ចេញសែកអត់លុយដោះបំណុល១៥មុឺនដុល្លារ ត្រូវតុលាការចោទប្រកាន់

ភ្នំពេញ ៖ អ្ន្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យ​ដឹងថា បុរសឈ្មោះ ផូ ណូរិន អាយុ៤៦ឆ្នាំ ត្រូវាបានព្រះរាជអាជ្ញាអមតុលាការសម្រេច​ចោទប្រកាន់ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយប្រមាណ១៥មុឺនដុល្លារ ។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ចាប់ខ្រ្លួនកាលពីរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ ហើយបញ្ជូនជនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

នៅក្នុងពេលតុលាការកំពុងស៊ើបសួរជនសង្ស័យនៅឡើយ គេឃើញឧកញ៉ាម្នាក់ចេញមុខមករត់ការព្រឹកល្ងាចៗ ក្នុងគោលបំណងកុំឱ្យ​តុលាការចោទប្រកាន់ ប៉ុន្តែនៅទីបំផុត អយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ផូ ណូរិន ហើយបញ្ជូនអោយចៅក្រមសម្រេចតាមច្បាប់ ។ ចំពោះអង្គហេតុនៃការជំពាក់បំណុលបែបណានោះពុំមានប្រភពណាមួយទំលាយឱ្យ​ដឹងទេ ប៉ុន្តែពេលសងបំណុលជនសង្ស័យ បានប្រើវិធីចេញសែកដើម្បីដោះស្រាយបញ្ហា លុះដល់ម្ចាស់បំណុលទៅបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា សែកនោះអត់លុយមួយរៀល ទើបម្ចាស់បំណុលក្ដៅក្រហាយក៏ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច​នគបាលនាយកព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់ការតាមច្បាប់តែម្តង ៕

អត្ថបទ៖ មករា