ច្បាប់​ស្ដីពី​ជលផល​អនុញ្ញាត​ឲ្យ​ដាក់​របាំង​លប​​ ត្រឹម​៥០​ម៉ែត្រ​ប៉ុណ្ណោះ បើ​លើស​គឺជា​បទល្មើស​ ត្រូវ​កម្ទេច​ចោល​ទាំងអស់​

កំពង់ឆ្នាំង ៖ ​ច្បាប់​ស្ដីពី​ជលផល​ត្រង់​មាត្រា​ ​៤១ ចំណុច​៣ បាន​ចែង​យ៉ាង​ច្បាស់ថា ​«គឺ​អនុញ្ញាត​ឲ្យ​អ្នកនេសាទ​ដាក់​របាំង​សាច់​អួន​ត្រឹម​៥០​ម៉ែត្រ តែ​បើសិនជា​ដាក់​លើស​ច្បាប់​កំណត់ គឺជា​បទល្មើស ដូចនេះ​ក្រុមការងារ​ចម្រុះ​ ត្រូវតែ​បង្ក្រាប​រុះរើ​ចេញ​កម្ទេច​ចោល​ទាំ​អស់​»​ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ឲ្យ​ដឹង​បែបនេះ​ នា​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧ ក្នុង​ពេល​លោក​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​របាំង​សាច់​អួន​ នៅ​ក្នុង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌។

លោក​បាន​បន្ត​ថា អ្នក​ដែល​ដាក់​របាំង​វែងៗ គឺជា​ឈ្មួញ ដែល​យក​មុខ​របរ​នេសាទ​ធ្វើ​មាន​ធ្វើ​បាន ​មិន​មែន​នេសាទ​តាម​លក្ខណៈ​គ្រួសារ​នោះ​ទេ ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​ដល់​មច្ឆា​ជាតិ​ នា​ពេល​អនា​គត តាម​គោលការណ៍​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, ឯកឧត្ដម វ៉េង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រម៉ាញ់ និង​នេសាទ​, ព្រមទាំង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ត្រូវតែ​កម្ទេច​ចោល​នូវ​របាំង​ទាំង​ឡាយណា​ ដែល​មិន​គោរព​ទៅតាម​ច្បាប់​ស្ដីពី​ជលផល។

លោក​បន្ត​ថា នៅ​ក្នុង​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ មក​បង្ក្រាប​រុះរើ​របាំង​សាច់​អួន​នៅ​ក្នុង​ស្រុក​បរិបូណ៌ និង​ស្រុក​កំពង់លែង ដែល​មាន​កម្លាំង​សរុប​៣០​នាក់ កាណូត​ធំ​តូច​៨​គ្រឿង ដោយបាន​កម្ទេច​របាំង​សាច់​អួន​ល្មើសច្បាប់ ​បាន​ចំនួន​១៣​របាំង ស្មើនឹង​២១៥០​ម៉ែត្រ លប​លូ​១៤​គ្រឿង បង្គោល​៨០០​ដើម និង​បាន​ចាក់​ព្រលែង​ត្រី​គ្រប់​ប្រភេទ​ចូល​ទន្លេ​វិញ​ចំនួន ​១០០​គីឡូក្រាម​ផង​ដែរ។

លោក ងិន ហ៊ុន បាន​បន្ថែម​ថា កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប ​របាំង​អួន​ដោយ​ប្រើ​កាណូត​ធំៗ​ អូស​របាំង​សាច់​អួន​ចោល តាម​បញ្ជា​លោក​អភិបាលខេត្ត ក្រោយពី​បាន​ប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែ​លេខ​០៥ សរ​ណន របស់​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​១៣​។ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជល​ផល ក្នុង​ភូមិ​សាស្ត្រ ចំណុច កដប​, ​ឆ្នុកទ្រូ​, ​កំពង់​អួរ​, សេះ​ស្លាប់​, កំពុង​ព្រះ​, ក្នុងស្រុក​បរិបូណ៌​។ ចំណុច​វាលភក់​, គន្លង​១០០, ក្នុងស្រុក​ស្រុក​កំពង់លែង​។ ចំណុច​កប់​ចេស​, បាក់​កាំភ្លើង ក្នុងស្រុក​ជល​គី​រី​។ ចំណុច​កោះ​កែវ ស្រុក​រលាប្អៀរ ប្រតិ​ប​ត្ត​ការ​នេះ​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ដល់​២៨ ខែធ្នូ ឆ្នាំ​២០១៦ ជា​លទ្ធផល​ទទួល​បាន ចាប់​បាន​ទូក​ម៉ាស៊ីន​អូស​អួន​១០​គ្រឿង សាច់​អួន​១១​វង់ និង​ទូក​ជន​១​គ្រឿង ទូក​ឆក់​១​គ្រឿង​។ ដោយឡែក​បង្ក្រាប​របាំង​សាច់​អួន​ បាន​ចំនួន​១១៣​របាំង ស្មើនឹង​ជា​២​ម៉ឺន​ម៉ែត្រ​, របាំង​ស្បៃ​មុង​ចំនួន​៨៤​របាំង ស្មើនឹង​៤២៤០​ម៉ែត្រ​, លូ​ស្បៃ​មុង​៨៥​គ្រឿង​, លូ​សាច់​អួន​២៥៧​គ្រឿង​, ចាក់​ព្រលែង​ត្រី​ចម្រុះ​ចំនួន​១.៤២៦​គីឡូក្រាម​, បង្គោល​ចំនួន​១២៤០៦​ដើម។

លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់ពី​មានការ​បង្ក្រាប​ឧបករណ៍​នេសាទ​អួន​ប្រើ​ម៉ាស៊ីន​, ជន​, និង​របាំង​សាច់​អួន​វែងៗ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មានការ​អបអរសាទរ​។ ឈរ​លើ​ស្មារតី​ដឹកនាំ​របស់​ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ក្រុម​ប្រតិ​ប​ត្ត​ការ​ចម្រុះ​បាន​យកចិត្តទុកដាក់​គោរព​អនុវត្ត បង្ការ និង​បង្ក្រាប​បទល្មើស​ជលផល សម្រេច​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ពោល​គឺ​បទល្មើស​ជលផល​មានការ​ថយ​ចុះ​ជា​លំដាប់​។ ដោយឡែក​កិច្ច​ប្រតិបត្តិការ​នេះ​នៅតែ​បន្ត​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ដូច​ភ្លៀងរលឹម​ជា​បន្ត​ទៀត ដើម្បី​ឈាន​ទៅរក​ការ​លុបបំបាត់​ទាំងស្រុង​គ្រប់​បទល្មើស​នេសាទ​ទាំងអស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684