ជប៉ុន​បន្ត​ប្រតិបត្តិការ​បោសសម្អាត​និង​ជួយសង្គ្រោះ​ ខណៈ​អ្នកស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​កើន​ដល់​ជិត​៧០​នាក់

ក្រុម​អ្នក​ជួយសង្គ្រោះ​ក្នុងប្រទេស​ជប៉ុន​បានធ្វើការ​នៅ​ថ្ងៃទី​៣​នៅក្នុង​ការស្វែងរក​ទាំ​ង​អស់សង្ឃឹម​សម្រាប់​អ្នក​ដែល​នៅ​រស់រានមានជីវិត​ពី​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​មួយ​ដែល​បានសម្លាប់​មនុស្ស​ជិត​៧០​នាក់​និង​បង្ក​ការបំផ្លិចបំផ្លាញ​យ៉ាង​ធំធេង​។​

ព្យុះ Hagibis បាន​វាយលុក​ចូល​ប្រទេស​ជប៉ុន​នៅ​យប់​ថ្ងៃ​សៅរ៍​ដោយ​នាំមក​ជាមួយ​នូវ​ខ្យល់​បក់បោក​យ៉ាងខ្លាំង​និង​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មិន​ធ្លាប់មាន​ពីមុនមក​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​រអិល​បាក់​ដី​និង​បណ្តាល​ឲ្យ​ទឹកទន្លេ​រាប់សិប​ទន្លេ​ឡើង​ផុត​ច្រាំង​។​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​ទូរទស្សន៍​ជាតិ NHK បានដាក់​ចំនួន​អ្នកស្លាប់​ថា​មាន​ចំនួន​៦៧​នាក់​ខណៈ​មាន​អ្នក​បាត់​ខ្លួន​ជាច្រើន​នាក់​។ យ៉ាងណាក្តី ចំនួន​អ្នកស្លាប់​ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​រាជរដ្ឋាភិបាល​គឺ​ទាប​ជាង​នេះ​ប៉ុន្តែ​បាន​និយាយថា ខ្លួន​នៅតែ​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់ខ្លួន​។​

លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បាន​និយាយថា មិនមាន​ផែនការ​បន្ថយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ទេ​ដោយ​ប៉ូលិស ឆ្មាំ​សមុទ្រ អ្នក​ពន្លត់​អគ្គិភ័យ​និង​កងទ័ព​ប្រមាណ​១១​ម៉ឺន​នាក់​បាន​ចូលរួម​។​

លោក អា​បេ បាន​ប្រាប់​សភា​ថា “​បច្ចុប្បន្ននេះ​នៅក្នុង​តំបន់​ដែល​រង​ការវាយប្រហារ ការងារ​ជួយសង្គ្រោះ​និង​ស្វែងរក​អ្នក​ដែល​កំពុង​បាត់​ខ្លួន​គឺ​កំពុង​បន្ត​ជា​រៀងរាល់​ម៉ោង​”​។​

ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​បាន​និយាយថា មនុស្ស​ជាង​៣,០០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​គ្រោះមហន្តរាយ​នេះ​ដែល​បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​៣៦​ក្នុងចំណោម​ខេត្ត​ទាំង​៤៧​របស់​ប្រទេស​។​

ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​ព្រមាន​ថា មានការ​រំពឹងទុក​ថា​នឹងមាន​ភ្លៀង​ធ្លាក់​បន្ថែមទៀត​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃ​អង្គារ​ក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយ​ព្យុះ​នេះ​។​
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ប្រជាជន​ប្រមាណ​៣៤,០០០​គ្រួសារ​នៅតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ហើយ​ផ្ទះ​ចំនួន​១៣៣,០០០ ខ្នង​គ្មាន​ទឹកស្អាត​ប្រើប្រាស់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114