ដាច់ខ្សែកាបយោងសសរគ្រឹះ វាត់​ត្រូវ​កម្មករ​ខ្មែរ ស្លាប់ ១ របួស ៤ នៅប្រទេសថៃ
BREAKING NEWS
Search

ដាច់ខ្សែកាបយោងសសរគ្រឹះ វាត់​ត្រូវ​កម្មករ​ខ្មែរ ស្លាប់ ១ របួស ៤ នៅប្រទេសថៃ

ប្រទេសថៃ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរម្នាក់ដែរ  ដែលបានបាត់បង់ជីវិត  នៅក្នុងចំណោម ពលករខ្មែរដែលរងរបួសសរុប ៥ នាក់  ខណៈដែលពួកគេកំពុងធ្វើការនៅក្នុងការដ្ឋានជាធម្មតា  ហើយក៏ត្រូវខ្សែកាបដែលកំពុងយោងសសរគ្រឹះ បានដាច់ និងបានវាត់រះមកលើពួកគេទាំងអស់គ្នាតែម្តង ។

យោងតាមការផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ  បានបញ្ជាក់ថា  ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២៩  ខែ ឧសភា ឆ្នាំ ២០២០  វេលាម៉ោង ១១ និង ៣០ នាទី  ត្រង់ចំណុចក្នុងក្រុមហ៊ុនចាក់បេតុង សសរគ្រឹះមួយកន្លែង  ស្ថិតក្នុងភូមិ ៣  ឃុំដុងឃីលេខ  ស្រុកមឿង  ខេត្តប្រាជីនបុរី  ប្រទេសថៃ ។

ព័ត៌មានបានបន្តថា  នៅពេលនោះដែរក៏មានវត្តមានរបស់លោក រ៉ុនរ៉ុង ណាខនចិន្តា  អភិបាលរងខេត្ត  រួម​ជាមួយនឹងលោកអភិបាលស្រុកមឿង  និងសមត្ថកិច្ចជំនាញ  បានចុះទៅពិនិត្យដល់ក្នុងការដ្ឋានរបស់ក្រុមហ៊ុន​បានសង្គេតឃើញថា  ខ្សែកាបបានដាច់វាត់ទៅលើកម្មករខ្មែរ ដែលកំពុងអង្គុយធ្វើការ បណ្តាលអោយរងរបួស ៤ នាក់  និងស្លាប់ ១ នាក់ ។

ពលករខ្មែរដែលរងរបួស  និងត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះនោះ មានឈ្មោះ ១. វ៉ន វ៉ន  ភេទស្រី  អាយុ ៤៣ ឆ្នាំ  ២. ឈ្មោះ សូនី  ភេទស្រី  អាយុ ២០ ឆ្នាំ  ៣. ឈ្មោះ វី តឹក  ភេទប្រុស  អាយុ ៣២ ឆ្នាំ  និង ៤. ឈ្មោះ ថូ ញ៉ែម  ភេទប្រុស  អាយុ ៤១ ឆ្នាំ  ដោយឡែកមនុស្សស្រីដែលស្លាប់មានឈ្មោះ ថៃ កែន  អាយុ ២៨ ឆ្នាំ  ពួកគេសុទ្ធសឹងជាកម្មករស្របច្បាប់ទាំងអស់ ។

នៅក្នុងពេលនោះដែរ  លោកអភិបាលរងខេត្ត  ក៏បានបញ្ជាក់ទៅអង្គភាពជំនាញ  អោយសិក្សាទៅលើរឿងនេះ ព្រោះវាគឺជាការគ្រោះថ្នាក់មួយ នៅក្នុងម៉ោងការងារ  ពិសេសគឺខាងធានារ៉ាប់រងអាយុជីវិត កម្មករឆ្លងដែន ប្រចាំខេត្ត ប្រាជីនបុរី ៕ សោ និយមរ័ត្ន