ឈឿន ឆៃ​ដែន ជួប កា​ថា​វុ​ធ ឯ ឆៃ សា​រ៉ា ជួប ផេ​ត​ក្លា នៅ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា គឺ​ ឈឿន ឆៃ​ដែន និង ​ឆៃ សា​រ៉ា អ្នក​ប្រដាល់​ជើង​ខ្លាំង​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មករា​ ឆ្នាំ​២០២០​នេះ។​

ឈឿន ឆៃ​ដែន នេះ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ កា​ថា​វុ​ធ សរ​.​វ៉ា​ត់​ចា​រ៉ា ជី​ម​(Kathawut Sor.Watchara Gym) ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​កន្លងមក ដោយ​បាន​វាយ​ឈ្នះ រិ​ទ្ធ ប៊ុន​ម៉ៅ ក្លិប​អាណាចក្រ​គុន​ខ្មែរ។​

កា​ថា​វុ​ធ ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ។ បើតាម​ប្រវត្តិ​ប្រកួត​របស់​អ្នក​ប្រដាល់​ថៃ​រូប​នេះ បាន​បង្ហាញថា អ្នក​ប្រដាល់​ថៃ​រូបនេះ មិនអាច​មើលស្រាល​បានទេ។ គេ​ល្អ​ទាំង​ការ​ការពារ និង វាយលុក។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​លើក ឈ្នះ​៦៥​លើក និង​ចាញ់​១១​លើក។ តើន​រណា​ជួប​សំណាងល្អ រវាង​ឈឿន ឆៃ​ដែន និង កា​ថា​វុ​ធ​សរ​.​វ៉ា​ត់​ចា​រ៉ា ជី​ម?។​

ឆៃ​ដែន គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែលមាន​កាយសម្បទា រឹងមាំ និង វាយ​ខ្លាំង និង ​ធ្លាប់​ផ្ដួល​ជើង​ចាស់​អស់​ច្រើន​នាក់​មកហើយ​។​ តែ​យ៉ាងណា ឈឿន ឆៃ​ដែន មិនអាច​មើលងាយ​ចំពោះ​ ផេ​ត​ក្លា នោះ​ឡើយ ព្រោះ ​ផេ​ត​ក្លា ​នេះ ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​កម្ពុជា​យើង​ម្នាក់។

មួយរយៈ​នេះ ឈឿន ឆៃ​ដែន ព្យាយាម​ស្ដារ​កេរ្តិ៍​ឡើងវិញ​សម្បើម​ណាស់ តែ​អ្វីៗ​នៅ​មិនទាន់​វិល​មក​ដូចដើម​នៅឡើយ​ទេ ដោយសារ​គេ​មាន​បញ្ហា​ជង្គង់។ បន្ទាប់ពី​មាន​បញ្ហា​ជង្គង់​នេះ​មក ឆៃ​ដែន បាន​ផ្អាក​ឡើង​ប្រកួត​ប្រមាណ​៤​ខែ ដោយ​ទើបតែ​វិល​ចូល​សង្វៀន​វិញ​នា​ថ្ងៃទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ហើយ​បាន​វាយ​ស្មើ​ជាមួយ​​ផេ​ត ណា​ធី។ ឆៃ​ដែន គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ទាំង​ការការពារ ទាំង​ការ​វាយ​លុក តែ​ជើង​ក្រោម​របស់គេ​មិន​រឹងមាំ​នោះឡើយ តែ​បន្ទាប់ពី​គេ​ព្យាបាល​ហើយ​នោះ គូប្រកួត​ក៏​មិន​ងាយ​នឹង​វាយប្រហារ​គេ​បានដែរ។

យ៉ាងណា គេ​មិន​ហ៊ាន​អះអាង​មុន​ថា ឈឿន ឆៃ​ដែន អាច​យកឈ្នះ​កា​ថា​វុ​ធ ក្នុង​ការជួប​ប្រកួត​គ្នា​លើក​ដំបូង​នេះ​ទេ។ ចាំមើល រវាង​ឈឿន ឆៃ​ដែន និង កា​ថា​វុ​ធ សរ​.​វ៉ា​ត់​ចា​រ៉ា ជី​ម នេះ តើន​រណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នោះ?។
ចំពោះ ឆៃ សា​រ៉ា រ៉ា អ្នក​ប្រដាល់​ជើង​ខ្លាំង សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​វិញ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ផេ​ត ក្លា សានី​ត​មួយ​ថៃ​(Petchkla Sanit muaythai) ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។​

ឆៃ សា​រ៉ា ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​គួរសម​ដែរ ហើយក៏​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ល្អ​ផងដែរ។ នេះ​ជា​លើក​ទី​១ សម្រាប់​ឆ្នាំ​២០២០​នេះ ដែល​ឆៃ សា​រ៉ា ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​ថៃ​។ ជា​ទម្លាប់​របស់​ សា​រ៉ា គេ​ឡើង​ប្រកួត​ច្រើន​វាយ​មិន​យោគយល់​អ្វី​នោះទេ។​

ចំពោះ ផេ​ត ក្លា វិញ គេ​ជា​អ្នក​ប្រដាល់​ថៃ​ដែល​អាច​ចាត់ទុកថា​ជា​ចំណូល​ថ្មី ក៏​ថា​បាន​ដែរ ព្រោះ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​តែម្ដង​ប៉ុណ្ណោះ ដោយ​ជួប​ប្រកួត​ជាមួយ ​រិ​ទ្ធ ​ប៊ុន​ម៉ៅ ​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ កាលពី​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​គួរ​សម។

ទោះជា​យ៉ាងនេះ​ក្តី ឆៃ សា​រ៉ា គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ មិនជា​ចាញ់​ផេ​ត ក្លា ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​យ៉ាង​ណា​សម្រាប់​ការ​ជួបគ្នា​លើក​នេះ សា​រ៉ា គឺ​មិន​ពិបាក​ឡើយ ព្រោះ​គេ​មាន​តិចនិក​ល្អ​ជាង ​ផេ​ត​ក្លា ។ តែ​យ៉ាងណា សា​រ៉ ក៏មាន​ផ្លែ​ល្អ​ដែរ។ ដូច្នេះ ក្នុង​ការជួប​ប្រកួត​គ្នា​លើក​នេះ គឺ​មិនអាច​ទាយ​មុន​ថា ផេ​ត ក្លា​ឈ្នះ ឬ ឆៃ សា​រ៉ា ឈ្នះ​នោះឡើយ?។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាស សារ៉ាក់ អ្នក​ប្រដាល់​ដែល​មកពី​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គង់ ហ៊ូ​វ ក្លិប​គុហារ​ព្រំ​ជ័យ​ខេត្ត​សៀមរាប ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ពួកគេ​ទាំងពីរ មិន​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​ពីមុនមក​។​

គង់ ហ៊ូ​វ បាន​បាត់​មុខ​ពីស​ង្វៀន​យូរហើយ។ ការវិល​មកវិញ​លើក​នេះ មិនដឹងថា​គេ​នៅ​វាយ​ល្អ ​និង​ខ្លាំង​ដូច​មុន​ ឬ​យ៉ាងណា​នោះ​ទេ។ គង់ ហ៊ូ​វ មាន​ស្នៀត​ទាត់​និង​ជង្គង់​កែង​ល្អ​ណាស់ ដូច្នេះ​ប្រហែល​ជា​មិន​យ៉ាប់​ប៉ុន្មាន​ទេ​ក្នុង​ការជួប​មាស សារ៉ាក់ ​លើក​នេះ។ ដូច្នេះ មាស សារ៉ាក់ មិន​អាច​ធ្វេស​ប្រហែស​បានឡើយ។ ចាំមើល មាស សារ៉ាក់ អាច​យកឈ្នះ គង់ ហ៊ូ​វ បានដែរ​ឬ​អត់​?៕


អត្ថបទ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114