ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ចាប់ផ្តើម​ការងារ​ស្រាវជ្រាវ​បច្ចេកវិទ្យា 6G

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប្រទេស​ចិន ​បានចាប់ផ្តើម​ស្រាវជ្រាវ​ជា​ផ្លូវការ​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី​៦ ដែលជា​ចលនា​មួយ​ដែល​ប្រទេស​នេះ​ បាន​អះអាងថា​ មាន​គោលបំណង​ដើម្បី​លើកស្ទួយ​បច្ចេកវិទ្យា​ឥត​ខ្សែ​ចុងក្រោយបង្អស់។

ក្រសួង​រដ្ឋាភិបាល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​ចិន​ បាន​ជួបប្រជុំគ្នា​នៅ​សប្តាហ៍​នេះ ​ក្នុង​អង្គប្រជុំ​មួយ​ដើម្បី​បង្កើត​ក្រុម​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា 6G ថ្នាក់ជាតិ​។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​កាសែត​Science and Technology Daily ដែល​ចេញផ្សាយ​ដោយ​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចិន។

បច្ចេកវិទ្យា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ល្បឿន​លឿន​បំផុត ​បាន​ក្លាយជា​ចំណុច​ជម្លោះ​ដ៏​សំខាន់​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​

បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រជែង​គ្នា​បង្កើត​ប្រព័ន្ធ​បណ្តាញ​ឥត​ខ្សែ​ជំនាន់​ក្រោយ 5G ដែល​អាច​ផ្តល់​ល្បឿន​ទិន្នន័យ​យ៉ាងតិច​២០​ដង​លឿន​ជាង​បច្ចេកវិទ្យា​4G ហើយ​សន្យាថា​នឹង​គាំទ្រ​បច្ចេកវិទ្យា​ថ្មី​ទាំងឡាយ ដូចជា​រថយន្ត​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្តិ និង​បច្ចេកវិទ្យា Augmented Reality (AR) ជាដើម​។​

កាលពី​ខែមេសា Reuters បាន​ចុះផ្សាយ​រឿងរ៉ាវ​មួយ​ដោយ​ដកស្រង់​សម្ដី​មន្ត្រី​កូរ៉េខាងត្បូង​ប្រកាស​ជ័យជម្នះ​លើ​សហរដ្ឋអាមេរិក​និង​ចិន​ដែលជា​ទីតាំង​នៃ​ការបើក​ដំណើរការ​លក្ខណៈ​ពាណិជ្ជកម្ម​នៃ​បណ្តាញ​ទូរគមនាគមន៍ 5G ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​។​

គួរ​បញ្ជាក់ថា ការប្រណាំង​ប្រជែង​នេះ ​ក៏មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន Huawei Technologies របស់​ចិន​ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ដែល​បាន​ចូលរួម​យ៉ាង​ខ្លាំងក្លា​ក្នុង​ការកសាង​បណ្តាញ​ទាំងនេះ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114