ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ដួល​ស្លាប់ ពេល​រថយន្ត​បង្អង់​ឈប់​ដើម្បី​ទម្លាក់​សិស្ស​តាម​ផ្ទះ

បាត់ដំបង ​៖ ​​បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ខណៈ​ដែល​មាន​រថយន្ត​មួយគ្រឿង ដែល​ជា​រថយន្ត​ដឹកជញ្ជូន​សិស្សសាលា​ឯកជន​ បាន​បង្អង់​ឈប់​នៅ​ពីមុខ​ដោយមាន​ភ្លើង​ស៊ីញ៉ូ​អែប​ស្តាំ​ផង​ ហើយក៏​ត្រូវ​ម៉ូតូ​ជនរងគ្រោះ​បុក​ចំ​ពីក្រោយ​តែ​ម្តង នេះ​ដោយសារតែ​ការ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន។

បើ​យោង​តាម​របាយការណ៍​រ​បស់​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ គឺ​បាន​កើតឡើង នៅវេលា​ម៉ោង ១០​និង​៣០ នាទី ព្រឹក ថ្ងៃទី ១៤ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ក្នុង ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង រវាង​ម៉ូតូ​ និង​រថយន្ត។

លោក​ជា វណ្ឌី អធិការរង​ ទទួល​ផែន​សណ្ដាប់ធ្នាប់ ​បាន​បញ្ជក់​ថា នៅ​មុនពេល​កើតហេតុ គឺមាន រថយន្ត​១​គ្រឿង​ ម៉ាក​ទួរីស ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ ភ្នំពេញ​២AD ៩២០០​ ដែល​គេ​ស្គាល់​ថា អ្នក​បើកបរ​មានឈ្មោះ​ ហ៊ុន ឈុនលី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កំពង់ព្រះ​ ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ (​រត់​គេច​ខ្លួន) គឺ​រថយន្ត​នេះ​ បាន​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត។

លោក​អធិការរង​ បាន​បន្តថា លុះ​​ដល់​ចំណុច​ខាងលើ​ រថយន្ត​បាន​បើកភ្លើង​ស៊ីញ៉ូ​អែប​ចូល​ខាង​ស្តាំ ដើម្បី​ទម្លាក់​សិស្ស​តាម​ផ្ទះ​ ក៏​ស្រាប់​តែមាន ម៉ូតូ​ម៉ាក​ហុងដា ១ គ្រឿង ពណ៌​ខ្មៅ ស៊េរី​២០១៦​ពាក់​ស្លាក​លេខ​បាត់ដំបង​១AA១៣៤១ មក​បុក​ចំ​ពីក្រោយ​ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ ដោយ​អ្នកបើកបរ​ម៉ូតូ​នោះ មិន​ទាន់​មាន​នរណា​ស្គាល់​អត្តសញ្ញាណ​ឡើយ គឺជា​មនុស្ស​ប្រុស​វ័យ​ចំណាស់។

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ដឹក​យក​ទៅ​ផ្ញើ​នឹង​វត្ត​ស្វាយ​កង់ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ដោយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ខាង​មន្ទីរ​សាធារណការ​ខេត្ត ​កំពុង​ឆែក​ទៅលើ​ស្លាក​លេខ​ម៉ូតូ ដើម្បី​រក​អត្តសញ្ញាណ​អ្នក​ស្លាប់ រីឯ​រថយន្ត និង​ម៉ូតូ គឺ​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​ជា​បណ្ដោះអាសន្ន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114