ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​០១​នាក់ ឈ្មោះ មិត្ត យក់​លៀម ហៅ ហ្វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ។

​ជន​ត្រូវ​ចោទ​ ឈ្មោះ មិត្ត យក់​លៀម ហៅ ហ្វី មាន​ទីលំនៅ​ភូមិ​កញ្ជ្រោង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចោទប្រកាន់​ ពីបទ​ហិង្សា​ដោយ​ចេតនា ​ប្រព្រឹត្តិ​នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ​ ដែល​មាន​ចែង​ និង​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២១៧ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា។​

​បច្ចុប្បន្ន​ ជន​ត្រូវ​ចោទ​ខាងលើ​ ការិយាល័យ​ជំនាញ​ បាន​រៀបចំ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​បាត់ដំបង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
អត្ថបទ ៖ នាងតូច​

សូមចុចអាន ៖ យុវជន​ម្នាក់​ ត្រូវ​គេ​កាប់​ស្លាប់​យ៉ាង​អាណោចអាធ័ម សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ជនសង្ស័យ​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114