BREAKING NEWS
Search

ជន​សកម្ម​ខាង​គាស់​ផ្ទះ​គេ​ពេលយប់​ ត្រូវ​នគរបាល​ចាប់ខ្លួន​

​ភ្នំពេញ ៖ ជនសង្ស័យ​សកម្ម​ខាង​ដើរ​គាស់​ផ្ទះ​គេ​ពេលយប់​ លួច​យក​ទ្រព្យសម្បត្តិ​មិន​រើសមុខ​ ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គេ ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ល្បាត​ប្រទះឃើញ ដោយ​ចៃដន្យ​ ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ ទោះបីជា​ជនសង្ស័យ​ខំ​ស្ទុះ​រត់ឡើង​ម៉ូតូ​បម្រុង​ជិះ​ចេញ​ក៏ដោយ។

ហេតុ​ការ​ណ៍នេះ​ បានកើតឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី ឈានចូល​ថ្ងៃទី​២៧ ខែមីនា​ ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​បុរី​ញូថោ​ន ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ។ ការឃាត់ខ្លួននេះបាន​ឆែកឆេរ​រកឃើញ​សុទ្ធតែ​ប្រដាប់ប្រដា ​សម្រាប់ធ្វើសកម្មភាព​គាស់​ផ្ទះ ​និង​កូនសោ​តូចធំ​មួយចំនួនទៀត។ ជនសង្ស័យ​ឈ្មោះ ម៉ា ចាន់ថា ហៅ​អាដុំ​ដី​ ភេទ​ប្រុស អាយុ២៧ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែន​ជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ បានចេញ​ល្បាត​ការពារ​ក្នុងភូមិ​សាស្ដ្រដែន​សមត្ថកិច្ច​របស់ខ្លួន ​លុះ​មកដល់​ចំណុច​មុខផ្ទះ​ល្វែង​មួយកន្លែង​ក្នុង​បុរី​ញូ​ថោ​ន​ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារផ្ទះ​គេ។​ ពេលនោះ​ឃើញ​សមត្ថកិច្ច​ ​គេបាន​ស្ទុះ​រត់ឡើង​ម៉ូតូបម្រុង​ជិះ​ចេញ​ ប៉ុន្តែ​ត្រូវ​កម្លាំង​ចាប់​ឃាត់​ជាប់ នៅពេល​ឆែកឆេរ​រកឃើញ​សោសម្រាប់​កាច់​សោ​.​ក​ម៉ូតូ ដែក​ឆ្កឹះ ​ទួរណឺវិស ​ដែក​ស្រួច​ សោ​ទីប​លេខ​៨​ចំនួន​១ ដែក​សម្រាប់​ឆ្កឹះ​សោទ្វារ​១​ សោឡាន​ម៉ូតូ​ចំនួន​៣ ទូរស័ព្ទ​សាំ​សុង​ S2​ ពណ៌ស​ចំនួន​១​គ្រឿង និង​ម៉ូតូ​ម៉ាក ឃ្លី​ក បិទ​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1W-3372​។

នៅពេល​សួរនាំ​ដេញដោលទើប​ដឹងថា ​ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មិន​រើសមុខ​ ជាពិសេស​ដើរ​ធ្វើ​សកម្មភាព​ពេលយប់ៗ​ ក្នុង​មូល​ដា្ឋ​ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងមូល ​ជាពិសេស​សង្កាត់​កា​កាប​ និង​សង្កាត់​ចោមចៅ ​ដែលមាន​លក្ខណៈ​ភូមិសាស្ដ្រ​ស្មុគស្មាញ​ជាងគេ ។

ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​ចោមចៅ​ កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114