ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន ​កាត់ទោស​ដាក់គុក​មនុស្ស​៩​នាក់​ ពីបទ​រត់ពន្ធ​ថ្នាំ Fentanyl ទៅ​សហរដ្ឋអាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ចិន ​បាន​ដាក់គុក​មនុស្ស​ចំនួន​៩​នាក់ ​ពីបទ​លក់​ថ្នាំ Fentanyl ដោយ​ខុស​ច្បាប់​ទៅ​ឲ្យ​អ្នកទិញ​អាមេរិក​ ដែល​នេះ​ជា​លទ្ធផល​ នៃ​ការស៊ើបអង្កេត​រួមគ្នា​ជា​ប្រវត្តិសាស្ត្រ​មួយ​លើ​ថ្នាំ​ដែល​បាន​សម្លាប់​ជនជាតិ​អាមេរិក​រាប់ពាន់នាក់​។​

សហរដ្ឋអាមេរិក​ បាន​ចោទប្រកាន់​ប្រទេស​ចិន​ជា​យូរ​មកហើយ​ថា ​ជា​ប្រភព​ដ៏​សំខាន់​ នៃ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដ៏​សាហាវ​នេះ ​ដោយ​លោក​ប្រធានាធិបតី Donald Trump បាន​ចោទប្រកាន់​កាលពី​ខែ​សីហា​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ភ្លេច​ពាក្យសន្យា​របស់ខ្លួន​ក្នុងការ​បង្ក្រាប​ថ្នាំ​ប្រភេទ​នេះ​។​

Fentanyl គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​សំយោគ​ដែល​អាជ្ញាធរ​អាមេរិក​ស្ដីបន្ទោស​ចំពោះ​ការ​ស្លាប់​មនុស្ស​ជាង​១០០​នាក់ ​ក្នុង​មួយថ្ងៃ​ នៅ​សហរដ្ឋអាមេរិក​។​

តុលាការ​ក្នុង​ខេត្ត Hebei ភាគ​ខាងជើង​បានចាត់ទុក​ក​រ​ណី​នេះ​ថា​ ជាការ​ស៊ើបអង្កេត​រួមគ្នា​ប្រកប​ដោយ​ជោគជ័យ​លើកដំបូង​ទាក់ទង​នឹង​ការ​ជួញដូរ​ថ្នាំ Fentanyl​។​

នៅ​ឆ្នាំ​២០១៧ ការិយាល័យ​គ្រឿងញៀន​របស់​ចិន​ បាន​រកឃើញ​សម្បុក​ក្រុម​ឧក្រិដ្ឋកម្ម​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ា​ង​ហៃ ​និង​ខេត្ត Jiangsu ភាគ​ខាងកើត ​ហើយ​រឹបអូស​យក​ថ្នាំ Fentanyl ទម្ងន់​១១.៩​គីឡូក្រាម ​ក្រោយពេល​មានការ​ជូនដំណឹង​ពី​អាជ្ញាធរ​ព្រំដែន​អាមេរិក​។​

ក្នុងចំណោម​មនុស្ស​ទាំង​ប្រាំបួន​នាក់​ ដែល​ជាប់ពន្ធនាគារ​នៅ​ខេត្ត Hebei គឺមាន​ម្នាក់​ត្រូវ​ទទួលទោស​ប្រហារជីវិត​ ខណៈ​ពីរ​នាក់​ទៀត ​ត្រូវបាន​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ ពីបទ​ជួញដូរ​ថ្នាំ Fentanyl និង Alprazolam​។​

តុលាការ​ប្រជាជន​កម្រិត​មធ្យម Xingtai បាន​និយាយ​ថា អ្នក​ទាំងបី​ ត្រូវបាន​ល្បួង​ដោយ​ប្រាក់​ចំណេញ​ខ្ពស់ ​និង​តម្រូវការ​ដ៏​ច្រើន​ពី​អ្នកទិញ​អាមេរិក​។​

គួរ​បញ្ជាក់ថា ការ​ផ្ដន្ទាទោស​នេះ​បាន​កើតឡើង​ចំ​ពេល​មាន​កិច្ចចរចា​ជា​បន្ត​លើ​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក​ និង ​ចិន​ បន្ទាប់ពី​ជម្លោះ​ពាណិជ្ជកម្ម​ជាង​មួយឆ្នាំ​រវាង​ប្រទេស​ទាំងពីរ ​ខណៈ​ដែល​ថ្នាំ Fentanyl បាន​ក្លាយ​ជា​ចំណុច​ជាប់​គាំង​មួយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114