ព័ត៍មានទាន់​ហេតុការណ៏
Search

ចៅក្រម ​អាជ្ញាកណ្ដាល​ប្រដាល់​គុន​ខ្មែរ​៩៥​ភាគរយ ទទួល​លទ្ធផល​ល្អ​ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បរិញ្ញា

ចៅក្រម​អាជ្ញាកណ្ដាល​ប្រដាល់​គុន​ខ្មែរ ដែល​សិក្ខាកាម​ភាគច្រើន សុទ្ធ​តែមាន​សញ្ញាប័ត្រ​ក​ម្រិ​តប​រិ​ញ្ញា​នោះ គឺ​៩៥​ភាគរយ​បានទទួល​លទ្ធផល​ល្អ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​អាជ្ញាកណ្ដាល​កម្រិត​បរិ​ញ្ញា។​

នេះ​ជាការ​អះអាង​របស់លោក​ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​ក្នុង​ពិធី​បិទ​វគ្គ​សិក្ខាសាលា​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ចៅក្រម​កម្រិត​បរិញ្ញាបត្រ​របស់ខ្លួន​ជា​លើកដំបូង​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​២០១៩។​

លោក​បន្តថា ឆ្លងតាម​ការត្រួតពិនិត្យ​តាមដាន​សិក្ខាកាម​ក្នុង​វគ្គ​សិក្សា​នេះ យើង​ឃើញថា​សិក្ខាកាម​របស់​យើង​បាន​យកចិត្តទុកដាក់​ស្តាប់ និង​ធ្វើការ​កត់ត្រា តាមដាន​យ៉ាង​ហ្មត់ចត់ ម៉ឺងម៉ាត់ ស្តែងចេញ​ជា​លទ្ធផល មន្ត្រី​របស់​យើង​មួយចំនួនធំ​មាន​សមត្ថភាព​កម្រិតវប្បធម៌​ខ្ពស់ អាច​ទទួល​យកបាន​​​រហូតដល់​៩៧​ភាគរយ និង​មួយចំនួនទៀត​មាន​កម្រិតវប្បធម៌​មធ្យម អាច​ទទួល​យកបាន ៨៥​ភាគរយ។

លោក​ឧត្ដមសេនីយ៍ទោ និ​ន ភិរម្យ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​ឲ្យ​ដឹងថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានរៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​បច្ចេកទេស​និង​ក្រមសីលធម៌​កម្រិត​បឋម ដល់​មន្ត្រី​កីឡាប្រដាល់​គុន​ខ្មែរ​នេះ ដើម្បី​ឲ្យ​ចៅក្រម អាជ្ញាកណ្តាល​ប្រដាល់​គុន​ខ្មែរ ទទួលបាន​ចំណេះដឹង​ឲ្យ​រឹតតែ​ល្អប្រសើរ ឈាន​ឆ្ពោះ​ទៅ​កីឡា Sea Games ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

នេះ​ជាការ​ត្រៀមខ្លួន​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​ការធ្វើសមាហរណកម្ម​អាជ្ញាកណ្ដាល​ចៅក្រម​របស់ខ្លួន​ទៅក្នុង​តំបន់ ហើយក៏​ជាការ​បង្កើន​ការផ្សព្វផ្សាយ​កីឡាប្រដាល់​គុន​ខ្មែរ​ទៅក្នុង​ពិភពលោក​ទៀតផង។

សូមបញ្ជាក់ថា វគ្គ​នេះ​គឺជា​វគ្គ​លើក​ទី​១​ហើយ​ដែល​សិក្ខាកាម​មាន​ចំណេះដឹង​ខ្ពស់ៗ។ ក្នុងចំណោម​សិក្ខាកាម​ចំនួន​២៦​រូប មាន​២៣​រូប​ជា​អ្នកមាន​សញ្ញាប័ត្រ​កម្រិត​បរិញ្ញា និង​ជា​គរុ​សិស្ស​មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​ដែល​ក្នុង​នោះ​មាន​មួយ​រូប​ជានា​រី។ ក្រៅពីនោះ​ជា​អតីត​កីឡាករ​ប្រដាល់​ល្បីៗ ហើយ​ក៏​មាន​សិក្ខាកាម​ជា​ជនបរទេស​ចំនួន​២​រូប​ផង​ដែរ។
សូម​បញ្ជាក់​ថា វគ្គ​នេះ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៣​និង​១៤​វិច្ឆិកា ដែល​មាន​អ្នក​ឧទ្ទេសនាម គឺ​លោក​វេជ្ជបណ្ឌិត​ឆឹង យ៉ៅ យ៉េន ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង ជា​ប្រធាន​សហព័ន្ធ​​កីឡា​សាកល​កម្ពុជា លោក​អ៊ិន ខេមរិន្ទ និង លោក មាស សុខ​គ្រី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114