ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

បាត់ដំបង ៖ ករណី​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១​ខែ​ចុងក្រោយ​នេះ​ ដែល​ប្រជាពលរដ្ឋ​សង្កេត​ឃើញ​ថា​ករណី​មួយ​នេះ ​នៅ​តែ​មាន​ជា​បន្តបន្ទាប់​គួរ​តែ​សមត្ថកិច្ច​ពង្រឹង ​និង​ទប់ស្កាត់​បន្ត​ទៀត ​បើ​ពុំនោះ​វា​នឹង​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​នា​ថ្ងៃ​ខាងមុខ​។​

ពាក់ព័ន្ធ​និង​ករណី​ នេះ​ក្រៅពី​បាន​បង្ក្រាប​នៅ​តាម​បណ្ដា​ទីតាំង​ផ្សេងៗ សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​មួយ​ករណី​ទៀត​ផង​ដែរ​នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ​ជាក់ស្ដែង​កាលពី​ថ្ងៃ​២០​ ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ។

លោក​វរសេនីយ៍ឯក​ ឆាង វណ្ណ​ឆៃ ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ក្រុង​ បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ខុសច្បាប់​ ក្នុង​មូលដ្ឋាន​០១​ករណី​ដោយ​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ ឈ្មោះ ​យឿន សំណាង​ហៅ ​(​ផន​)​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០៦ ​ភូមិ​ព្រែក​ព្រះ​ស្តេច ​សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​។

​លោ​កថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំពោះមុខ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន៖ ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន ​(​ម៉ា​ទឹកកក​ICE)​ ចំនួន​១១​កូន​ថង់​ទម្ងន់​២០,៨៩​ក្រាម​,​ ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​,​ ក្រដាស​អាលុយមីញ៉ូម​ចំនួន​០៥​ដុំ​,​ ដែកកេះ​ចំនួន​០២​ផង​ដែរ​។​ ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារ​ភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដោយ​ពិតប្រាកដ​ហើយ​វត្ថុតាង​ជា​សារ​ធាតុ​ញៀន​ ដែល​មាន​ចំនួន​ខាងលើ​ ក៏​ជា​របស់​ខ្លួន​ផង​ដែរ​ ដោយ​ខ្លួន​បាន​ទិញ​ត​ពី​អ្នក​ដ៏​ទៃ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​យក​មក​លក់​ឲ្យ​ខ្លួន​។

​ក្រោយ​ធ្វើ​កំណត់ហេតុ​រួចរាល់​ ជនសង្ស័យ​រួម​ជា​មួយ​វត្ថុតាង​ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង​បាន​បញ្ជូន​បន្ត​ទៅ​ កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ និង​វត្ថុតាង​ត្រៀម​និង​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​។ ក្រោយ​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បន្ត​ការសាកសួរ​និង​កសាង​សំណុំរឿង​រួចរាល់​នៅ​រសៀល​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​៕

 

អត្ថបទ៖ សៅ សារិទ្ធ​