ដី​ដែល​គេ​លួច​ចាក់​លុប​ដើម​កោង​កាង​នៅ​មាត់សមុទ្រ នៃ​ភូមិសាស្ត្រ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ត្រូវ​អាជ្ញាធរ​ខេត្ត​កំពត​បញ្ជា​ឲ្យ​កាយ​ចេញ​វិញ​ហើយ​

កំពត ៖ ដី​ដែល​គេ​ចាក់​លុប​ព្រៃកោងកាង​ចំណុច​មាត់​ឆ្នេរសមុទ្រ ស្ថិតក្នុង​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​ លោក ជាវ តា​យ អភិបាលខេត្ត​ខេត្ត​កំពត បញ្ជា​ឲ្យ​គ្រឿងចក្រ​កាយ​យក​អាចម៍ដី​ចេញ​ហើយ​ កាលពី​រសៀល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២០ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២០​នេះ គ្រឿងចក្រ​ នៅតែ​បន្ត​កាយ​យក​អាចម៍ដី​ជា​បន្តបន្ទាប់​ទៀត​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​និយាយថា សកម្មភាព​ចាក់​ដី​ក្នុង​មាត់សមុទ្រ​នេះ​បាន​កើតឡើង​ប្រហែល​១០​ថ្ងៃ​មកហើយ ដោយ​គេ​ឃើញ​រថយន្ត​លួច​ឆ្មក់​ដឹក​ដី​មក​ចាក់​ម្តង​មួយ​ឡានៗ ហើយ​សកម្មភាព​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​គ្មាន​រំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​បន្តិច​ឡើយ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ជំនាញ ដើម្បី​ចុះមក​ពិនិត្យ​តែម្តង​។​

​ក្រោយពី​មាន​សេចក្ដីរាយការណ៍ មាន​ជនខិលខូច​ចាក់ដី​ទន្ទ្រាន​លុប​ព្រៃកោងកាង​នៅ​មាត់​ឆ្នេរ​សមុទ្រ ចំណុច​សហគមន៍​ព្រែក​ត្នោត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ចុះ​មក​ត្រួតពិនិត្យ​ផ្ទាល់ ដោយបាន​បញ្ជា​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ត្រូវតែ​កាយ​អាចម៍ដី​ដែល​ចាក់​លុប​មាត់សមុទ្រ​នេះ​ចេញ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​សូមជម្រាបថា បន្ទាប់ពី​មាន​ករណី​ចាក់ដី​នៅ​មាត់​នៅ​មាត់សមុទ្រ​នៅ​ឃុំ​ព្រែក​ត្នោត នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ គេ​ឃើញ​វត្តមាន​ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត លោក ឃុន សាវឿន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ លោក អេង ជា​សាន ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល បាន​ចុះ​ពិនិត្យមើល​ទិដ្ឋភាព​ជាក់ស្ដែង ដោយ​ខណៈ​នោះ លោក​អភិបាល​ខេត្តកំពត ក៏បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​កាយ​ដី ដែល​រំលោភ​ព្រៃ​កោងកាង នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ចេញ​វិញ​ជាបន្ទាន់​។​

​ជាមួយនេះដែរ លោក​អភិបាលខេត្ត ក៏បាន​លើក​បញ្ជាក់​ថា អ្វី​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ គឺជា​កង្វល់​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​រដ្ឋបាលខេត្ត​ គ្មានអ្វី​ដែល​ទុក​បណ្ដោយ​ឲ្យ​ការ​រំលោភ​បំពាន​ណាមួយ ដែល​ផ្ទុយ​នឹង​ការអនុវត្ត​ច្បាប់​នោះទេ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ផ្អាក​ធ្វើ​សកម្មភាព​ចាក់ដី​លុប ហើយ​ក្រុមហ៊ុន​ត្រូវតែ​កាយ​ដី ដែល​ចាក់​ចូល​សមុទ្រ ចេញ​វិញ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ​៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114