ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់ ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បន្តបន្ទាប់​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​វ័យក្មេង​២​នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​បន្តបន្ទាប់​ក្រោយពី​ប្រើ​វិធានការ​សួរចម្លើយ​រួចមក​។​

សមត្ថកិច្ច​ផ្នែក​ជំនាញ​បាន​ឲ្យ​ដឹងថា ​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ​ថ្ងៃទី​១០​ ខែមករា​ ឆ្នាំ​២០២០​នេះ ​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង ​លោក​សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ ដែល​កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ វី ដា​វ៉ាន់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​ និង​បាន​ដកហូត​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​តូច​។

ចម្លើយ​ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ ឈ្មោះ វីត​(​មេខ្លោង​ជួញដូរ​) នៅ​ទីតាំង​ខាងលើ ភ្លាមៗនោះ​ សមត្ថកិច្ច​យើង​បាន​ចុះ​ស្រាវជ្រាវ លុះដល់​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃខែ​ដល់​ដែល ក៏​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ សួន ដា​វីត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ខាងលើ ដែល​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន នៅ​ក្នុង​បន្ទប់​ជួល ពេលនោះ​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​តែម្តង​។​

សមត្ថកិច្ច​បញ្ជាក់ទៀតថា​ ជា​លទ្ធផល​សរុប​វត្ថុតាង​ដែល​ដកហូត​រួមមាន ៖ ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៧​កញ្ចប់​ថង់​តូច ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​។​

ចំពោះមុខ ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​សេសសល់​ និង ក្រុម​ដ​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​។ ​រីឯ​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ បន្ត​ជំរុញ​ការ​ស្រាវជ្រាវ​ដើម្បី​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕​


អត្ថបទ ៖ រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114