ឆក់​ទូរស័ព្ទ​បាន​ហើយ​ តែ​រត់​មិន​រួច ​ព្រោះ​ជនរងគ្រោះ​ស្រែកថា​ចោរៗ ​ជួបនឹង​កម្លាំង​ប៉ូលិស​

ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​គ្នា​២​នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចតុមុខ​ នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ភ្លាមៗ​ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជនរងគ្រោះ​បាន​សម្រេច​ ហើយ​ត្រូវ​ជាប់អន្ទាក់​ព្រោះតែ​ជនរងគ្រោះ​ស្រែកថា​ ចោរៗ​ បានឮ​ដល់​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ជិះ​ល្បាត ​ក៏​ដេញ​ស្ទាក់​ចាប់បាន​ម្នាក់​ និង​រត់​រួច​ម្នាក់។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយ​ប្រើ​ហិង្សា​(​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​)​នោះ បាន​កើតឡើង​កាលពី​វេលា​១៨​និង​០០​នាទី​ព្រលប់​ ថ្ងៃទី​០៦​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ​ចំណុច​ខាងមុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ​ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១ ​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នោះ ​ឈ្មោះ ហេង យ៉ា ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ រីឯ​វត្ថុតាង​ចាប់យក​បាន​មាន ម៉ូតូ​ចំនួន​០១​គ្រឿង​ ម៉ា​កមី​អូ​ ពណ៌​ស ល​លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BA៥៨៧៧ ជា​របស់​ជនសង្ស័យ​ ជិះ​ធ្វើ​សកម្មភាព​ និង​ ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​៨Plus​ ពណ៌​ស​ ជា​របស់​ជនរងគ្រោះ ឈ្មោះ ភ្លី សា​រ៉ស់ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់នៅ​ផ្ទះ​លេខ​១១៩៩Eo ផ្លូវជាតិ​លេខ​៥​ សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បន្ត​ទៀតថា​ នៅមុន​ពេល​កើតហេតុ​ កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី ​ថ្ងៃទី​០៦​ ខែធ្នូ ​ឆ្នាំ​២០១៩​នេះ​ ជនរងគ្រោះ ​ឈ្មោះ ​ភ្លី សា​រ៉ស់​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្តូ​ពី​ ពណ៌​ស​ ចេញ​ពី​ផ្សារ​អ៊ីអន​ទី​១ ​តាមផ្លូវ​ព្រះស៊ីសុវត្ថិ​ ពី​ទិស​ខាងត្បូង ​ទៅខាង​ជើង ​លុះ​ពេល​ជិះ​ម៉ូតូ​មកដល់​ចំណុច​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ផ្លូវ​ព្រះស៊ីសុវត្ថិ​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ ស្រាប់តែ​ជនសង្ស័យ​ចំនួន​០២​នាក់ ​ឈ្មោះ​ ហេង យ៉ា ភេទ​ប្រុស ​និង​ ឈ្មោះ​ ហ្សា ភេទ​ប្រុស​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កមី​អូ​ ពណ៌​សលាយ​ខៀវ​ មកពី​ក្រោយ​ ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ក្លុប​ម៉ូតូ​ខាងមុខ​របស់​ជនរងគ្រោះ​បាន​សម្រេច​ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន។ ​​ភ្លាមៗនោះ​ ជនរងគ្រោះ​ស្រែក​ឆោឡោ ក៏​ត្រូវបាន​កម្លាំង​ឈរជើង ពួនស្ទាក់​តាម​គោលដៅ​របស់​ប៉ុស្តិ៍ និង​កម្លាំង​ល្បាត​បង្ការ​ទប់ស្កាត់​បទល្មើស​របស់​ខណ្ឌ​បាន​អន្តរាគមន៍​ដេញតាម​ពីក្រោយ ​ឃាត់ខ្លួន​ជនសង្ស័យ​​ចំនួន​០១​នាក់​ ឈ្មោះ​ហេង យ៉ា​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ ជា​អ្នកបើក​ម៉ូតូ​ ព្រមទាំង​វត្ថុតាង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ និង​ម៉ូតូ​របស់​ជនសង្ស័យ​នាំមក​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ​ ធ្វើការ​សាកសួរ​។​ ចំណែក​បក្ខពួក​ម្នាក់ទៀត​ ឈ្មោះ​ ហ្សា ភេទ​ប្រុស​ អាយុ​ប្រហែល​១៦​ឆ្នាំ​ ដែលជា​អ្នក​អង្គុយ​ខាងក្រោយ​ និង​បានធ្វើ​សកម្មភាព​ឆក់ ​បាន​បោះ​ទូរស័ព្ទដៃ​ចោល​នៅ​កន្លែងកើតហេតុ​រត់គេច​ខ្លួន​បាត់​។​ ចំពោះមុខ ​កម្លាំង​ជំនាញ​ខណ្ឌ កំពុង​ប្រើ​ប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ​រក​បក្ខពួក​ និង​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លងមក ​ព្រមទាំង​កសាង​សំណុំរឿង​អនុវត្តន៍​តាម​នីតិ​វិធី​៕

អត្ថបទ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114