ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​ល្មោភកាម​ ល្បួង​ក្មេង​ស្រី​អាយុ១៣ឆ្នាំរំលោភ​រហូត​សម្រេច ត្រូវ​នគរបាល​ឃាត់ខ្លួន

ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ ត្រូវ​ជនសង្ស័យ​ម្នាក់​លួងលោម​រំលោភ​បានសម្រេច កាលពី​វេលា​ម៉ោង​២០ និង​១០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​បន្ទប់ទឹក បុរី សាន់​ស៊ី​ម៉ិច ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ទើប​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឆ្នាំ​ដដែល ក៏ត្រូវ​យាយ​បង្កើត​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ចាត់ការ​តាម​នីតិវិធី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ វ.ល.ហ អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ បុរី សាន់​ស៊ី​ម៉ិច ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ។ ចំណែក​ឯ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ សាំ គ្រៀង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ បុរី សាន់​ស៊ី​ម៉ិច ទីលំនៅ បុរី សាន់​ស៊ី​ម៉ិច ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ វ.ល.ហ អាយុ​១៣​ឆ្នាំ បាន​ដើរ​ចេញ​ពី​ផ្ទះ​របស់​ឈ្មោះ សុន សុភាព ភេទ​ស្រី អាយុ២៧ ឆ្នាំ (​ជា​អ្នក​ស្គាល់​គ្នា​ជាមួយ​ក្មេងស្រី​រងគ្រោះ​) ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ក្មេងស្រី​រងគ្រោះ​ប្រហែល ៣០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ពេល​ក្មេង​ស្រី​រងគ្រោះ​ដើរ​ដល់​ផ្សារ​រាត្រី​ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ ក៏បាន​ជួប​នឹង​ជនសង្ស័យ​ឈ្មោះ សាំ គ្រៀង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ កំពុង​ដើរលេង​ក្នុង​ផ្សារ​រាត្រី ហើយ​ជនសង្ស័យ​ក៏បាន​ឲ្យ​លុយ​ទៅ​ក្មេងស្រី​រងគ្រោះ​ចំនួន​១០​ដុល្លារ រួច​ចាប់​ទាញ​ដៃ​ក្មេងស្រី​រងគ្រោះ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ផ្សារ​រាត្រី (​ដែល​សាងសង់​មិនទាន់​រួច​)។ បន្ទាប់មក​ជនសង្ស័យ​ក៏បាន ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រងគ្រោះ​បាន​សម្រេច​។

ប្រភព​ព័ត៌មាន​ប្រាប់​បន្ត​ទៀត​ថា ពេលធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រួច ជនសង្ស័យ​ក៏បាន​ប្រាប់​ក្មេងស្រី​រងគ្រោះ​កុំ​ឲ្យ​និយាយ​រឿងរ៉ាវ​ខាងលើ ឲ្យ​យាយ តា និង​អ្នកដទៃ​បានដឹង ហើយក៏​ដើរចេញ​ទៅផ្ទះ​រៀងៗ​ខ្លួន។ លុះដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​០០​នាទី ក្មេងស្រី​រងគ្រោះ​មានការ​ឈឺចាប់​ប្រដាប់​ភេទ​យ៉ាងខ្លាំង ក៏បាន​អង្គុយ​យំ​នៅ​ខាងមុខ​ផ្ទះ ឃើញ​ដូចនេះ ឈ្មោះ រី សុផល ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ (​ត្រូវជា​យាយ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​) ក៏បាន​សួរ​នាំទៅ​ក្មេងស្រី​គ្រោះ ទើប​ក្មេងស្រី​រងគ្រោះ​បាន​និយាយ​រឿងរ៉ាវ​ខាងលើ ប្រាប់​យាយ​ឲ្យ​បានដឹង​។ បន្ទាប់មក​ឈ្មោះ រី សុផល (​យាយ​របស់​ក្មេងស្រី​រងគ្រោះ​បង្កើត​) ក៏បាន​នាំ​ក្មេងស្រី​រងគ្រោះ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ហើយ​នៅវេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង នៅត្រង់ចំណុច​ផ្ទះ​របស់​ជនសង្ស័យ បុរី​សាន់​ស៊ី​ម៉ិច ស្ថិតនៅ​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ចាត់ការ​តាម​នីតិវិធី។

វត្ថុ​តាង​ចាប់​យក លុយ​ក្រដាស់​១០​ដុល្លារ​ចំនួន ០១​សន្លឹក ,​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ,​ខោ​ខូច​ប៊​យ​ជើង​ត្រឹម​ជង្គង់ ចំនួន​០១, អាវយឺត​ពណ៌​ស​វៀល​ក្លៀក​ចំនួន​០១។

បច្ចុប្បន្ននេះ ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕​

រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114