BREAKING NEWS
Search

ឆ្លើយតប​លោក កឹម សុខា ៖ ការ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ធ្វើ​ការ​ដោះលែង វា​ជា​រឿង​ធម្មតា​របស់​ជនជាប់ចោទ និង​មេធាវី​

​ភ្នំពេញ ​៖ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ នៅ​ថ្ងៃទី​០២ ខែកញ្ញា​នេះ​ថា ការ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ធ្វើ​ដោះលែង វា​ជា​រឿង​ធម្មតា​របស់​ជនជាប់ចោទ និង​មេធាវី ប៉ុន្តែ​ជាគោលការណ៍​ច្បាប់ ពេលនេះ​គាត់​ត្រូវតែ​ចូលរួម​នៅក្នុង​ដំណើរការ​នីតិវិធី​បន្ត​ទៀត ហើយ​ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ ដើម្បី​ដោះ​បន្ទុក និង​ដើម្បី​បញ្ជាក់​ថា គ្មាន​កំហុស​។​

ការ​លើកឡើង​របស់លោក ជិន ម៉ា​លីន បាន​ធ្វើឡើង​ក្រោយពី​លោក កឹម សុខា បាន​លើកឡើងថា ឆ្លងតាម​សវនាការ​នៅ​តុលាការ​កន្លងមក លោក​មើលឃើញថា មិនមាន​ភស្តុតាង​ដាក់បន្ទុក​ជាក់លាក់ និង​គ្រប់គ្រាន់ ដែល​អាច​ចោទ​លោក​ថា បាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ការចោទប្រកាន់​នោះទេ ហើយ​ក្នុងនោះ លោក​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​លាស់ និង​បង្ហាញ​សព្វគ្រប់​ហើយ​ថា ទាំង​កន្លងមក បច្ចុប្បន្ន និង​ទៅ​អនាគត លោក​មិនមាន​ចេតនា មិនបាន​ប្រព្រឹត្តិ និង​មិន​គាំទ្រ នូវ​អំពើ​ទាំងឡាយណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាដាច់ខាត​។

ទាក់ទង​បញ្ហា​នេះ លោក ជិន ម៉ា​លីន បាន​អះអាង​យ៉ាងនេះ​ថា “​វា​ជា​រឿង​ធម្មតា​ទេ ដែល​ជនជាប់ចោទ និង​មេធាវី តែងតែ​អះអាងថា មិនបាន​ប្រព្រឹត្ត​នូវ​កំហុស ឬ​ប្រព្រឹត្តិ​បទល្មើស​អ្វី​ទេ ហើយ​ថែមទាំង​ទាមទារ​ឲ្យ​ទម្លាក់ចោល​បទ​ចោទ និង​ធ្វើការ​ដោះលែង​ជាដើម គឺជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​ការសម្រេច​ស្ថិតនៅលើ​តុលាការ ដែល​នឹងត្រូវ​សម្រេច​តាម​អង្គហេតុ និង​អង្គច្បាប់​ដែលមាន​ជា​ធរមាន និង​ផ្អែកទៅលើ​មូលដ្ឋាន​ភស្តុតាង សាក្សី និង​ការផ្ដល់​សក្ខីកម្ម​នានា ទោះបីជា​ជនជាប់ចោទ ឬ​មេធាវី​ជនជាប់ចោទ បដិសេធ​យ៉ាងណាក៏ដោយ​”​។

លោក ជិន ម៉ា​លីន បញ្ជាក់ថា ជា​គោលការណ៍​ច្បាប់ គឺ​គាត់​ត្រូវតែ​ចូលរួម​នៅក្នុង​ដំណើរការ​នីតិវិធី​បន្តទៀត ហើយ​ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​។ មានន័យថា គាត់​ត្រូវ​បង្ហាញ​ភស្តុតាង​ឲ្យ​បាន​រឹងមាំ ឬ​ផ្ដល់​សក្ខីកម្ម​ឲ្យ​បាន​រឹងមាំ ដើម្បី​ដោះ​បន្ទុក និង​ដើម្បី​បញ្ជាក់​ថា គាត់​គ្មាន​កំហុស​ដូច​ការ​ចោទ នេះ​ជា​នីតិវិធី​ច្បាប់ ដែល​គាត់​ត្រូវធ្វើ និង​ត្រូវ​បំពេញ​បន្តទៀត​។​

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការប្រកាន់​ពីបទ “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” ក្រោយ​បែកធ្លាយ​វីដេអូ​មួយ ដែល​លោក​សារភាពថា លោក​អនុវត្ត​តាម​ការណែនាំ​ពី​បរទេស ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប៊ី​។ ក្រោយមក​លោក កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ហើយ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែសម្រួល​លក្ខខណ្ឌ​ត្រួតពិនិត្យ​នេះ​ឡើងវិញ ដោយ​ហាមឃាត់​សកម្មភាព​មួយចំនួន​ប៉ុណ្ណោះ មានដូចជា មិន​ឱ្យចេញ​ក្រៅប្រទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប តាម​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​ជាដើម​។

ទាក់ទង​សំណុំរឿង​លោក កឹម សុខា នេះដែរ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដំណើរការ​សវនាការ​ឈាន​ដល់​ការ​សួរ​វែកញែក​ពី​ការបង្កើត និង​ដំណើរការ​គណបក្ស​សង្គ្រោះ​ជាតិ​មុន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ខែមីនា សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​លើក​ពេល​សវនាការ ដោយ​គ្មាន​ការកំណត់​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ពី​សំណាក់​តុលាការ ហើយ​ការសម្រេច​លើក​ពេល​សវនាការ​នេះ គឺ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​រីក​រាលដាល​ចូលមក​ប្រទេស​កម្ពុជា ក៏ដូចជា​កំពុង​វាយលុក​ពិភពលោក​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114