ចំនួន​អ្នកស្លាប់​កើន​ដល់​៨​នាក់​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន

ចំនួន​អ្នកស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ឲ្យ​មាន​ទឹកជំនន់​និង​ការបាក់​ដី​នៅ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​បាន​កើនឡើង​ដល់​៨​នាក់​នៅ​ថ្ងៃ​សៅរ៍​ខណៈ​មនុស្ស​៤​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រឹមតែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​តំបន់​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​មួយ​។​

ការ​រអិល​បាក់​ដី​បាន​វាយប្រហារ​ខេត្ត Chiba និង Fukushima នៅ​ភាគ​ខាងកើត​និង​ភាគ​ឦសាន​ប្រទេស​ជប៉ុន​បន្ទាប់ពី​ខេត្ត​ទាំងពីរ​នេះ​ត្រូវបាន​ជន់​លិច​ដោយ​ព្យុះភ្លៀង​ទី​៣​ក្នុង​រយៈពេល​៦​សប្តាហ៍​។​

បញ្ជា​ជម្លៀស​និង​ការផ្តល់​ប្រឹក្សា​ត្រូវ​បានចេញ​សម្រាប់​ច្រក​ភាគ​ខាងជើង​ដែល​រង​ការវាយប្រហារ​រួចទៅហើយ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ចំនួន​ពីរ​ចាប់តាំងពី​ខែ​មុន​មក​។

អាជ្ញាធរ​បាន​ព្រមាន​ពី​ឱកាស​នៃ​ការបាក់​ដី​និង​ទឹកជំនន់​បន្ថែមទៀត​ជាពិសេស​នៅ​តំបន់​ដែល​រងគ្រោះ​ដោយ​ការ​ធ្លាយ​ទំនប់ទឹក​ដែល​មិនទាន់​ជួសជុល​នៅឡើយ​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Hagibis វាយប្រហារ​ភាគ​កណ្តាល​និង​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​ជាមួយ​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់​ខ្លាំង​។​

ព្យុះ​នោះបាន​សម្លាប់​មនុស្ស​យ៉ាងតិច​៨២​នាក់​ខណៈ​រាប់សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​និង​ច្រើនជាង​៣០០​នាក់​ត្រូវ​រងរបួស​។​

ការបញ្ជា​ជម្លៀស​ត្រូវ​បានចេញ​សម្រាប់​មនុស្ស​យ៉ាងតិច​៨០,០០០​នាក់​នៅ​ខេត្ត Chiba ដែល​នៅ​ទីនោះ​ទឹកទន្លេ​កំពុង​ឡើង​ជិត​ផុត​ច្រាំង​។ សេវា​រថភ្លើង​ភាគច្រើន​នៅ​ខេត្ត Chiba ត្រូវបាន​បញ្ឈប់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកដំណើរ​ត្រូវ​ជាប់គាំង​នៅតាម​ស្ថានីយ​។​

រដ្ឋាភិបាល​ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​ចំនួន​៣៤០,២០៥​នាក់​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ​ផងដែរ​នៅក្នុង​ខេត្ត Fukushima ដោយសារតែ​ភ័យខ្លាច​ថា​អាចមាន​ការបាក់​ដី​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114