ឆ្លង​ឌីសង់ទ័រ​ធ្លាក់​ផ្កា​ភ្លើង​លើ​ពូក​បណ្ដាលឲ្យ​ឆាបឆេះ​ផ្ទះ​ល្វែងមួយខ្នង​សំណាង​មិន​ឆាបឆេះ​ក្មេង​២នាក់
BREAKING NEWS
Search

ឆ្លង​ឌីសង់ទ័រ​ធ្លាក់​ផ្កា​ភ្លើង​លើ​ពូក​បណ្ដាលឲ្យ​ឆាបឆេះ​ផ្ទះ​ល្វែងមួយខ្នង​សំណាង​មិន​ឆាបឆេះ​ក្មេង​២នាក់

ភ្នំពេញ ៖ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះល្វែង​មួយ​ខ្នង ដោយសារតែ​ឆ្លង​ឌីសង់​ទ័រ​ធ្លាក់​ផ្កាភ្លើង​ មកលើ​ពូក​ បណ្ដាលឲ្យ​ឆាបឆេះ​ ក្នុង​នោះ​ក៏​ប្រទះឃើញ​ក្មេង២នាក់​ផងដែរ។

ហេតុការណ៍នេះ​ កើតឡើង​វេលាម៉ោង ១៤និង៣០នាទីរសៀល​ ​ថ្ងៃអង្គារ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ស្ថិតនៅ​ចំណុច​ភូមិត្នោតជ្រុំ៤ ​សង្កាត់​បឹង​ទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯម្ចាស់​ផ្ទះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះថា អ៊ឹង ពិសិដ្ឋ​ណា​លីន ភេទ​ស្រី អាយុ ៣៩ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន។

បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យដឹងថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ គឺ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ឆ្លង​ឌីសង់ទ័រ ម៉ាស៊ីនត្រជាក់ ហើយ​ធ្លាក់​ផ្កាភ្លើង​មក​លើ​ពូក​បណ្តាល​ឲ្យ​ឆាបឆេះ​ជា​អណ្តាតភ្លើង​តែម្តង ខណៈ សមត្ថកិច្ច និង​កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ ព្រមទាំង ប្រជាពលរដ្ឋ ចូលទៅ​ពន្លត់​ផ្សែង​កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត។ ខណៈ​ពេល​នោះ​ ក៏ប្រទះឃើញ​ក្មេង២នាក់​កំពុង​គេង​ក្នុងផ្ទះ​នោះ ទើប​កងកម្លាំង​សមត្ថកិច្ច នាំចេញ មក ក្រៅ​ទុក​នៅផ្ទះ​អ្នកជិតខាង​រង់ចាំ​ឪពុកម្តាយ​មក​ទទួល។

ក្នុង​ហេតុការណ៍ អគ្គីភ័យ​នេះ​ដែរ ក៏​មាន​វត្តមាន លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ កម្លាំង សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​មក អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ផងដែរ ហើយ​ក៏​មាន រថយន្ត​ពន្លត់​អគ្គិភ័យ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចំនួន ២​គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ ខ្មែរ​ប្រ៊ូ​ប៊ើ​រី របស់ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ១ គ្រឿង បាន​ចុះ​មក​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ទប់ស្កាត់​ករណី​អគ្គីភ័យ​នេះ​ផង​ដែរ ដោយ​បាន​រលត់​ជា​ស្ថាពរ នៅ​វេលា​ម៉ោង ១៥និង១០ នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ដោយ​ប្រើប្រាស់​រយៈពេល ៤០​នាទី ក្នុងការ​អន្តរាគមន៍​ផងដែរ​។

ក្នុង​នោះ​ដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ សូម​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ពេល​ចេញ​ក្រៅ​ផ្ទះ កុំ​ភ្លេច​បិទ​ប៉ា​រ៉ែត​ភ្លើង ពន្លត់ភ្លើង​ធូប ភ្លើង​ទាន ជាមុនសិន ទើប​អាច​
ចេញពីផ្ទះ​ទៅបាន ដោយ​មិន​មានការ​ព្រួយ​បារ​ម្ភ​រឿង​អគ្គិភ័យ​នេះ​តទៅទៀត៕
នាគព័ន្ធ
ប្រភព នគរបាល

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114