នារាត្រីថ្ងៃអង្គារ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតលើកទី២ ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ FIFA World Cup 2022 ដោយប្រកួតចាញ់ក្រុមជម្រើសជាតិបារ៉ែន ក្នុងលទ្ធផល ០-១ នៅពហុកីឡដ្ឋានជាតិ។
ការប្រកួតចាប់ផ្តើមជាមួយនឹងបរិយាកាសដូចសព្វដង ពោលគឺអ្នកគាំទ្រនៅតែបន្តមកចូលរួមទស្សនាពេញពហុកីឡដ្ឋាន។ ផ្តើមចេញពីការផ្លុំកញ្ចែចាប់ផ្តើមការប្រកួតរបស់អាជ្ញាកណ្តាល ក្រុមទាំងពីរ បានបង្កើតឱកាសរៀងខ្លួន តែមិនអាចទម្លុះសំណាញ់ទីបានឡើយ។
កម្ពុជា ដែលស្ថិតក្នុងការគ្រប់គ្រងបាល់បានច្រើន ពិសេសបាល់ខ្លីៗ តែងបញ្ជូនបាល់ចេញទៅកាន់តំបន់ប្រយុទ្ធ ដែលមានយុវជនវ័យ ១៧ឆ្នាំ សៀង ចន្ធា ព្យាយាមអូសបាល់សំរុកតំបន់គ្រោះថ្នាក់របស់បារ៉ែនជារឿយៗ តែមិនអាចរកគ្រាប់បាល់បាន និងវគ្គទី១នៃការប្រកួតបញ្ចប់ទៅដោយលទ្ធផល ០-០។
ចូលដល់វគ្គទី២ ក្រុមទាំងពីរនៅតែបន្តបង្កើតឱកាសបន្ថែមទៀត រហូតដល់នាទី ៧៨ កីឡាករ Al Aswad របស់ក្រុមជម្រើសជាតិបារ៉ែន បានទាត់បាល់ដែលប្លោងចេញពីការប្រទាញគ្នាក្រោយបាល់ជ្រុងកើតមាន និងបំប៉ោងសំណាញ់ទី ១ ទល់នឹង ០ ។
លទ្ធផលនេះនៅតែបន្តរហូតដល់ចប់ការប្រកួត ហើយ ៣ពិន្ទុ ក៏បានទៅបារ៉ែន ក្នុងពូល C ដែលជាលទ្ធផលជ័យជម្នះដំបូងគេបង្អស់ និងនាំឱ្យពួកគេឈរកំពូលតារាងមាន ៤ពិន្ទុ គ្រាដែល ១គូទៀត ហុងកុង ជួប អ៊ីរ៉ង់ នៅម៉ោង ១០យប់នេះ ។
ពហុកីឡដ្ឋានជាតិ របស់កម្ពុជា ផ្ទុកអ្នកគាំទ្របានរហូតដល់ទៅ ៥៥,០០០នាក់ ដែលជាស្ថិតិច្រើនជាងការប្រកួតលើកទី១ ជិត១ម៉ឺននាក់ ( ៤៥,៥០០នាក់) ។
ជម្រើស១១នាក់ដំបូងរបស់កម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), អ៊ុក សុវណ្ណ, សារ៉េត គ្រីយ៉ា, សឿយ វិសាល (ប្រធានក្រុម), ឆេង ម៉េង, សេត រ៉ស៊ីប, គួច សុកុម្ភៈ, អ៊ន ចាន់ប៉ូលីន, សុះ ស៊ូហាណា, កែវ សុខផេង, សៀង ចន្ធា៕