BREAKING NEWS
Search

ជ័រ ពៅ ជួប ឃុម សែន ឯ អេលីត ភក្តី ជួប ផេត សាកេត លើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ

អ្នកប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ជ័រ ពៅ ក្លិបថ្មគោល​ពោធិសែនជ័យ ត្រូវគេ​ផ្គូឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ឃុម សែន ផ.វ៉ារ៉ារ៉ាក់(Khumsen Por.Wakrarak)​។ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

ឃុមសែន ផ.វ៉ារ៉ារ៉ាក់ អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុកខ្មែរ​ប៉ុន្មាន​លើក​ហើយ​កន្លង​មក ។ ឃុមសែន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ៦៧លើក ចាញ់​១០​លើក មិនដែលស្មើ។ ជា​លើក​ទី​៧ របស់ ជ័រ ពៅ ដែល​បានជួប​ប្រកួត​ជាមួយថៃ​នេះ។ ជ័រ ពៅ ទោះជា​គេទើប​បាន​ផ្គូផ្គង​ឲ្យ​ជួប​បរទេស​ក៏ដោយ ក៏ចិត្តរបស់គេពុំមានភ័យខ្លាចសូម្បីបន្តិចដែរ។

គេ​ទើប​ឡើង​ប្រកួត​បាន​ប្រមាណ​៥២​លើក​ប៉ុណ្ណោះ ក្នុងនោះ វាយឈ្នះ​៣៦​លើក ចាញ់​១៣​លើក និង​ស្មើ​០៣​លើក ហើយ​ធ្លាប់​ផ្ដួល​ដៃគូឲ្យសន្លប់បានចំនួន២៨លើក។ ឃុម​សែន ផ.វ៉ារ៉ារ៉ាក់ គេជាអ្នក​ប្រដាល់​ជើង​ចាស់។ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ច្រើន​លើក​ហើយ​កន្លង​មក។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​បើតាមការ​បង្ហើប​ឲ្យដឹង​ពី​អ្នក​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ។ ឃុមសែន ផ.វ៉ារ៉ារ៉ាក់ គេល្អនិងខ្លាំង ដែល​មិន​អាច​មើល​ស្រាល​បាន​ឡើយ។

អ្នក​ប្រដាល់​ថៃ​រូបនេះ ប៉ះ​ជា​មួយ​ជ័រ ពៅ លើក​នេះ គឺ​មិន​ជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា ជ័រ ពៅ គេ​វាយ​បុក​ខ្លាំង កណ្តាប់ដៃ​កែង​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែយ៉ាងណា ជ័រពៅ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការ​ប្រកួត​លើក​នេះ។ ដូច្នេះ​ចាំ​មើល តើ ជ័រ ពៅ និង ឃុមសែន ផ.វ៉ារ៉ារ៉ាក់ នរណាឈ្នះ?។ ចំពោះ​ អេលីត ភក្តី អ្នកប្រដាល់​ជើងខ្លាំង​ស្រករ​ក្រោយក្លិប​ឆ្មាសសែនសុខគុន​ខ្មែរគេ​នឹងត្រូវ​តស៊ូ​ជាមួយអ្នក​ប្រដាល់​ថៃ ផេត សាកេត ប្រាន២៦ (Phetchsaket Pran 26 ) ដោយ ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូ​ក្រាម។ អ្នកប្រដាល់ថៃរូបនេះ កន្លងមក​មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​ឡើយ។ ដូច្នេះ នេះជា​លើក​ទី១​ហើយ ដែល​ ផេត សាកេត ប្រាន២៦ មកជួបប្រកួតជាមួយអ្នកប្រដាល់​ អេលីត ភក្តី ហើយ​ក៏​ជា​ជំនួប​លើក​ដំបូង​របស់ អេលីត ភក្តី ដែរ។

អេលីត ភក្តី ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់​នៅ​កម្ពុជា។ គេមាន​កណ្ដាប់ដៃ និង​ជើង​ទាត់​ខ្លាំង វាយ​ចេញ​ចូល​រហ័ស ហើយស្នៀតកែង​ និង​ជង្គង់ ក៏ល្អថែមទៀត។ អ្នកប្រដាល់រូបនេះ មានកម្លាំង​ស៊ុហ្វ​ខ្លាំង​រឹងមាំ និង​ ស៊ូ​ចំពោះ​ការ​ប្រកួត។

ភក្តី មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៥៥​លើក ក្នុង​នោះ​វាយ​ឈ្នះ​៤២​លើក​ចាញ់ និង​ ១៣​លើក មិនដែល​ស្មើ និង​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ជា​ច្រើន​លើក។ គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​ធំ វាយមិន​សំចៃ​ដៃ​ឡើយ។

អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ ទើបតែ​វាយ​ឈ្នះ​អ្នក​ប្រដាល់​មីយ៉ាន់ម៉ា​នៅ​សង្វៀនក្រៅស្រុក។ ប៉ុន្តែយ៉ាង​ណា អេលីត ភក្តី មិនអាចមើលស្រាលផេត សាកេត ប្រាន២៦ បានទេ ព្រោះថា​អ្នកប្រដាល់​ថៃរូប​នេះ គេក៏មានផ្លែល្អ និង កលល្បិច​ខ្ពស់​ដែរ។

ផេត សាកេត ប្រាន២៦ ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ​នៅ​ស្រុកថៃ។បើតាម​ដំណឹង​ថា អ្នកប្រដាល់​ថៃរូបនេះ ធ្លាប់​ប្រកួត​បាន​៧២​លើក ឈ្នះ​៥៩​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក។ ចាំ​មើល អេលីត ភក្តី តើ​គេ​អាច​យក​ឈ្នះ​ផេត សាកេត ប្រាន២៦ បានដែរឬអត់?។

ចំណែក ការ​ប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ គង់ សំបូរ អ្នកប្រដាល់​ក្លិបគុហារព្រហ្មជ័យ​ខេត្ត​សៀម​រាប ត្រូវ​គេ​ផ្គូ​ឲ្យ​ជួបប្រកួតជា​មួយ ម៉ន ព្រហ្មម៉ាញ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ព​ជើង​គោក។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ យ៉ាងណា រវាងពួកគេ​ពីរនាក់​នេះ បើទោះជា គង់ សំបូរ ខ្លាំងយ៉ាង​ណា​ក៏ដោយ ក៏​លើក​នេះ​ពុំ​មាន​នរណា​ហ៊ាន​អះអាង​ថា សំបូរ​ឈ្នះ​ម៉ន ព្រហ្មម៉ាញ​ នោះ​ដែរ។ ចាំ​មើល តើ គង់ សំបូរ អាចយកឈ្នះ ម៉ន ព្រហ្មម៉ាញ បាន​ឬ​អត់?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114