ឆ្លង​ផុត ៣​ប្រកួត​ដំបូង​នៅ ម៉ាឡេស៊ី ធា​រី ទទួល​បាន​ឱកាស​លេង និង​រក​គ្រាប់​បាល់​ថែម​ទៀតផង

ដំណើរ​ត្រឡប់​ទៅ​ចូលរួម​ក្លិប Perak FA នៃ​លី​គ​កំពូល​ម៉ាឡេស៊ី សាជាថ្មី បាន​ធ្វើ​ឲ្យ​ខ្សែបម្រើ​កូនកាត់​ខ្មែរ​បារាំង ធា​រី ចន្ថា​ប៊ី​ន ទទួល​បាន​ឱកាស​បង្ហាញខ្លួន​ច្រើនជាង​ឆ្នាំមុនៗ និង​ថែមទាំង​មានលទ្ធភាព​រក​គ្រាប់​បាល់​ថែម​ទៀតផង។

ក្នុង​រដូវ​កាល ២០២០​នេះ កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​សម្រេច​ជ្រកកោន​នៅ​ក្លិប Perak FA នៃ​លី​គ​កំពូល​ម៉ាឡេស៊ី ដោយ​ឆ្លងកាត់ ៣​សប្តាហ៍​កន្លងទៅ រូបគេ​មានឱកាស​បង្ហាញខ្លួន​ក្នុង​ជម្រើស ១១​នាក់​ដំបូង​ទាំងអស់ និង​ជួយ​ឱ្យ​ក្លិប យកឈ្នះ​ក្លិប​ចាស់​របស់ខ្លួន Terengganu FC ៣-១ ស្មើ Selangor FA ១-១, ឈ្នះ PJ City ២-០ និង​ស្មើ Sebah ២-២ ។

នៅក្នុង​លទ្ធផល​ទាំងនោះ ធា​រី អាច​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី ១​គ្រាប់ ក្នុង​ជំនួប​ទល់នឹង Terengganu និង​រកបាន ១​គ្រាប់​ខ្លួនឯង ដោយ​ទាត់​បាល់ Freekick ក្នុងជំនួប​ទល់នឹង PJ City ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឆ្លងកាត់ ៤​ប្រកួត​កន្លងមកនេះ ក្លិប Perak FA កំពុងតែ​ឈរ​លេខ​រៀង​ទី ២ មាន​៨​ពិន្ទុ ក្នុង​តារាង​ពិន្ទុ ដែលមាន​ក្រុម​សរុប​ចំនួន ១២ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង JDT ដែលមាន ១០​ពិន្ទុ។

​បច្ចុប្បន្ន ការប្រកួត​ក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី រដូវ​កាល ២០២០​នេះ ត្រូវ​បាន​ពន្យារពេល​ប្រកួត ដោយសារតែ​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ COVID-19 ដែល​កំពុងតែ​រាតត្បាត​ទូទាំង​ពិភពលោក ហើយ​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី សម្រេច​លើក​ពេល​ការប្រកួត​ទាំងអស់​ក្នុង​ខែមីនា​នេះ ដោយ​រង់ចាំ​ការ​ជូនដំណឹង​ជាថ្មី​។

​គួរឲ្យ​ដឹង​ថា ធា​រី ធ្លាប់​រួមរស់​ជាមួយ​ក្លិប Terengganu FC ពេញ​រយៈពេល ២​រដូវ​កាល គឺ​ឆ្នាំ ២០១៨ និង ២០១៩ ហើយ​រូបគេ​បាន​បង្ហាញ​ជា​ផ្លូវការ​ដោយ​ក្លិប​ក្នុង​លី​គ​កំពូល​ថៃ Sukhothai មុន​បើក​រដូវ​កាល​ថ្មី​នៃ​លី​គ​កំពូល​ថៃ តែ​ត្រូវ​បាន​បញ្ចប់​កុងត្រា​វិញ​ភ្លាមៗ ក្រោយពី​ការ​លេង​របស់គេ មិនត្រូវ​នឹង​ប្រព័ន្ធ​លេង​របស់​គ្រូបង្វឹក ទើប​ធ្វើ​ឲ្យ​រូបគេ​រសាត់​មកដល់​ក្លិប Perak FA។

ក្រោយពី​រកបាន​គ្រាប់​បាល់​ឲ្យ​ក្លិប Perak FA នាំឲ្យ ធា​រី ក្លាយជា​កីឡាករ​កម្ពុជា ទី ២ រកបាន​គ្រាប់​បាល់​ឱ្យ​ក្លិប​ផ្សេងៗ​គ្នា ក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី បន្ទាប់ពី ចាន់ វឌ្ឍនាកា ដែល​ធ្លា​ប់រក​គ្រាប់​បាល់ កាលពី​រូបគេ​លេង​ឲ្យ Pehang FA និង PKNS ក្នុង​ឆ្នាំ​កន្លង​មក​៕
ម៉េង ហួរ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114