ជំនួយឥតសំណង​ទឹកប្រាក់​សរុប​ជាង ១៧​ម៉ឺន​ដុល្លារ​អាមេរិក របស់​រដ្ឋាភិបាល​ជប៉ុន​ត្រូវបាន​ចុះហត្ថលេខា​នៅ​រសៀល​ថ្ងៃនេះ

ភ្នំពេញ​ ៖ ក្រោម​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ជាតិ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ចំនួន​ពីរ នា​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន​ពីរ គឺ​លោក អ៊ុម វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម និង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​។

ក្នុង​ពិធី​នេះ ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ថ្លែង​ថា ថ្ងៃនេះ​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ចំនួន​ពីរ ក្នុង​នោះ​គម្រោង​ទី​មួយ​សម្រាប់​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ​៩០,០០០ ដុល្លារ​អាមេរិក​សម្រាប់​ការ​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ គម្រោង​នេះ​នឹង​ធានាបាន​នូវ​ការផ្គត់ផ្គង់​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​វាលស្រែ​និង​ពង្រីក​ដី​កសិកម្ម​ស្រោចស្រព​។ យើង​រំពឹង​ថា​ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់​ជាង ៥,០០០ នាក់ ដោយ​បង្កើន​ផលិតកម្ម​ដំណាំ​ស្រូវ តាមរយៈ​ស្តារឡើងវិញ​នូវ​ទំនប់ទឹក​ដោយ​ប្រើប្រាស់​ជា​ផ្លូវ​ដើម្បី​ដឹកជញ្ជូន ដំណាំ​កសិកម្ម​ឲ្យ​មាន​ភាព​ងាយ​ស្រល​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​គម្រោង​នេះ ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​មាន​ភាព​ប្រសើរ​ឡើង​។ ចំពោះ​គម្រោង​ទី​ពីរ សម្រាប់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៩០,០០០ ដុល្លារ​អាមេរិក សម្រាប់​ពង្រឹង​សហគមន៍​កសិកម្ម​តាមរយៈ​ការសាងសង់​ឃ្លាំង​ស្តុក ដំឡើង​ម៉ាស៊ីន​សម្ងួត​ម្រេច និង​ឧបករណ៍​កែច្នៃ​គ្រាប់ស្វាយចន្ទី ក្នុង​សហគមន៍​កសិកម្ម​ចំនួន​២ នៅ​ស្រុក​មេ​មុត និង​មួយទៀត​នៅ​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​។ យើង​រំពឹង​ថា ​ប្រជាកសិករ​ប្រមាណ ៤៥០​នាក់ ដែល​ជា​សមាជិក​របស់​សហគមន៍​កសិកម្ម​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​កែលម្អ​គុណភាព​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ និង​បន្ថែម​ខ្សែ​សង្វាក់​តម្លៃ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​អាជីវកម្ម​របស់​សហគមន៍​កសិកម្ម​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​អនុវត្ត​កម្មវិធី KUSANONE នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ១៩៩១​មក ។ រហូតមកដល់​ពេលនេះ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ផ្តល់​ជំនួយ​ច្រើន ជាង ៦០០​គម្រោង តាមរយៈ​ជំនួយ KUSANONE​។ ទាំង នេះ​បាន​ចូលរួមចំណែក​ដោយផ្ទាល់​ក្នុងការ​លើកកម្ពស់​គុណភាព នៃ​ជីវភាព​នៅ​កម្រិត​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​៕
សុង​យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114