BREAKING NEWS
Search

ជិះ​ម៉ូតូ​ ដេញ​បាញ់​មនុស្ស​ ដូច​បាញ់​ចាប កណ្ដាល​ក្រុង

កំពង់ចាម ​៖ ​កម្លាំង​សមត្ថកិច្ច កំពង់ចាម បាននិងកំពុង​តាម​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​បាញ់​មនុស្ស​យ៉ាង​អនាធិបតេយ្យ ទាំង​កណ្ដាលអធ្រាត្រ​ហើយ​គេចខ្លួន​បាត់ស្រមោល​។

ប៉ូលិស​បាន​ឲ្យ​ដឹងថា ករណី​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដេញ​បាញ់​ប្រើប្រាស់​អាវុធ​ខ្លី​ខាង​លើ​នេះ​ បាន​កើត​ឡើង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​ទី​2 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។

ប៉ូលិស​បាន​បន្ត​ថា​ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វា​ល​វង់ សហការ​ជា​មួយ​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ និង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវ​ជ្រាវ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ មានការ​បាញ់​ដោយ​ប្រើប្រាស់​អាវុធខ្លី​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​01​នាក់ ជិះ​ម៉ូតូ ម៉ាក​ហ្សូ​ម័​រ ពណ៌​ក្រហម បាន​ធ្វើ​សកម្មភាព បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​០២​នាក់ ដែល​ជិះ​ម៉ូតូ ម៉ាក់​សេ​125​ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​2018​ ក្នុងនោះ​មាន ៖ ១.​ឈ្មោះ ឡុ​ក ប៊ុន​លាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ បណ្តាលឲ្យ​រងរបួស​ធ្ងន់។ ២.ឈ្មោះ ឆុន ចិន្តា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជា​អ្នក​ឌុប ​រងរបួស​ស្រាល អ្នក​ទាំងពីរ​ នៅ​ភូមិ​គគរ​១ ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

តាម​ការ​បំភ្លឺ​ពី​ជនរងគ្រោះ គឺ​មុន​កើតហេតុ​ខាងលើ គឺ​ជនរងគ្រោះ​ទាំង២​នាក់ ​បាន​ជិះ​ម៉ូតូឌុប​គ្នា ហើយ​បើក​ជែង​ម៉ូតូ​១​គ្រឿង​ទៀត។ បន្ទាប់មក​ មាន​ជនសង្ស័យ​ម្នាក់​ បាន​ជិះ​ម៉ូតូ​មក​ដេញ​បាញ់​អ្នក​ទាំងពីរ រួច​ជនសង្ស័យ​គេចខ្លួនបាត់​តែម្តង​។

ប៉ូលិស​បានឲ្យ​ដឹងថា​ បន្ទាប់មក​ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរ​ខេត្ត​កំពង់ចាម​។

ករណី​ខាង​លើ​នេះ ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​រក​អត្តសញ្ញាណ​ជនសង្ស័យ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114