ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​កម្ពុជា ស្មើ​ជាមួយ ជម្រើសជាតិ​ម៉ុង​ហ្គោ​លី ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​

ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ ដែល​ធ្វើ​ឡើ​នៅ​លើ​ទឹកដី​កម្ពុជា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ស្មើ​ជាមួយ ក្រុម​ជម្រើស​ម៉ុង​ហ្គោ​លី ដោយ​លទ្ធផល ១​ទល់នឹង​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

នៅក្នុង​ការប្រកួត​ដែល​បាន​ចាប់​ផ្ដើម​នៅវេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច នេះ ម៉ុង​ហ្គោ​លី បាន​បើក​ការនាំ​មុខមុន​តាំងពី​នាទី​២២ ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Narmandakh Artag ក្រោយមក​កម្ពុជា ព្យាយាម​វាយបក​ជាច្រើន​ជាច្រើន​សារ ប៉ុន្តែ​មាន​ត្រឹមតែ​ឱកាស​ខ្លះៗ និង​មិនអាច​សម្រេច​ទី​ឡើយ ប៉ុន្តែ​រហូតដល់​នាទី​៣៥ ទើប​គ្រាប់​បាល់​របស់​កម្ពុជា បានកើត​ឡើង កើតចេញពី​បាល់​ពិន័យ ១១​ម៉ែត្រ ធ្វើបាន​សម្រេច​ដោយ​កីឡាករ កែវ សុខ​ផេង បន្ទាប់ពី​កីឡាករ​ម៉ុង​ហ្គោ​លី បង្ករ​កំហុស​លើ​កីឡាករ​កម្ពុជា ស៊ិន កក្កដា និង​បាន​រក្សា​លទ្ធផល ១-១ នេះ​ដល់​ចប់​ការប្រកួត​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ ការប្រកួត​ហាក់​មានការ​ប្រែប្រួល​នៅពេលដែល​កម្ពុជា បាន​ភាពខ្លាំង​ទាំង​កាយ និង​ចិត្ត ជាមួយនឹង​ការគ្រប់គ្រង​បាល់​ជាច្រើន និង​ឱកាស​ទាត់​សំដៅ​ទី ម៉ុង​ហ្គោ​លី ជាច្រើនលើក​ច្រើនសារ ប៉ុន្តែ​មិនអាច​រក​គ្រាប់​បាល់​បាន ហើយ​រក្សា​លទ្ធផល ១-១ ដល់​ចប់​ការប្រកួត ៩០​នាទី​ពេញ​។

លទ្ធផល​ស្មើ​នេះ នាំ​ឲ្យ​កម្ពុជា នៅតែ​មិនទាន់​អា​ចរក​ជ័យជម្នះ​បាន​ឡើយ​នា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ នេះ​សម្រាប់​ជម្រើស​ជាតិ​ឈុត​ធំ ក្នុងការ​ប្រកួត​មិត្តភាព ក៏ដូចជា​ជុំ​ទី​២ នៃ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក ដ្បិត​ធ្វើ​បាន​ត្រឹម​លទ្ធផល​ស្មើ និង​ចាញ់ ក្នុងចំណោម​៦ ប្រកួត យ៉ាងណាមិញ នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ កម្ពុជា អា​ចរក​ជ័យជម្នះ​បាន ២​ដង​ផងដែរ​។

បញ្ជាក់​ថា ​ការប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​នេះ គឺជា​ការ​ត្រៀម​សម្រាប់​ក្រុម​ទាំងពីរ ក្នុង​ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup qualification-AFC) ក៏ដូចជា​ពានរង្វាន់​ជើងឯក​អាស៊ី (2023 AFC Asain Cup) ក្នុងជំនួប​ទី​៥ ប្រចាំ​ពូ​ល C ទល់នឹង​ហុងកុង នៅ​ថ្ងៃទី​១៩ ខែ​ដដែល លើ​កោះ​ហុងកុង ស្រប​ពេលដែល ម៉ុង​ហ្គោ​លី យក​ការប្រកួត​នេះ​ត្រៀម​ប៉ះ មី​យ៉ាន់​ម៉ា​។

ការប្រកួត​លើក​ទី​៥ របស់​កម្ពុជា គឺ​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ​ហុងកុង នៅ​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ក្រោយ​ចប់​ការប្រកួត​ទី​៥ នឹង​មិន​មានការ​ប្រកួត​ទៀត​ឡើយ ដោយ​ក្រុម​ជម្រើសជាតិ​ទាំងអស់​នឹងត្រូវ​សម្រាក​រហូតដល់​ខែមីនា ឆ្នាំ ២០២០ ដោយ​ក្នុងនោះ កម្ពុជា បើកឆាក​ប្រកួត​ឆ្នាំ​ថ្មី ដែល​ត្រូវ​ជួប បា​រ៉ែ​ន នៅ​ថ្ងៃទី ២៦ ខែ មីនា នៅក្រៅ​ទឹកដី​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114