BREAKING NEWS
Search

ជាន់​ទី​៣​នៃ​ប្រាសាទ​បាយ័ន នឹង​ត្រូវ​បិទ មិន​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​បណ្ដោះអាសន្ន

សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ជាន់​ទី​៣​របស់​ប្រាសាទ​បាយ័ន​នឹងត្រូវ​បិទ​មិន​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ជា​បណ្ដោះអាសន្ន ដើម្បី​ជួសជុល​និង​អភិរក្ស និង​ខ្លាច​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​ក្នុងពេល​ធ្វើការ​ជួសជុល ដោយសារ​មាន​ចំណុច​គ្រោះថ្នាក់​ជាច្រើន​កន្លែង​។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៥​ ខែធ្នូ​នេះ​ថា ការ​បិទជា​ន់ទី​៣​នៃ​ប្រាសាទ​បាយ័ន​នេះ គឺ​ដោយ​បារម្ភ​ប៉ះពាល់​ពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​ក្នុង​ពេល​ជួសជុល ហើយ​ដើម្បី​ឲ្យ​ក្រុមការងារ​ធ្វើការ​ជួសជុល​ប្រាសាទ​មាន​ភាពងាយស្រួល​និង​មាន​ភាពរ​លួ​ន​។

លោក​បាន​បន្ដ​ថា អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស​ជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរណ៍​ជា​បណ្ដើរ​ហើយ​អាច​បិទ​ជា​ស្ថាពរ​នៅ​ខែមករា ដើមឆ្នាំ​២០២០​ខាងមុខនេះ។

កាល​ពី​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ ក្រុម​អ្នក​ជំនាញ​(ADHOC)​ផ្នែក​ការពារ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​(UNESCO) មួយ​ក្រុម​បាន​ចុះទៅ​ពិនិត្យមើល​គម្រោង​ជួសជុល​ប្រាសាទ​បាយ័ន​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន នៅ​តំបន់​អង្គរធំ ក្នុង​ខេត្តសៀមរាប។ ​ការ​ចុះទៅ​ពិនិត្យមើល​ផ្នែក​បច្ចេកទេស​ក្នុង​ការ​ជួសជុល​និង​ថែរក្សា​ប្រាសាទបុរាណ​នេះ ដើម្បី​ផ្ដល់​អនុសាសន៍​និង​ធ្វើ​បទ​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ពេញ អង្គ​លើក​ទី​២៦ និង កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ នៃ​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ អង្គរ​(​អាយ ស៊ី ស៊ី អង្គរ​)​ដែល​នឹង​ប្រ​ព្រឹ​តទៅ​នៅ​ថ្ងៃទី​១១​និង​ថ្ងៃទី​១២​ខែធ្នូ​ខាងមុខនេះ​។ អ្នក​ជំនាញ របស់​(ADHOC)​ដដែល​បានឃើញ​ពី​ហានិភ័យ​ពិតប្រាកដ​នៅតាម​ចំណុច​ខ្លះ របស់​ប្រាសាទ​បាយ័ន​។

បុគ្គលិក របស់​អង្គការ​ចា​សា​(JASA)​ជប៉ុន ដែល​កំពុងតែ​អនុវត្តន៍​គម្រោង ស្រាវជ្រាវ​នៅក្នុង​ប្រាសាទបាយ័ន​បាន​ឲ្យ​ដឹង​ថា ជាន់​ទី​៣​របស់​ប្រាសាទបាយ័ន​នឹងត្រូវ​បិទ​ជា​បណ្ដោះ​មិន​ភ្ញៀវ​ទេសចរណ៍ ចម្រុះ​ជាតិ​សាសន៍ ចូល​ទស្សនា​ចាប់​ថ្ងៃទី​១​ខែមករា ឆ្នាំ​២០២០ តទៅ​។ ​នៅ​ក្នុង​ពេល​ដែល​ក្រុម​អ្នក​ជំនាញ (ADHOC)​ផ្នែក ការពារ​បេតិកភណ្ឌ របស់ អង្គការ​យូណេស្កូ​(UNESCO)​មួយ​ក្រុម​បាន​អញ្ជើញ ចុះទៅ ពិនិត្យ មើល​បច្ចេកទេស នៃ​ការជួសជុល ដោយ​ផ្អែក​ទៅតាម​ការផ្ដល់​អនុសាសន៍ ផង​នោះ។

ប្រាសាទបាយ័ន ដែល​កសាង​ឡើង​តាំងពី​ចុង​សតវត្ស​ទី​១២​និង​ដើម​សតវត្ស​ទី​១៣​នៃ​គ្រី​ស្ដ សករាជ ដោយមាន​កម្ពស់​៣​ជាន់​នោះ​គឺ កំពុង​ប្រឈមមុខ​និង​ភាព​ទ្រុឌទ្រោម បណ្ដាល ឲ្យ​ជាន់​ទី​៣ នៃ ប្រាសាទ​នេះ មាន​ចំណុច​គ្រោះថ្នាក់ ចំនួន​ជាង​៥០​កន្លែង ហើយ​គួរ​ឲ្យ​ព្រួយបារម្ភ ចំពោះ សុវត្ថិភាព របស់​ភ្ញៀវ​ទេសចរណ៍​ចម្រុះ ជាតិ​សាសន៍ ដែល​តែង​ឡើង​ទៅ​ទស្សនា រាប់ពាន់នាក់​ក្នុង​១​ថ្ងៃៗ​ដែរ។

ចាប់​តាំង​ពី​អំឡុង​ឆ្នាំ ១៩៩៤ មក អង្គការ​ជប៉ុន បាន​ចាប់ផ្ដើម គម្រោង​ស្រាវជ្រាវ ទៅលើ បណ្ណាល័យ ទៅលើ ចម្លាក់​របស់​ប្រាសាទ ហេ​ដ្ឋា​រចនា សម្ព័ន្ធ នៃ​សំណង់ ព្រមទាំង​កន្លែង​គ្រោះថ្នាក់ ដែល កំពុង គំរាមកំហែង​ដល់​ប្រាសាទ​បាយ័ន នេះ ក៏ប៉ុន្តែ មិនទាន់​ចាប់ផ្ដើម គម្រោង ជួសជុល ប្រាសាទ​នេះ​ទាំងស្រុង នៅឡើយ​ទេ៕
គឿន​វេត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114