BREAKING NEWS
Search

ជិះ​ម៉ូតូ​ទៅ​ធ្វើការ​រោងចក្រ​ ត្រូវ​ចោរ​៥​នាក់​ ស្ទាក់​ប្លន់​យក​ម៉ូតូ​បាត់​ទាំង​ព្រលឹម​អុរ

ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ បាន​រង​របួស​ស្រាល​ ដោយសារ​ចោរ​ច្រាន​ផ្ដួល​ប្លន់ ម៉ូតូ​សេ​១២៥ ​មួយគ្រឿង ខណៈ​ដែល​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​រូប​នេះ កំពុង​ជិះ​ទៅ​ធ្វើការ​រោងចក្រ ត្រូវបាន​ជនសង្ស័យ​មួយក្រុម គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មកដល់​ស្ទាក់ចាប់​ច្រាន​ផ្ដួល​ប្លន់​ដណ្តើម​យក​ម៉ូតូ​ជិះ​គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ​ឆ្លងកាត់​វាលស្រែ​ចំណុច​ដំរី​កប់​កូន ភូមិ​តា​ភេ​ម សង្កាត់​កំបូល ខណ្ឌ​កំបូល។

ស្ត្រី​រងគ្រោះ​ព្រោះ​ចោរប្លន់​មាន ឈ្មោះ ធឹ​ម ស្រី​និ​ច អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​សា​ឡូង សង្កាត់​កំបូល ក្បែរ​កន្លែង​កើតហេតុ។ ចំណែក​ឯ​ម៉ូតូ ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បាត់ ត្រូវបាន​ជនរងគ្រោះ​អះអាង​ថា ម៉ាក​ហុងដា សេ​១២៥ ស៊េរី​០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GZ-3242។

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈ​ដែល​ដែល​ជិះ​ម៉ូតូ​ចេញពីផ្ទះ ឆ្ពោះ​ទៅ​ធ្វើ​ការងារ​រោងចក្រ ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ​ខាងលើ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មកដល់ ស្ទាក់​ចាប់​ឲ្យ​ឈប់ ទាញ​ច្រាន ផ្ដួល​ប្លន់​ដណ្តើមយក​ម៉ូតូ​បានសម្រេច​ហើយ នាំគ្នា​ជិះ​គេច​ទៅ​បាត់​អស់​ដោយ មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ។​

តាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ចំណុច​ទីតាំង​១​នេះ​ ឧស្សាហ៍​កើតមាន​ករណី​ប្លន់​បែបនេះ​ញឹក​ញាប់​ណាស់ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ ដោយ​ភូមិសាស្ត្រ​ខាងលើ ស្ងាត់​ល្អ ពលរដ្ឋ​ឆ្លងកាត់​ទី​នោះ​មិនសូវ​អ៊ូអរ​ឡើយ។

ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ត្រឹម​អង្គុយ​យំសោក​ស្តាយ​របស់ទ្រព្យ​ពី​ខ្លួន ហើយ​នគរបាល​ចុះ​ទៅ​ពិនិត្យ​សាកសួរ​ជាក់ស្តែង រួច​នាំទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​កំបូល ដើម្បី​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ចោរប្លន់​សកម្ម​ខាងលើនេះ​យកមក​ផ្ដន្ទាទោស​តាមច្បាប់ តែ​មិនដឹង​ថា​អាច​តាម​រក​ឃើញ ​ឬ​យ៉ាង​ណា​នោះទេ៕

អត្ថបទ ៖ វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114