BREAKING NEWS
Search

ជម្រះ​មន្ទិលសង្ស័យ ​៖ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បញ្ជាក់​ពី​ប្រវត្តិ​របស់​ស្ត្រី​កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់​មាន​កូ​វីដ​-១៩

ភ្នំពេញ ​៖ ថ្មីៗ​នេះ​មានការ​បែកធ្លាយ​លិខិត​មួយ​ច្បាប់​របស់​ចៅសង្កាត់​សិត្បូ ផ្ញើ​ទៅកាន់​អភិបាលក្រុង​តាខ្មៅ ដោយ​បញ្ជាក់​ពី​ការ​រកឃើញ​ស្ត្រី​កងទ័ព​មួក​ខៀវ​ខ្មែរ​ម្នា​ក់បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ហើយ​ស្ត្រី​ម្នាក់​នេះ បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ជាច្រើន​ថែមទៀត ប៉ុន្តែ​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ច្រានចោល​ព័ត៌មាន​នេះ​ដោយ​អះអាងថា សាមី​ខ្លួន​មិនបាន​ជួប​ជាមួយ​អ្នកណា​នោះ​ទេ ក្រៅពី​សមាជិកគ្រួសារ​៤​នាក់​ប៉ុណ្ណោះ លោកស្រី​អះអាង​ថា ករណីនេះ ជាការ​ឆ្លង​ត​គ្នា​ពី​កងទ័ព​មួក​ខៀវ​កម្ពុជា​ផ្សេងទៀត ដោយ​ពុំ​ទាន់​មាន​ឆ្លង​ចូល​សហគមន៍​នៅឡើយ​ទេ។​

ទោះបី​មានការ​បញ្ជាក់​បែបនេះ​ក្តី ​នៅ​តែ​មាន​ការ​លើក​ឡើង​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ បង្កើត​ទៅជា​ការ​មន្ទិលសង្ស័យ​។ ដើម្បី​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​អះអាង​ថា កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២០ របាយការណ៍​របស់​ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ត្រូវ​បាន​ចែកចាយ​តាម​សង្គម FB ដែល​ក្នុង​របាយការណ៍​នោះ បាន​បង្កើត​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​មាន​ការផ្តល់​មតិយោបល់​ពី​ក្រុម​បណ្តាញ FB ដែល​ធ្វើអោយ​ប្រជាជន​ទូទាំងប្រទេស ពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ រហូតដល់​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បានចេញ​សេចក្តីជូនដំណឹង ដើម្បី​បញ្ជាក់​ផងដែរ​។

ដើម្បី​ឲ្យ​មាន​មូលដ្ឋាន​ច្បាស់លាស់​ពី​បញ្ហា​នេះ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​លើក​ឡើង​ថា ករណី​កម្លាំង​មួក​ខៀវ​ម្នាក់ ត្រឡប់​មកពី​បំពេញបេសកកម្ម​ជូន​ជាតិ​មាតុភូមិ​ជាមួយនឹង​យុទ្ធ​មិត្ត​របស់​គាត់​ចំនួន​៧៩​នាក់​ទៀត ត្រូវបាន​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី បាន​ពិនិត្យ​សុខភាព​យ៉ាង​ល្អិតល្អន់ ក្នុងនោះ​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤ ថ្ងៃ មុននឹង​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​។

ក្នុង​យន្តហោះ​ដែល​នាយទាហាន​មួក​ខៀវ​កម្ពុជា​ចំនួន​៨០​នាក់ ត្រូវធ្វើ​ដំណើរ​ក៏មាន​ទាហាន​មួក​ខៀវ​បង់​ក្លា​ដេ​ស​ចំនួន​១៣១​នាក់ រួម​ដំណើរ​ជាមួយ​ត្រឡប់​មក​ប្រទេស​គេ​វិញ​ដូចគ្នា ហើយ​បាន​មកដល់​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។ មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កម្លាំង​ទាំង​៨០​រូប ត្រូវ​បាន​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​មជ្ឈមណ្ឌល​ជាតិ រួម​សហការ​ជាមួយ​ក្រសួងសុខាភិបាល យក​សំណាក​ទៅ​ធ្វើ​ការពិនិត្យ រួច​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅ​ទីតាំង​ដែល​បានកំណត់​ក្នុង​សាលា PKO ។

អំឡុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក វិធានការ​របស់​ក្រសួងសុខាភិបាល​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត ក្រោម​ការតាមដាន​រប​ស់​ក្រុម​គ្រូពេទ្យ​។ បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​តែងតែ​រំលឹក​ជាប់​ជាប្រចាំ​ព្រមទាំង​ចុះទៅពិនិត្យ​ជាក់ស្តែង​នៅ​ជុំវិញ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៃ​កម្លាំង​ទាំង​៨០​នាក់ ការ​យក​សំណាក​លើក​ទី​២ និង​លើក​ទី​៣ អវិជ្ជមាន រហូតដល់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ បាន​ន័យ​ថា ២៤​ថ្ងៃ​ក្រោយមក ទើប​កម្លាំង​មួក​ខៀវ​ដែល​អវិជ្ជមាន ត្រូវ​បាន​ការណែនាំ​ពី​ក្រសួងសុខាភិបាល​អោយ​វិល​ទៅកាន់​គេហដ្ឋាន​រៀងៗ​ខ្លួន​វិញ ដោយ​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ពួកគាត់​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​នៅផ្ទះ​រៀងៗ​ខ្លួន​។

មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បញ្ជាក់​ថា បញ្ហា COVID-19 ជា​បញ្ហា​ប្រឈម​ដែល​ពិភពលោក​ទាំងមូល​មិនទាន់​មាន​សមត្ថភាព​រក​ឃើញ​វ៉ាក់សាំង រឺ​ថ្នាំ​ព្យាបាល​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ បានត្រឹមតែ​អនុវត្ត​វិធានការ​ការពារ​ដោយ​ឈរលើ​អនាម័យ​ជា​គោល​។ វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ត្រូវបាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក ហើយ​កម្លាំង​មួក​ខៀវ​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​នេះ​។

ទាក់ទង​បញ្ហា​នេះ​ខាងលើ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព សំណូមពរ​អោយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ឈរលើ​គោលការណ៍ “​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​” ដែលជា​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​ក្នុង​ឱកាស​ជួបជុំ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ។ “​សូម​ចេះ​សាមគ្គី​គ្នា ដោយ​មិន​សាចទឹក​ដាក់គ្នា​” “​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​”​។

មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្តីបារម្ភ​ទាំងឡាយ​របស់​ជនរួមជាតិ រួម​នឹង​លោក​ចៅសង្កាត់ ដែល​បាន​លើកឡើងថា “​ខ្ញុំ​បារម្ភ​ពលរដ្ឋ​ខ្ញុំ​ឆ្លង​កូ​វីដ​-១៩”​។ មិន​ត្រឹមតែ​លោក​ចៅសង្កាត់​ម្នាក់​ទេ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ប្រជាជន​កម្ពុជា​ទាំងមូល ពិសេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​យើង លោក​ពិតជា​បារម្ភ​មិន​ចាញ់​ពួកយើង​ឡើយ ប៉ុន្តែ​កូ​វីដ​-១៩ គឺជា​បញ្ហា​ដែល​យើង​ត្រូវ​មាន​មូលដ្ឋាន​ច្បាស់លាស់ មុននឹង​ចែករំលែក រឺ​ចេញ​សេចក្តីប្រកាស​ណាមួយ​ដែល​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ជាយថាហេតុ​៕
កោះ​កែវ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114