ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​បង្ហាញ​កម្មវិធី​ស្កេ​ន​មុខ​ដ៏​ចាំបាច់​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ

យោងតាម​អាជ្ញាធរ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ​បានឱ្យដឹងថា ​ប្រទេស​ចិន​នឹង​តម្រូវឱ្យ​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរគមនាគមន៍ ​ទាំងអស់​ត្រូវ​ប្រមូល​ការ​ស្កេ​ន​មុខ​រាល់ពេល​មាន​អ្នក​ចុះឈ្មោះ​ប្រើ​ទូរស័ព្ទ​ថ្មី​នៅ​តាម​ហាង​ដែល​មិន​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​ហើយ​ដោយសារតែ​ក្រុង​ប៉េកាំង​បន្ត​រឹតបន្តឹង​ការគ្រប់គ្រង​Cyberspace។

កាលពី​ខែកញ្ញា​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​របស់​ប្រទេស​ចិន​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​តាម​អន​ឡាញ​ដែល​បាន​ដាក់ចេញ​នូវ​វិធាន​ជាច្រើន​ដើម្បី​អនុវត្ត​ការចុះឈ្មោះ​ដោយ​ប្រើ​ឈ្មោះ​ពិតប្រាកដ​។​

សេចក្តីជូនដំណឹង​នេះ​បានឱ្យដឹងថា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​គួរតែ​ប្រើ​បច្ចេកវិទ្យា​AI និង​មធ្យោបាយ​បច្ចេកទេស​ដទៃទៀត​ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​មនុស្ស​នៅពេល​ពួកគេ​ទិញ​លេខ​ទូរស័ព្ទ​ថ្មី​។​

អ្នកតំណាង​ផ្នែក​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន​China Unicom មួយរូប​បាន​ប្រាប់​AFP ថា​ការទាមទារ​ឱ្យមាន​ការផ្គូផ្គង​រូប​ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​១​ខែធ្នូ​នេះ​មានន័យថា​អតិថិជន​ដែល​ចុះឈ្មោះ​ប្រើ​លេខ​ទូរស័ព្ទ​ថ្មី​ទាំងអស់​ប្រហែលជា​ត្រូវ​ថត​ទុក​ខ្លួនឯង​ដោយ​ងាកក្បាល​ចុះឡើង​និង​ប៉ប្រិចភ្នែក​ផង។

បើទោះបីជា​រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ឱ្យ​ត្រូវតែមាន​ការចុះឈ្មោះ​ដោយ​ប្រើ​ឈ្មោះ​ពិតប្រាកដ​ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​តាំងពី​ឆ្នាំ​២០១៣​មក​ក៏ដោយ​ក៏​វិធាន​ការដែល​តម្រូវ​សម្រាប់​បច្ចេកវិទ្យា AI នេះ​ត្រូវបាន​បង្កើតឡើង​នៅពេលដែល​បច្ចេកវិទ្យា​សម្គាល់​មុខ​ទទួលបាន​ការចាប់អារម្មណ៍​នៅ​ទូទាំងប្រទេស​ចិន​ដែល​បច្ចេកវិទ្យា​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​រាប់​ចាប់ពី​កន្លែង​Checkout នៅតាម​ផ្សារ​ទំនើប​រហូតដល់​កន្លែង​ឈ្លប​មើល​ជាដើម​។​

ដោយឡែក​ក្រុម​អ្នក​ប្រើ​បណ្តាញ​សង្គម​និង​អន​ឡាញ​របស់​ចិន​ជាច្រើន​បាន​ប្រតិកម្ម​មាន​ទាំង​គាំទ្រ​និង​ការព្រួយបារម្ភ​ជុំវិញ​សេចក្តីជូនដំណឹង​ថ្មី​នេះ​ដោយ​អ្នកខ្លះ​បញ្ចេញមតិ​បារម្ភ​ថា​ទិន្នន័យ​ជីវមាត្រ​របស់​ពួកគេ​អាច​នឹងត្រូវ​បែកធ្លាយ​ឬ​លក់​ទៅឱ្យ​អ្នកផ្សេង​៕AFP
តរុណី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114