BREAKING NEWS
Search

ចៅក្រម​តុលាការ​កាត់ទោស​តម្រឹម​ឲ្យយុវជន​ម្នាក់​មានឱកាស​រៀបការ​ជាមួយ​យុវតី ​ដែល​ខ្លួន​ស្រឡាញ់​

ភ្នំពេញ ៖ អតីត​បុគ្គលិក​ក្រុមហ៊ុន​ទឹក​សុទ្ធ​មួយ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក វេ​ង ហ៊​ត ​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ផ្ដន្ទាទោស​៥​ឆ្នាំ តែ​ទោស​នេះ​ត្រូវអនុវត្ត​ទ​ណ្ឌ​កម្ម​ក្នុង​ពន្ធនាគារ​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ ក្រោម​ការចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​អនីតិជន ទោស​សល់​ពីនេះ​ត្រូវ​ព្យួរ ។​

ជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ​ឈ្មោះ ហេង សុ​ផា​ណា អាយុ ២៦​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ទឹក​សុទ្ធ​ឯកជនមួយ។​ 

បើតាម​លោក​ចៅក្រម​វេ​ង ហ៊​ត បាន​បញ្ជាក់ថា ​ការផ្ដន្ទាទោស​ត្រឹម​រយៈពេល​នៃ​ការឃុំខ្លួន​បណ្ដោះអាសន្ន​នេះ គឺ​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ជន​ជាប់​បាន​រួច​ចេញពី​ការឃុំខ្លួន និង​បាន​រៀបការ​ជាមួយ​យុ​វតី​ ដែល​ពួកគេ​ស្រឡាញ់គ្នា ព្រោះថា​យុវតី​រងគ្រោះ​មាន​ផ្ទៃពោះ ហើយ​ឪពុកម្ដាយ​ទាំងសងខាង​សុទ្ធតែ​ចង់ឃើញ​មុខ​ចៅ​ដោយមាន​ឪពុកម្ដាយ​គេ​នៅ​ជាមួយ ។​

លោក​ចៅក្រម​បាន​បញ្ជាក់ថា​ ក្នុង​សវនាការ​កន្លងមក ( ជំនុំជម្រះអសាធារណៈ ) ជនជាប់ចោទ​បាន​សារភាព​ពី​កំហុស​របស់ខ្លួន។​

សមត្ថកិច្ច​ដែល​ប្រតិបត្តិការ​ក្នុង​សំណុំរឿង​រួមភេទ​ជាមួយ​អនីតិជន​នេះ​បាន​រំលឹកថា ជនសង្ស័យ ហេង សុ​ផា​ណា​បាន​សារភាព​ពី​ការ​រួមភេទ​ជាមួយ​អនីតិជន​នៅក្នុង​ក្រុមហ៊ុន​ច្រើ​ង​ដង​បណ្ដាលឲ្យ​យុវតី​មាន​ផ្ទៃពោះ។ ក្នុងនោះ​ក្រោយ​បែកការ អាណាព្យាបាល​យុវតី ជា​អនីតិជន​បាន​ខឹងសម្បាហើយ​បាន​ប្ដឹង​យុវជន​ឈ្មោះ ហេង សុ​ផា​ណា រហូតដល់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បញ្ជូនមក​សាលាដំបូង​ធ្វើការ​ចោទប្រកាន់​ និង​ឃុំខ្លួន​បណ្ណោះអាសន្ន​នៅ​ពន្ធនាគារ ។​

ក្នុង​រយៈពេល​នោះ​អាណាព្យាបាល​ជនរងគ្រោះ​ និង​អាណាព្យាបាល​ជនជាប់ចោទ​បាន​សម្របសម្រួល​គ្នា​ដោយ​សុ​ឆន្ទៈ និង​ព្រមព្រៀង​ដក​ពាក្យ​ឈប់​ប្ដឹង​ដើម្បី​ទុក​ឱកាស​ឲ្យ​ពួកគេ​បាន​រៀបការ​ជាមួយគ្នា​កសាង​គ្រួសារ​មួយ​ថ្លៃថ្នូរ​ដូច​គេ​ដូច​ឯង​ក្នុងសង្គម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684