ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​រួម​គំនិត​​ក្បត់​ប្រមូល​​ផ្ដុំ​​គ្នា​​នៅ​អតីត​ស្នាក់​ការ​គណបក្ស​​សង្គ្រោះ​ជាតិ​​​ ១០​នាក់​​​​ ត្រូវ​បញ្ជូន​ទៅ​តុលាការ​​ថ្ងៃ​នេះ

ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ​នៅ​​ព្រឹក​​​ថ្ងៃ​ទី​៧ ​ខែ​វិច្ឆិកា​​ បាន​បញ្ជូន​ខ្លួន​មនុស្ស​ចំនួន​១០ ​នាក់ ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពាក់​ព័ន្ធ​បទ​ល្មើស​រួមគំនិត​ក្បត់​និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​​។

ព្រះរាជ​អាជ្ញា​អម​តុលាការ​ ​នា​ថ្ងៃ​ដដែល​នេះ​ បាន​សាក​សួរ​បុរស​ស្ត្រី ​ទាំង​១០​នាក់​រួច​រាល់​ហើយ​ និង​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ ​រួម​គំនិត​ក្បត់​ និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​សង្គម​​ជាតិ​ ហើយ​បញ្ជូន​ជន​ត្រូវ​ចោទ​ទាំង​១០​នាក់​ ឱ្យ​ចៅ​ក្រម​សម្រេច​តាម​ច្បាប់​។

ជន​ត្រូវ​ចោទ​ទាំង​១០​នាក់ ​មាន៖​
​ទី​១ ​/ឈ្មោះ ជួន សុផល ភេទប្រុស អាយុ៦៧ឆ្នាំ ។
ទី /២.ឈ្មោះ ង៉ុក សំអូន ភេទប្រុស អាយុ៦១ឆ្នាំ ។
ទី/ ៣.ឈ្មោះ ហុក សំអាង ភេទប្រុស អាយុ៦០ឆ្នាំ ។
ទី/ ៤.ឈ្មោះ ថត ប៊ុនធឿន ហៅស៊្រុន ភេទប្រុស អាយុ៧០ឆ្នាំ ។
ទី/ ៥.ឈ្មោះ ស្រង់ ឡាយ ភេទប្រុស អាយុ៥១ឆ្នាំ ។
ទី/ ៦.ឈ្មោះ ពូក ចន្ទា ភេទប្រុស អាយុ៤៨ឆ្នាំ ។
ទី/ ៧.ឈ្មោះ ប៊ុន គឹមស៊ា ភេទប្រុស អាយុ៤៤ឆ្នាំ ។
ទី/ ៨.ឈ្មោះ សូ តារា ភេទប្រុស អាយុ៥០ឆ្នាំ ។
ទី/ ៩.ឈ្មោះ ទឹម សុមេធ ភេទប្រុស អាយុ៤៩ឆ្នាំ ។
ទី ១០/ .ឈ្មោះ ស៊ី រ៉ាដា ភេទប្រុស អាយុ៤៥ឆ្នាំ ។

មនុស្សចំនួន១០នាក់នេះ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​មានជ័យ ​មាន​នគរបាល ​កម្លាំង​កង​រាជ​អាវុធហត្ថ​ និង​កម្លាំង​ប្រជា​ការពារ​ជាង​ ១០០​នាក់ ​ដឹក​នាំ​ ដោយ​លោក ​ពេជ្រ​ កែវមុនី ​អភិបាល​ខណ្ឌ​មានជ័យ​ បាន​​ឃាត់​ខ្លួន​ ដែល​ការ​ឃាត់​ខ្លួន​នោះ​ បាន​ធ្វើ​ឡើង​ក្នុង​រង្វង់​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​រដ្ឋបាល​ នៅ​ក្នុង​ផ្ទះ​លេខ​ ៥៧៦​ អតីត​​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ​ កាល​ពី​វេលា​ម៉ោង​៣ ​រសៀល​ថ្ងៃ​ទី​៥ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​​នេះ​ ​។​

ក្រោយ​ពី​ឃាត់​ខ្លួន​មនុស្ស​ទាំង​១០​ នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ ដើម្បី​សាក​សួរ​បឋម ​ដែល​ពួក​គេ​ត្រូវ​សមត្ថ​កិច្ច​ចម្រុះ ​ប្រើ​ខ្សែ​ចង​ដៃ​ទៅ​មុខ​រួច​នាំ​ឡើង​រថយន្ត​។​ ក្នុង​នោះ​អាជ្ញាធរ​សម្រេច​ដក​ហូត​នូវ​សម្ភារៈ​ជា​ដូច​ជា​ តុ ​ទូ ​កៅអី ​ម៉ាស៊ីន​កុំព្យូទ័រ​ច្រើន​គ្រឿង ​ម៉ូតូ​៨​គ្រឿង​ និង​រថយន្ត​១​គ្រឿង​ផង​ដែរ ​ហើយ​មនុស្ស និង​សម្ភារៈ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​។​ ក្រោម​ការ​ស៊ើប​សួរ​ ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​កម្លាំង​សមត្ថ​កិច្ច​ជំនាញ ​មនុស្ស​ទាំង​១០​ និង​សម្ភារៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ​គឺ​ពួក​គេ​បាន​ប្រមូល​ផ្ដុំ​គ្នា​ជាប់​ពាក់​ក្នុង​អំពើ​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ដែល​មាន​ទណ្ឌិត សម រង្ស៊ី នៅ​ពី​ក្រោយ​ ដូច្នេះ​ទើប​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114