BREAKING NEWS
Search

ចោទ​ប្រកាន់​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ពី​បទ​កំហែង​យក ​ដោយមាន​ស្ថាន​ទម្ងន់​ទោស ​និង ​បទ​ញុះញង់​ឱ្យដើរ​សុំទាន

ភ្នំពេញ ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហោ លី​ណា នា​រសៀល​ថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ម្រេច​ចោទប្រកាន់​មន្ត្រី​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ចំនួន ​៣​នាក់ ​ដែល​ប្រមូល​យក​ប្រាក់​ពី​ស្មូម​ទាន​ពី​បទកំហែង​យក ​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ និង ​បទ​ញុះញង់ឱ្យដើរ​សុំទាន ។​

សេចក្ដីសម្រេច​ចោទប្រកាន់​ និង​ បញ្ជូនទៅ​បើក​កា​ស៊ើបសួរ​នេះ​ បាន​ធ្វើឡើង​ក្រោយ​សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ ​បន្ទាប់ពី​នៅ​ថ្ងៃទី០១ ​ខែ​តុលា ​ឆ្នាំ​២០១៧ នៅ​កន្លែងធ្វើការ ដោយមាន​កិច្ចសហការ​ពី​លោក​ស្រី មុំ ចាន់​ដា​នី ប្រធាន​ស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន​ និង ​ស្តារ​នីតិ​សម្បទា​រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ធ្វើការ​ប្រមូល​អ្នកសុំទាន​យក​មក​សាកសួរ​ និង ​ស្រាវជ្រាវ​រក​ជន​ជាប់​ពាក់ព័ន្ធ ​រហូតដល់​ឃាត់ខ្លួនបុគ្គលិក​របស់​មន្ទីរ​សង្គមកិច្ច​ចំនួន ​៣​នាក់ ​ជា​អ្នក​សហ​ការ​ទទួលយក​ផលប្រយោជន៍​ពីអ្នកសុំទាន​ និង ជា​រនុកក្នុង​ផ្តល់ព័ត៌មាន​ដល់​អ្នកសុំទាន​ឱ្យ​គេចខ្លួន​ពេល​សមត្ថកិច្ច​ចុះបង្ក្រាបនៅតាម​ផ្លូវ​សាធារណៈ​នោះផងដែរ​។​

ជនជាប់ចោទ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ ​និង ​អ្នកសុំទាន​មាន ទី១. ឈ្មោះ ឃុត នឹម ​ហៅ តាលឹម អាយុ៥៥ឆ្នាំ ​ជា​បុគ្គលិក​មន្ទីរ​សង្គមកិច្ច, ២. ឈ្មោះ ហឹង សារ៉ូម ហៅ ​តារុំ អាយុ​៤២ឆ្នាំ ជា​បុគ្គលិក​មន្ទីរសង្គមកិច្ច, ៣. ឈ្មោះ សាន សិត ភេទ​ប្រុស អាយុ៤១ឆ្នាំ ​អតីត​ជា​អ្នកសុំទាន​ បច្ចុប្បន្ន​ជា​អ្នកដើរប្រមូល​លុយ​ពីអ្នកសុំទាន​តាម​ភ្លើងស្តុប​ឲ្យ​ទៅ​ឈ្មោះ​ ឃុ​ត នឹម ហៅ​ តាលឹម និង ​ឈ្មោះ ហឹង សា​រ៉ូម ហៅ តារុំ។​

តាម​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​បាន​ឲ្យ​ដឹងថា ពួកគេ​បានធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​អ្នកសុំទានរៀងរាល់ថ្ងៃនៅតាម​ភ្លើងស្តុប ដោយ​អ្នកសុំទាន​ម្នាក់​ត្រូវ​បង់ ​១​ម៉ឺន​ ទៅ ១​ម៉ឺន២ពាន់​រៀលក្នុងមួយ​ថ្ងៃ ហើយ​មួយសប្តាហ៍​ទើបឈ្មោះ​ សាន សិត​ យកលុយ​ប្រគល់​ឲ្យ​ តា ​លឹម​ និង​ តា រុំ ម្តង ​ដោយ​ តា លឹម ​យក​ចំណែក​អ្នកដើរ​សុំ​នៅ​ស្តុ​បអាងទឹក​ ស្តុ​ប​ពេទ្យ​ចិន ​ស្តុ​ប​ផ្សារ​ដើម​គ ​និង ភូមិសាស្ត្រ​ក្បែរ​គ្នា​ រីឯ​ តា​រុំ យកចំណែក​អ្នកដើរ​សុំ​នៅ​ស្តុប​កា​ណាឌី​យ៉ា ​ស្តុ​ប​បូកគោ ​និង​ ប៉ែក​ខាងមាត់ទន្លេ។​

​ពួកគេ​បាន​បន្តថា​ ការយក​លុយ​របស់ ​តា លឹម​ និង ​តា រុំ ពី​អ្នកសុំទាន​នេះ​ ជា​ថ្នូរ​ជាមួយនឹង​ការផ្តល់ព័ត៌មាន​នៅពេលណា​ដែល​មន្ទីរ​សង្គមកិច្ច​ និង​ សមត្ថកិច្ច​ចុះ​បោសសំអាត​ប្រមូលអ្នកសុំទាន​ អ្នកញៀន​ថ្នាំ និង ​ក្មេង​អនាថា​តាម​ដងផ្លូវ​ តែបើ​ពួក​អ្នកសុំទាន​ទាំងនោះ​មិន​ព្រមបង់លុយ​ឲ្យ​ទេ​ ឈ្មោះ​ សាន សិត​ គំរាម​ថា​ នឹង​រាយការណ៍​ឲ្យខាង​មន្ទីរ​សង្គមកិច្ច​ និង សមត្ថកិច្ច​ចុះ​ចាប់​ពួកគេ ​ក្នុងនោះ​ក៏មាន​អ្នកសុំទាន​ជាច្រើន​ពិតជា​ត្រូវបាន​ឈ្មោះ​ សាន សិត រាយការណ៍​ឲ្យ​ តា​លឹម និង​ តា រុំ នាំ​ក្រុមការងារ​សង្គមកិច្ច​ចុះបង្ក្រាប​មែន​ ពេលដែល​ពួកគេ​មិន​ព្រមបង់លុយ​តាម​ការ​ទាមទារ។​

​ចំណាត់ការ​របស់​ប្រធានស្តីទី​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ​ធ្វើការ​វះកាត់​ដង្កូវចេញពីសាច់​ឯងនៅពេលនេះ ​ពិតជា​ធ្វើ​ឲ្យម​ហា​ជន​មានការ​ភ្ញាក់ផ្អើល ​ដោយ​មិន​នឹកស្មាន​តាំងខ្លួន​ជា​មេបក្ស​ស្មូមហើយ​ប្រមូល​យកលុយ​ប្រចាំថ្ងៃ​ពី​អ្នកសុំទាន​ចឹ​ង​សោះ។​

ដូច្នេះតើ​បានជា​កន្លងមក​សមត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ធ្លាប់បាន​សហការ​ជាមួយ​មន្ទីរសង្គមកិច្ច និង ​អង្គការពាក់ព័ន្ធ​ ធ្វើការ​ចុះ​ប្រមូល​អ្នកសុំទាន​ជាច្រើន​ករណី​មកហើយប៉ុន្តែមិនចេះ​អស់​សោះ ដឹងអី​មាន​អ្នកបញ្ជា​ឱ្យ​ប្រមែប្រមូល​លុយ​ពី​អ្នក​ស្មូម​តាមផ្លូវ​ចឹ​ងសោះ ៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114