BREAKING NEWS
Search

ជិះ​រថយន្ត​មក​បាញ់រះ​ជាច្រើន​គ្រាប់ ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​បាក់ជើង​ម្ខាង​

តាកែវ​ ៖ ជនរងគ្រោះ​ម្នាក់​ បាន​រង​របួស​បាក់​ភ្លៅ​ជើង​ខាងស្ដាំ​ម្ខាង បន្ទាប់ពី​មាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ ​បាញ់​ប្រហារ​ជាច្រើន​គ្រាប់​នៅ​ស្រុក​សំរោង​។

ករណី​នេះ​ កើតឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា​ ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​១០​នាទី ​ស្ថិត​នៅ​តាម​ផ្លូវលំ​ខាងកើត​វត្ត​អង្គ​តា​ពៅ ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្ត​តាកែវ​។​

​ប៉ូលិស​ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ អៀ​ត សំអុល​ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ចំណុច​កើត​ហេតុ​ខាង​លើ។ នៅ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​ បាន​ជិះ​ម៉ូតូ​ពី​កើតមក​លិច ​លុះដល់​ចំណុច​ខាងលើ ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ជិះ​មក​ជិត​ ​ ហើយ​ទាញ​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់​ស្រោច​មក​លើ​ជនរងគ្រោះ ​បណ្ដាល​ឲ្យ​ធ្លាយ​កំភួនជើង​ស្ដាំ​និង​បាក់​ភ្លៅ​ស្ដាំ រួច​ជនសង្ស័យ​បាន​ជិះ​រថយន្ត​ចេញទៅ​បាត់ស្រមោល​។

​ប៉ូលិស​បន្ត​ថា ជនសង្ស័យ​បាន​បាញ់​ចំនួន​០៧​គ្រាប់​មក​លើ​ជនរងគ្រោះ​។ បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជ​ភ្នំពេញ។ ចំណែក​ជនសង្ស័យ​ខាងលើ បើ​តាម​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា​រួចហើយ​ និង​បន្ត​ស្វែងរក​ចាប់​ខ្លួន។ ចំពោះ​រឿង​បាញ់រះ​នេះ ​អាច​បណ្ដាលមកពី​ទំនាស់​រវាង​ជនរងគ្រោះ​និង​ជនសង្ស័យ​៕

អត្ថបទ៖ វីរៈ​