ដឹក​គ្រឿងញៀន​ពី​ឡាវ​មក​លក់​នៅ​កម្ពុជា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ
BREAKING NEWS
Search

ដឹក​គ្រឿងញៀន​ពី​ឡាវ​មក​លក់​នៅ​កម្ពុជា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុក សុវណ្ណ​រិ​ទ្ធិ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង ​លោក ហេង ផេង ជា​តំណាង​អយ្យការ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​មិថុន ឆ្នាំ​២០២០​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ឈ្មួញកណ្ដាល​៣​នាក់​ ដែល​ពាក់ព័ន្ធ​បទល្មើស​ដឹកជញ្ជូន​គ្រឿង​ញៀន​ពី​ប្រទេស​ឡាវ​ មក​លក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ ​២​នាក់ និង​៥​ឆ្នាំ​ម្នាក់។​

ជន​ត្រូវ​ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស​នេះ ៖
​ទី​១ / ឈ្មោះ វង្ស សុខន ភេទ​ស្រី អាយុ​៥០​ឆ្នាំ មេខ្លោង​នៅ​ខេត្ត​ស្ទឹងត្រែង។
ទី​២/ ឈ្មោះ សៅ សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មេខ្លោង​នៅ​ភ្នំពេញ។ ទាំង​២​នាក់ ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​១០​លាន​រៀល ​បង់​ចូល​ថវិកា​រដ្ឋ ក្រោម​ការ​ចោទប្រកាន់​ ពីបទ​ដឹកជញ្ជូន រក្សាទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ហាមឃាត់។​
ទី​៣/ .​ឈ្មោះ សោម សា រ៉ាវ័ន្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដាក់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​បង់​ចូល​ថវិកា​រដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទ ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០ នៃ​ច្បាប់ ​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ប្រព្រឹត្ត​នៅ ចំណុច​ខាងមុខ​ប្រៃសណីយ៍ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៨​និង​៤០នាទី ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៩។ ចំពោះ​វត្ថុតាង​ចាប់យក​រួមមាន ថ្នាំញៀន​ប្រភេទ​មេតំហ្វេ​តា មីន ICE ទម្ងន់​ប្រមាណ ជាង​ ២ ០០០ ​ក្រាម។​

នៅក្នុង​សវនាការ ជនជាប់ចោទ​ទាំង​៣​នាក់ ​បាន​សារភាព​ថា ពួកគេ​មាន​មេខ្លោង​នៅ​ប្រទេស​ឡាវ ហើយ​តែងតែ​នាំ​យក​គ្រឿងញៀន​ចូល​មក​ភ្នំពេញ​ច្រើន​លើក ចាប់ពី​២​គីឡូក្រាម ដល់​១០​គីឡូ មក​លក់។ លុះ​លើកចុងក្រោយ​នេះ​ យក​មក​ទម្ងន់​២​គីឡូ ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​តែម្ដង៕
អត្ថបទ ៖ មករា​

សូមចុចអាន ៖ ក្មេង​អាយុ​១១​ឆ្នាំ​ម្នាក់ ដឹក​ជញ្ជូន​ថ្នាំ​ញៀន​៤៥​កញ្ចប់ ត្រូវ​ប៉ូលិស​ចាប់​បាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114