ជប៉ុន​ ផ្តល់​ថវិកា​ជាង​២៤​ម៉ឺន​ដុល្លារ​ សម្រាប់​គម្រោង​កែលំអ​ផ្លូវ​-​ស្ពាន​នៅ​ខេត្ត​ក្រចេះ និង​កំពត​

​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ជំនួយ​ឥត​សំណង​សរុប​ ២៤៩ ៥២៨ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កែលំអ​ផ្លូវ និង​ស្ពាន​នៅ​ខេត្ត​ក្រចេះ និង​កំពត ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​សម្រួល​ដល់​ផ្នែក​ដឹកជញ្ជូន​របស់​ប្រជា​សហគមន៍​។​

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥតសំណង ក្រោម​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិ សុខ​មនុស្សជាតិ​(​ជំនួយ​គូ​សាណូ​ណិ​) ដែល​ធ្វើឡើង​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ លោក​ ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា​(HORINOUCHI Hide hisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ថវិកា​ចំនួន ​៦២ ៦៣៨​ដុល្លារ ផ្តល់​ឲ្យ​សម្រាប់​គម្រោង​កែលំអ​ផ្លូវថ្នល់​ក្នុង​ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។ ចំណែក​ថវិកា​ចំនួន ១៨៦ ៨៩០​ ដុល្លារ​ទៀត ផ្តល់​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ លោក​ទូត ​បាន​បង្ហាញ​ភាព​ជឿជាក់​ថា គម្រោង​អភិវឌ្ឍន៍​នេះ នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ភាព​រស់រវើក តាមរយៈ​ម​ធ្យោបាយ​ធ្វើដំណើរ​ដែល​ល្អប្រសើរ​ដូចជា​ទៅកាន់​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​តំបន់​ផ្សេងៗ​ទៀត​។

លោក​ឯកអគ្គរាជទូត​ជប៉ុន​បន្ថែមថា ប្រទេស​ជប៉ុន​ នឹង​បន្ត​ចូលរួមចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​នៅ​កម្ពុជា តាមរយៈ​ក្របខណ្ឌ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ផ្សេងៗ រួម​ទាំង​ក្នុង​ក្របខណ្ឌ​ជំនួយ​គូ​សាណូ​ណិ។

យោងតាម​របាយការណ៍​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់​តាំងពី​ឆ្នាំ​១៩៩១ រហូត​មក​ដល់​បច្ចុប្បន្ន ជំនួយ​គូ​សាណូ​ណិ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ខ្នាតតូច​នៅ​កម្ពុជា មាន​ប្រមាណ​ជាង​៦០០​គម្រោង ដែលមាន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការលើកកម្ពស់​ការអប់រំ​នៅ​កម្រិត​មូលដ្ឋាន សុខាភិបាល​កម្រិត​មូលដ្ឋាន កសិកម្ម ជាដើម​៕

 


អត្ថបទ ៖ ​សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114