ជ័រ ពៅ វិល​មក​ប្រកួត​វិញ ជួប​ជាមួយ រឿ​ម វ​ណ្ណះ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ គូ​សន្សំ​ប្រាក់​លាន កែវ សំរិទ្ធ ជួប មាស សុជាតិ

អ្នក​ប្រដាល់​ស្រករ​ក្រោយ ជ័រ ពៅ ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​វិល​ត្រឡប់​មក​ប្រកួត​វិញ​ហើយ​បន្ទាប់ពី​ជា​ជើង ដែល​មាន​របួស ​ដោយ​សា​រ​ប្រកួត​ជាមួយ​ថៃ​បាក់ឆ្អឹង​ប្រអប់ជើង​ កាលពី​ខែ​កុម្ភៈ​កន្លងមក​នោះ។ ជ័រ ពៅ មក​លើក​នេះ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់​រឿ​ម វ​ណ្ណះ ក្លឹប​អប់រំ​កាយ​កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​យប់​ថ្ងៃ​សៅរ៍​ទី​២៣​ឧសភា​ ២០២០​នេះ នៅ​លើ​សង្វៀន​បិទ​ទ្វារ​រវ៉ើក​បាយ័ន​ស្ទឹងមានជ័យ។

​រឿ​ម វ​ណ្ណះ និង ជ័រ ពៅ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក​។ វ​ណ្ណះ ប៉ះ​ជាមួយ ជ័រ ពៅ នេះ មើល​ទៅ​ប្រហែលជា​លំបាក​ ក្នុង​ការ​យកឈ្នះ​ហើយ ព្រោះ​បើ​មើល​ពី​កម្លាំង​កាយសម្បទា កម្លាំងចិត្ត និង​សមត្ថភាព​បច្ចេកទេស គឺ​ជ័រ ពៅ ថិ​ត​នៅ​ប្រៀប​ឈ្នះ​ច្រើនជាង​វ​ណ្ណះ​។ តែ​យ៉ាងណា ជ័រ ពៅ ទើបតែ​ជា​ជើង​ទេ មិន​ដឹង​ថា គេ​វាយ​បាន​ល្អ​ដូច​មុន​ឬ​យ៉ាងណា​នោះ​ទេ ?។

​អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លឺប​កុសល​កីឡា ត្រូវ​គេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​ធន អៀង​ឡៃ អ្នក​ប្រដាល់​ក្លឹប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ពីរ​នាក់​នេះ ធ្លាប់​ប៉ះ​គ្នា​ម្តង​ហើយ​កន្លងមក ដោយ​ចាន់​រាជ វាយ​ចាញ់​អៀង​ឡៃ​ដោយ​ពិន្ទុ ដូច្នេះ​នេះ​ជា​ការ​ជួប​សងសឹក​រប​ស់​អេ​រ៉ា​វ៉ាន់ ចាន់​រាជ​ហើយ ធន អៀង​ឡៃ មិន​ជា​អ្នក​ប្រដាល់​ខ្លាំង​ឬ​ល្បីឈ្មោះ​នោះ​ទេ តែ​គេ​វាយ​ខ្លាំង​កណ្តាប់​ដៃ​រហ័ស ជើង​ទាត់​ក៏​ខ្លាំង​ដែរ។ ចាំ​មើល អេ​រ៉ា​វា់ន់ ចាន់​រាជ សងសឹក​អៀង​ឡៃ​បានសម្រេច​ឬ​អត់​?។

​ទោះជា​យ៉ាង​ណា​ក្តី សម្រាប់​ការ​ការ​ជួប​គ្នា​រវាង​អេ​រ៉ា​វ៉ាន់ ចាន់​រាជ និង ធន អៀង​ឡៃ​នេះ ពុំ​មាន​អ្នកណា​ហ៊ាន​ទាយ​មុន​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះ​ឡើយ។ ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​សន្សំ​ប្រាក់​លាន​វិញ​នោះ កែវ សំរិទ្ធ អ្នក​ប្រដាល់​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ មាស សុជាតិ អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង​កីឡា ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។ មាស​សុជាតិ ជា​អ្នក​ប្រដាល់​ជើងចាស់ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​និង​វាយតម្លៃ​មុន​ប្រហែលជា​ពិបាក​ ក្នុង​ការ​យកឈ្នះ​លើ កែវ សំរិទ្ធ ហើយ ព្រោះ​សំរិទ្ធ​ទើបតែ​បាន​ផ្តួល​យកឈ្នះ​ជើង​ខ្លាំង​ជើងចាស់​ធា នុ​រាជ ក្លឹប​មកុដ​រាជសីហ៍ ហើយ​បាន​ឡើង​មក​ជុំ​ទី​២​នេះ។ ចាំ​មើល កែវ សំរិទ្ធ អាច​យកឈ្នះ​មាស សុ​ជាតិ​មួយទៀត​បាន​ឬ​អត់​នោះ ? ៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា បើក​កិច្ចប្រជុំ​ជាមួយ​ក្លិប​ទាំង ១៣ ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រកួត​ពាន​ធំៗ​ពីរ