ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​គ្រោង​បន្ត​នាំចូល​សាច់​គោ​សាច់ជ្រូក​កាណាដា​ឡើង​វិញ

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ប្រទេស​ចិន​បាន​យល់ព្រម​បន្ត​ការ​នាំចូល​សាច់គោ​និង​សាច់ជ្រូក​ពី​ប្រទេស​កាណាដា​ឡើងវិញ​ហើយ​ដែល​បង្ហាញ​សញ្ញា​នៃ​ការ​បំបែក​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

លោកនាយក​រដ្ឋមន្ត្រី​បានឱ្យដឹង​នៅ Twitter ថា “​ដំណឹង​ល្អ​សម្រាប់​កសិករ​កាណាដា​ស​ព្វ​ថ្ងៃនេះ​ការនាំចេញ​សាច់ជ្រូក​និង​សាច់គោ​ពី​កាណាដា​ទៅ​ចិន​នឹង​ចាប់ផ្តើម​ឡើងវិញ​ហើយ​” ។​

លោក​ បាន​កោតសរសើរ​ចំពោះ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​កាណាដា​ប្រចាំ​នៅ​ប្រទេស​ចិន​គឺ​លោក Dominic Barton ដែល​ត្រូវ​បាន​តែងតាំង​កាលពី​ខែ​កញ្ញា​ហើយ​និង​ឧស្សាហកម្ម​សាច់​របស់​ប្រទេស​នេះ​ដែល​បាន​ខំធ្វើការ​ងារ​ក្នុង​ការបើក​ទីផ្សារ​ដ៏​សំខាន់​នេះ​ឡើងវិញ​សម្រាប់​អ្នក​ផលិត​សាច់​និង​គ្រួសារ​របស់​ពួកគេ។

គួរ​កត់សម្គាល់​ថា​ ប្រទេស​ចិន​បាន​រារាំង​ការ​នាំ​ចូល​សាច់​គោ ​និង​សាច់​ជ្រូក​ពី​ប្រទេស​កាណាដា​កាលពី​ខែមិថុនា​ដោយ​ចោទប្រកាន់ថា​មានការ​ចម្លង​រោគ​ក្នុង​ការ​ដឹក​សាច់​ជ្រូក​ និង​ឯកសារ​ក្លែងបន្លំ​ដែល​ការចោទប្រកាន់​នេះ​ត្រូវបាន​ជំទាស់​ដោយ​ភាគី​ក្រុង​អូ​តូ​វ៉ា​ចំ​ពេល​ ដែល​ជម្លោះ​ផ្នែក​ការទូត​មានការ​កើនឡើង​។​ ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​អ្វីដែល​បណ្ដាល​ចិត្ត​ឱ្យ​ក្រុង​ប៉េកាំង​ផ្លាស់ប្តូរ​បែបនេះ​។​

យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ បានឱ្យដឹងថា​ មុនពេល​ការហាមឃាត់​នេះ​ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​បំផុត​ទី​បី​របស់​កាណាដា​សម្រាប់​ការនាំចេញ​សាច់គោ​និង​ជាទី​ផ្សារ​លំដាប់​ទី​៥​សម្រាប់​សាច់ជ្រូក​របស់​ប្រទេស​នេះ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114