BREAKING NEWS
Search

ជំពាក់​លុយ​​​ជិត​៣០០​ដុល្លារ​រយៈពេល​កន្លះ​ឆ្នាំ ​ពេល​ជាង​រុះរើ​ដំបូល​ប្ដឹង​បក​ទារ​៣​ពាន់​ដុល្លារ​វិញ

ភ្នំពេញ ៖ ផ្ទះមួយ​ល្វែង​​ ​សាងសង់ ​បាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​ ដោយ​ម្ចាស់ផ្ទះ​ជា​គ្រូបង្រៀន​គ្មាន​លុយ​សង​ជាងដែក​ថ្លៃ​ប្រក់​ដំបូល​ចំ​នួន​២៨០​ដុល្លា​រ ពេល​មក​ទារ​ម្ដងៗ​ថា​ថ្ងៃនេះ​ថ្ងៃ​នោះ​ និង ​ឲ្យ​ជាង​រុះ​ដំបូល​ចេញ​វិញ​ទៀត​ផង ​ដល់ពេល​ជាង​នាំគ្នា​មក​រុះ​មែន​ម្ចាស់ផ្ទះ​​​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ​និង ​ប្ដឹង​បក​ទារ​សំណង​ចំនួន​បី​ពាន់​ដុល្លារ​ទៅវិញ​ បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែមីនា ​ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​ផ្លូវលំ​ ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ភាគី​ខាង​ជាងដែក មានឈ្មោះ ធី ភក្តី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​ឈ្មោះ សេង ស្រី​ស្រស់ អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ មាន​កូន​ប្រុស​ម្នាក់ អាយុ​ជាង​១​ខួប។

ចំណែក​ឯ​ម្ចាស់ផ្ទះ​វិញ មានឈ្មោះ ឡ​ន សា​វ៉ែន ភេទ​ប្រុស មុខរបរ​ជា​គ្រូបង្រៀន សាលា​គោក​បញ្ជាន់។

តាម​ភាគី​ខាង​ជាងដែក​បាន​ឲ្យ​ដឹង​ថា ផ្ទះ​លោកគ្រូ​បង្រៀន​ខាងលើ ត្រូវ​បាន​ជួល​គាត់​មក​សាងសង់​ដំបូល ប្រក់​ស័ង្កសី ក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៦​មក​ម្ល៉េះ សម្ភារៈ​លើ​ម្ចាស់ផ្ទះ ថ្លៃឈ្នួល​ជាង​ចំនួន​២៨០​ដុល្លារ តែ​ពេល​ដែល​សង់​រួច ម្ចាស់ផ្ទះ​មិនបាន​ឲ្យ​ថ្លៃឈ្នួល​អូស​បន្លាយ​ពេល​៥​ខែ​មក​ហើយ ដល់​ជាងដែក​ទៅ​ទារ​លុយ​ឈ្នួល​ម្ចាស់ផ្ទះ​ម្តង​ថា​ថ្ងៃនេះ​ម្តងថា​ថ្ងៃនោះ លុះ​រហូតដល់​ថ្ងៃទី​២៧​ខែ​មីនា ឆ្នាំ​២០១៧ ជាងដែក​បាន​ទាំង​ប្រាប់​ទៅ​ម្ចាស់ផ្ទះ ប្រាប់​ទាំង​មេភូមិ ជុំវិញ​រឿង​រុះ​ដំបូល​ផ្ទះ ក៏ប៉ុន្តែ​ខណៈ​ដែល​ជាង​ទៅ​រុះរើ​ដំបូល ម្ចាស់ផ្ទះ​ទាំង​ប្តី ប្រពន្ធ​មិនបាន​នៅផ្ទះ នៅតែ​កូនក្មួយ ជាង​រុះរើ​ប្រ៉ា​វ យក​ដំបូល​ទៅ​បាត់​អស់ ម្ចាស់​មកវិញ​ខឹង​ប្តឹង​ប៉ូលិស រក​ខុសត្រូវ។

តាម​សម្តី​ភាគី​ម្ចាស់ផ្ទះ​វិញ​បាន​ឲ្យ​ដឹង​ថា គាត់​មិនបាន​ឲ្យ​ជាង​រុះរើ​ដំបូល​ឡើយ គ្រាន់តែ​ប្រាប់​ថា លុយ​ជំពាក់​រង់​ចាំ​សង រំ​លស់​មួយ​ខែ​១០០​ដុល្លារ ក៏ដោយ​សារ​គាត់​ក៏​ជា​អ្នក​អត់​ដែរ ។ ​​ពេលដែល​ជាង​មក​រុះ មិនបាន​ប្រាប់​គាត់​ឡើយ ធ្វើ​ឲ្យ​ខូចខាត ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ភ្លៀង​ទទឹក អី​វ៉ាន់ ទើប​គាត់​ខឹង​ប្តឹង​ប៉ូលិស។

ក្នុង​ការ​សម្របសម្រួល​គ្នា​នៅ​ប៉ុស្តិ៍នគរបាល ភាគី​ខាង​ជាង បាន​សារភាព​ថា ខ្លួន​ខឹង​ពេក ហើយ​ម្ចាស់ផ្ទះ​ក៏បាន​ជំរុញ​ឲ្យ​រុះរើ​ផង​ដែរ ​ពេល​រុះរើ​ស្រាប់តែ​ប្ដឹង​គាត់​ទៅវិញ តែ​ទោះ​យ៉ាងណា​គាត់​សុំ​សម្រួល​នឹង ដាក់​ដំបូល​ស័ង្កសី​ថ្មី​សង​ឲ្យ​វិញ​ដោយ​មិន​យក​ថ្លៃឈ្នួល​ទេ តែ​ភាគី​ម្ចាស់ផ្ទះ​ទាមទារ​សំណង់​៣​ពាន់​ដុល្លារ​បក​ត្រឡប់​វិញ ទើប​ការ​សម្របសម្រួល​នៅ​ប៉ុស្ដិ៍​មិន​ត្រូវ​រ៉ូវ​គ្នា​នោះឡើយ​រង់ចាំ​ដោះស្រាយ​បន្ដទៀត៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114