BREAKING NEWS
Search

ចំនួន​អ្នកស្លាប់​ពី​ការវាយប្រហារ​អាកាស​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​កើន​ដល់​៣០​នាក់​

ពលរដ្ឋ​ និង​សកម្មជន​បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ចន្ទ ​ដែល​គេ​គិតថា​អនុវត្តន៍​ដោយ​យន្តហោះ​របស់​ក្រុមចម្រុះ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​គឺ​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៣០​នាក់​ នៅក្នុង​ខេត្ត Deir al-Zor ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ​ដែល​ក្នុងនោះ​ក៏​រួមមាន​ទាំង​ស្ត្រី​ និង​កុមារ​ផងដែរ​។​

អ្នកនាំពាក្យ​ក្រុមចម្រុះ លោក​វរសេនីយ៍ឯក John Dorrian នៃ​កងទ័ពអាកាស​អាមេរិក​បាន​បញ្ជាក់ថា ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​បើក​ការវាយប្រហារ​ជុំវិញ​ទីប្រជុំជន al-Bukamal ប៉ុន្តែ​បាន​និយាយថា គាត់​មិនអាច​អះអាង​បានទេ​ចំពោះ​ការចោទប្រកាន់​នៃ​ការស្លាប់​ជន​ស៊ីវិល​។​

លោក​បាន​ប្រាប់​រ៉​យ​ទ័​រថា ក្រុមចម្រុះ​បាន​ព្យាយាម​បញ្ជៀ​ស​ការស្លាប់​ជន​ស៊ីវិល​នៅក្នុង​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​ និង​ប្រទេសជិតខាង​គឺ​អ៊ីរ៉ាក់​។​

ក្រុង​ព្រំដែន​មួយ​នេះ​បាន​ក្លាយជា​ជម្រក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​សម្រាប់​ជនជាតិ​ស៊ី​រី​រាប់ពាន់នាក់​ដែល​ភៀសខ្លួន​ចេញពី​ទីក្រុង​អា​ឡេ​ប៉ូ ​និង​តំបន់​ផ្សេងទៀត​រួមទាំង​ប្រទេស​អ៊ីរ៉ាក់​ផងដែរ​ដែលជា​កន្លែង​ប្រជាជន​របស់ខ្លួន​មាន​ទំនាក់ទំនង​កុលសម្ព័ន្ធ​យ៉ាងរឹងមាំ​ឆ្លងកាត់​ព្រំដែន​។​
​សកម្មជន​ម្នាក់​ដែល​ទាក់ទង​ជាមួយ​សាច់ញាតិ​នៅក្នុង​ក្រុង al-Bukamal បាន​និយាយថា យ៉ាងហោចណាស់​ផ្ទះ​បី​ខ្នង​ត្រូវបាន​កម្ទេច​នៅក្នុង​ស្រុក Hay al Masriya ហើយ​មនុស្ស​យ៉ាងហោចណាស់​៣០​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​ និង​កុមារ​មកពី​គ្រួសារ​ចំនួន​ប្រាំមួយ​ត្រូវបាន​សម្លាប់​។​

កាលពី​ដំបូង ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​រាយការណ៍​ថា​យន្តហោះ​ដែល​គេ​ជឿថា​ជា​របស់​ក្រុមចម្រុះ​អន្តរជាតិ​គឺ​បាន​វាយប្រហារ​នៅ al-Bukamal កាលពី​ថ្ងៃ​ចន្ទ​ដោយបាន​សម្លាប់​សកម្មប្រយុទ្ធ​បីនាក់ ​និង​ជន​ស៊ីវិល​១៣​នាក់​រួមទាំង​កុមារ​ផងដែរ​។​

ក្រុម​អង្កេត​ការណ៍​នេះ​បាន​និយាយទៀតថា ការវាយប្រហារ​នេះ​ក៏បាន​សម្លាប់​ជន​ស៊ីវិល​ចំនួន​ប្រាំពីរ​នាក់​ផងដែរ​នៅក្នុង​ក្រុង al-Husainiyah នៅ​ភាគ​ខាងជើង​តាម​បណ្តោយ​ដង​ទន្លេ Euphrates ៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684