ចាប់​បាន​ទៀតហើយ ជន​ដែល​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក ​ព្រៃកប្បាស​

តាកែវ ៖ ជនសង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស​បង្ក្រាប​បាន​ជា​ប​ន្ត​បន្ទាប់​។

​កាល​ពី​វេលា​ម៉ោង​១៥​និង​២០​នាទី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃកប្បាស​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ដា​រ៉ា សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​តាកែវ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​។ ក្នុង​ប្រតិ​ប​ត្ត​ការ​នោះ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​មាន​៖ ១​ឈ្មោះ ម៉ន ច​ន្ទ័​បូរ​មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​សំរោង ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស​។​ ២​ឈ្មោះ ហ៊​ត សេង​ហៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​វាល ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស​។​ ៣​ឈ្មោះ ហៀក ម៉េង​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​កែវ​ចំរើន ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស​។

​ចំណែក​វត្ថុតាង​ដកហូត​បាន​រួម​មាន​៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​០៥​កញ្ចប់​តូច ទម្ងន់​១,៣៩​ក្រាម (​ថ្លឹង​ទាំង​សំបក​ថង់​) សម្ភារៈ​វេច​ខ្ចប់​និង​សម្ភារៈ ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន ទូរស័ព្ទ​ដៃ​០២​គ្រឿង និង​ម៉ូតូ​០២​គ្រឿង​ផង​ដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវ​បាន​នាំមក​ការិយាល័យ​ជំនាញ​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕


អត្ថបទ៖ វីរៈ​