ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ ក្រោយ​បង្ក​បទល្មើស​ប្លន់​ទូរស័ព្ទ​គេ​និង​បង្ក​របួស​ស្នាម​កាលពី​ជាង​១០​ឆ្នាំមុន​
BREAKING NEWS
Search

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ ក្រោយ​បង្ក​បទល្មើស​ប្លន់​ទូរស័ព្ទ​គេ​និង​បង្ក​របួស​ស្នាម​កាលពី​ជាង​១០​ឆ្នាំមុន​

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឆ្មក់​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​បង្គាប់​របស់​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៤ ​ខែ​មេសា ឆ្នាំ​២០២០​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​តាម​ខ្លឹមសារ​របស់​ដីកា​តុលាការ​នោះ​បាន​ចោទ​ប្រកាន់​ថា ជនសង្ស័យ​ម្នាក់​នេះ​ បាន​ប្រព្រឹត្ត​បទ​ល្មើស​ប្លន់​យក​ទ្រព្យសម្បត្តិ​គេ កាលពី​ឆ្នាំ​២០០៨ និង​ប្រព្រឹត្ត​បទល្មើស​ប្រើ​អំពើ​ហិ​ង្សា​លើ​អ្នកដទៃ​កាលពី​ឆ្នាំ​២០០៩ រួច​គេចខ្លួន​រហូត​មក​។​

​ជនសង្ស័យ​ដែល​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាង​លើ​នេះ ឈ្មោះ ម៉ឹង ណា​រ៉េត វិបុល ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​គ្មាន​ ស្នាក់​នៅផ្ទះ​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​បូរី​កម្មករ​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​ជនល្មើស​ខាង​លើ​នេះ លោក ចាំង ស៊ី​ណាត ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឈ្មោះ ម៉ឹង ណា​រ៉េត​វិបុល ដោយ​ចោទ​ប្រកាន់​ថា ​ប្រព្រឹត្ត​អំពើ​ហិ​ង្សា​បង្ក​ឲ្យ​មាន​របួស​ស្នាម​មក​លើ​អ្នកដទៃ ប្រព្រឹត្ត​ កាលពី​ថ្ងៃទី​១៧​ ខែតុលា ឆ្នាំ​២០០៨ នៅ​ខណ្ឌ​ទួលគោក (​រត់គេចខ្លួន​)​។ ក្រោយមក លោក ញាណ សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន​ឈ្មោះ ម៉ឹង ណា​រ៉េត​វិបុល ដោយ​ចោទប្រកាន់​មួយ​ករណី​ទៀត ចោទ​ពី​បទ ប្លន់ ទូរស័ព្ទ(​ឆក់​ទូរស័ព្ទ​) គេ​កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០០៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦៣២ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក តាម​ដីកា​លេខ​២០៦៧​ត​.​ក្រ ចុះ​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ឆ្នាំ​០០៨ និង​ដីកា​លេខ ១១៨៤​ត​.​ព្រ ចុះ​ថ្ងៃ​ទី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា នៅ​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិ​វិធី មុន​ពេល​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​តុលាការ​ផ្ដន្ទាទោស​៕

អត្ថបទ៖ ប៊ុន​សឿន

ចុចអាន៖ បុរស​ម្នាក់​​ស្លាប់ ខណៈ​ឡើងដើមឈើ​រក​ឃ្មុំ របូតដៃ​ធ្លាក់​