ព័ត៍មានទាន់​ហេតុការណ៏
Search

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជូនដំណឹង​ពី​ការ​បិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក កឹម សុខា

ភ្នំពេញ​ ៖ លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ បាន​ជូនដំណឹង​ទៅ​មេធាវី ពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក កឹម សុខា ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជា​មួយ​បរទេស ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។​

​តាម​លិខិត​ជូនដំណឹង ដែល​បាន​ផ្ញើជូន​លោក ផែង ហេង ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម សុខា បាន​បញ្ជាក់ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ ២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ពីបទ​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​ចាប់ពីពេលនេះ​តទៅ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។​

​ការដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម ហើយ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយចំនួន​ក្នុង​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួត ពិនិត្យ​តាមផ្លូវ​តុលាការ ហើយ​ការ​បន្ធូរបន្ថយ​នេះ អាច​ឲ្យ​លោក កឹម សុខា មានលទ្ធភាព​ធ្វើដំណើរ​នៅក្នុង​ប្រទេស តែ​មិនអាច​ចេញ​ក្រៅប្រទេស​បានទេ ដោយ​នៅមាន​ចំណុច​មួយចំនួនទៀត ដែល​លោក កឹម សុខា ត្រូវគោរព នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ​អះអាងថា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ពាក្យស្នើសុំ​មួយច្បាប់​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែលមាន​ខ្លឹមសារ​ពាក់​ព័ន្ធ​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។ អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ដោយ​ពិ​និត្យ​លើ​ពាក្យស្នើសុំ​របស់​សហ​មេធា​វី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ ជាពិសេស​ត្រង់ចំណុច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​ជន​ត្រូវ​ចោទ ដែល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ព្យាបាល និង​ម្យ៉ាងទៀត ដោយសារ​នាពេល​កន្លងមក ក្នុងពេល​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ជន​ត្រូវ​ចោទ​បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​ទៃ​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នី​តិ​វិធី​តុលាការ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយចំនួន​ក្នុង​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ​៤៩៩៦ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨។​

យោងតាម​ដីកា​សម្រេច​កែប្រែ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ​៨៨០៩ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨៩ ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូចជា ទី​១, មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២, មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ ទី​៣, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕

អត្ថបទ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114