BREAKING NEWS
Search

ជនពិការ ​នៅតែ​ជួបនឹង​បញ្ហា​ខ្លះៗ​នៅឡើយ ​ចំពោះការចូលរួម​បោះឆ្នោត នាពេលខាងមុខ

​ភ្នំពេញ​ ៖ នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា បាន​ថ្លែង​លើកឡើងថា ជនពិការ​នៅតែ​ជួបនឹង​បញ្ហា​ នៅក្នុង​ដំណើរ​ការបោះឆ្នោត​​ នាពេលខាងមុខ​ដដែល បើទោះបី​មានការ​ជួយ​គាំទ្រ​ ពី​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ​យ៉ាងណាក៏ដោយ​។​ នេះ​ជាការ​លើកឡើង​របស់ លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ ​ជនពិការ​កម្ពុជា នៅក្នុង​សិក្ខាសាលា ស្តីពី​គោ​លន​យោបាយ​ណែនាំ​ការស្វែងរក​មតិ​គាំទ្រ ដើម្បី​សិទ្ធ​ជនពិការ​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧។

​លោក​បាន​ថ្លែងថា ​កិច្ច​សហការ ​អង្គការ​ជនពិការ​កម្ពុជា ជាមួយ​គណៈ​កម្មាធិ​ការរៀប​ចំការបោះឆ្នោតនេះ​ មាន​មុខងារ​ជាច្រើនដូចជា​ ការបង្កើត​ឲ្យ​មាន​សឺមី​ដាក់​សន្លឹកឆ្នោត​ សម្រាប់​ជនពិការភ្នែក ឈុត​អប់រំ​តាមទូរទស្សន៍​មួយចំនួន ដោយមាន​ដាក់​ជា​ភាសា​សញ្ញា ការិយាល័យ​មួយចំនួន​មាន​ជម្រាល និង​មាន​បន្ទប់​ហិប​ឆ្នោត​សម្រាប់ជនពិការ​ជិះរទេះ ការជ្រើសរើស​ជនពិកា​រ ​ឲ្យ​ជា​អ្នកសង្កេតការណ៍ និង​ជាម​ន្ត្រី​ក្នុង​ការិយាល័យ​បោះឆ្នោត នៅក្នុង​នីតិវិធី នៃ​ការបោះឆ្នោត​របស់ គ.ជ.ប ពិតជា​បានបង្ហាញ ​ពី​ការលើកទឹកចិត្តដល់​ជនពិការ ​ក្នុង​វិស័យ​ការងារ​នេះ។​

លោក ងិន សៅ​រ័ត្ន បាន​ថ្លែងបន្តថា ទោះបី​មានការ​ជួយ​គាំទ្រ​ ពី​គណៈ​កម្មា​ធិ​ការរៀបចំ​ការបោះឆ្នោត​ យ៉ាងណាក៏ដោយ ក៏​មិនទាន់បាន​បំពេញ​គ្រប់​ជ្រុងជ្រោយ ទៅតាម​តម្រូវការ​របស់​ជនពិកា​រ​ គ្រប់​ប្រភេទ​ផងដែរ នៅក្នុង​ការបោះឆ្នោត និងវិស័យ​នយោបាយ​នានា​នៅឡើយ។​

ជុំវិញ​ការរៀបចំ​ការបោះឆ្នោត​នេះ ត្រូវបាន​លោកស្រី​ តែ ម៉ា​នី​រ៉ុង សមាជិក​គណៈ​កម្មាធិ​ការ រៀបចំការបោះឆ្នោតបាន​លើកឡើងថា សម្រាប់​ជនពិការ​ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​កន្លងមកនេះ គឺ​ជនពិការ​គ្រប់​ប្រភេទ ​អាចអញ្ជើញ​ទៅ​បោះឆ្នោត​ ដោយ​ពុំមាន​បញ្ហា​អ្វី​នោះឡើយ បើ​មាន​បញ្ហា​អ្វីមួយ​នោះ បងប្អូន​ជនពិការ​ អាច​សំណូមពរ​ទៅដល់ប្រ​ធាន​ការិយាល័យ​បោះឆ្នោត ដើម្បី​ឲ្យ​គេ​ជួយ​សម្រួល​ជួយ​ពួកគាត់​បាន។​

លោកស្រី តែ ម៉ា​នី​រ៉ុង បានលើកឡើង​ឲ្យ​ដឹង​បន្ថែមទៀតថា សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ​កន្លងមកនេះ គឺមាន​លក្ខណៈ​ការចុះឈ្មោះ ​ខុសពី​ការបោះឆ្នោត​នាពេល​មុនៗ ដោយ​តម្រូវ​ឲ្យ​អ្នក​គ្រប់​អាយុ​បោះឆ្នោត មក​ចុះឈ្មោះសាជាថ្មី​ឡើងវិញ តាមរយៈ​នៃ​គ្រប់គ្រង​ទិន្នន័យ​ដោយ​កុំព្យូទ័រ ក្នុងនោះ​សម្រាប់​ប្រជាជន​គ្រប់​អាយុ​ មក​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​ ៧​លាន​នាក់ នៅក្នុង​ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត​សរុប​ជាង ​៩​លាន​នាក់ ចំណែក​ជនពិការ​​មាន​ចំនួន​ជាង​ ៨​ពាន់​នាក់ ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ នៅក្នុង​អាណ​ត្តិ​នេះ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114