ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូវីដ១៩ ប្រដាល់​នៅ​បាយ័ន​ដំណើរការ​ដោយ​គ្មាន​អ្នកទស្សនា

ជម្រុះ​វិល​ជុំ​សន្សំ​ពិន្ទុ​ជុំ​ទី​២​ដណ្តើម​ពាន​រង្វាន់​ប្រាក់​លាន​ទម្ងន់​៦០​គ​.​ក្រ កម្មវិធី​ប្រដាល់​គុន​ខ្មែរ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង ប៊ី​ធី​វី ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​ដំណើរការ​ដោយ​គ្មាន​អ្នកទស្សនា​ផ្ទាល់ ចាប់ពី​សប្ដាហ៍​នេះ​តទៅ រហូតដល់​ថ្ងៃ​ជូនដំណឹង​ថ្មី ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៃ​វីរុស​ផ្លូវ​ដង្ហើម កូវីដ១៩។

​លោក នាង ស៊ី​វុត្ថា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង ប៊ី​ធី​វី បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​មីនា​នេះ​ឲ្យ​ដឹង​ថា កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​គ្រប់​សង្វៀន​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង ប៊ី​ធី​វី ពិតជា​ដំណើរការ​ដោយ​គ្មាន​អ្នកទស្សនា​មែន ព្រោះ​ស្ថានីយ​ធ្វើ​បែប​នេះ​ដោយសារ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៃ​វីរុស​ផ្លូវ​ដង្ហើមកូវីដ១៩​
​លោក​បញ្ជាក់​ថា ការប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅ​បាយ័ន គឺ​ប្រព្រឹត្តទៅ​ជា​ធម្មតា​តាម​កម្មវិធី​គ្រោងទុក​ដែល​បាន​ផ្គូផ្គង​រួច​ហើយ​នោះ ប៉ុន្តែ​គ្រាន់តែ​ចាប់ពី​ចុង​សប្ដាហ៍​នេះ​តទៅ ការប្រកួត​គឺ​ពុំ​មាន​អនុញ្ញាត​ឲ្យ​អ្នកទស្សនា​ចូល​មើល​ទេ គឺ​ស្ថានីយ​Live​សម្រាប់​ឲ្យ​បងប្អូន​ទស្សនា​តាម​ផ្ទះ​ប៉ុណ្ណោះ។ សម្រាប់​ការប្រកួត​ប្រដាល់​គុន​ខ្មែរ នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែមីនា ​ឆ្នាំ​២០២០​ខាងមុខនេះ ជា​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ជុំ​ទី​២​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​២០២០ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​២​នេះ ជា​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ដែល​មាន​២​គូ ក្នុង​ពូ​ល​A​និង​ពូ​ល​B ក្នុង​នោះ​ពូ​ល​A ជាការ​ជួប​គ្នា​រវាង​ឌុន សុ​ភុ​ត អ្នក​ប្រដាល់​ក្លឹប​អេ​ភូ​ថង​កីឡា ជួប អៀ​ប លី​ឆា អ្នក​ប្រដាល់​ក្លឺប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ ដែល​ស្ថិត​​នៅ​ក្នុង​ពូ​ល​A​ដូចគ្នា ហើយ​មួយ​គូ​ទៀត ជា​ការ​ជួប​គ្នា​ក្នុង​ពូ​ល​B រវាង​អេ​លី​ត ឡុង​ឡី អ្នក​ប្រដាល់​ក្លឹប​ប៉ែន​កាក់​គុន​ខ្មែរ ជួប​ជាមួយ​ធា វាសនា អ្នក​ប្រដាល់​ក្លឹប​រាជសីហ៍​ខេត្ត​រតនគិរី។

​រវាង​ឌុន សុ​ភុ​ត និង អៀ​ប លី​ឆា ពួកគេ​ទាំងពីរ សុទ្ធ​តែ​មាន​សមត្ថភាព​បច្ចេកទេស​ល្អ​ដូចគ្នា ដែល​មិន​មាន​នរណា​ហ៊ាន​មើលស្រាល​គ្នា​នោះ​ទេ​ក្នុង​ការ​ជួប​គ្នា​នេះ។ ចាំ​មើល តើ​ក្នុង​ការប្រកួត​ជុំ​ដំបូង​នេះ រវាង​ឌុន សុ​ភុ​ត និង អៀ​ប លី​ឆា នេះ តើ​អ្នកណា​រក​បាន​៣​ពិន្ទុ នោះ​?។​
​សូម​បញ្ជាក់​ថា កាលពី​ជុំ​ទី​១ ឌុន សុ​ភុ​ត គេ​បាន​វាយ​ឈ្នះ​ឡុង សំណាង ក្លឹប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​២ បាន​៣​ពិន្ទុ​ហើយ ឯ អៀ​ប លី​ឆា បាន​១​ពិន្ទុ ដោយសារ​ជុំ​ទី​១​វាយ​ចាញ់​ថា​ន់ ប៊ុន​រ៉ុង សមាគម​កីឡា​ក្រសួងការពារជាតិ​ក្នុង​ទឹក​ទី​២​នោះ។

​ចំពោះ​ការប្រកួត​មួយ​គូ​ទៀត​នោះ ជា​ការ​ជួបគ្នា​រវាង​អេ​លី​ត ឡុង​ឡី ថិ​ត​នៅក្នុង​ពូ​ល​B និង ធា វាសនា ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល​B​ដូចគ្នា។ រវាង​អេ​លី​ត ឡុង​ឡី និង ធា វាសនា ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លងមក។ ​ដូច្នេះ​អ្នក ណា​ឈ្នះ អ្នកណា​ចាញ់​នោះ មិន​អាច​ទស្សន៍ទាយ​មុន​បាន​ឡើយ។​
​សូម​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា អេ​លី​ត ឡុង​ឡី កាលពី​ប្រកួត​ក្នុង​ជុំ​ទី​១ គេ​បាយ​វាយ​សូត្រ សាណូ ក្លឹប​បក្សី​ស្លាប​ដែក​ក្នុង​ទឹក​ទី​៣ គឺ​ទទួល​បាន​៣​ពិន្ទុ​ហើយ ឯ​ធា វាសនា ជុំ​ទី​១​គេ​វាយ​ចាញ់ ម៉ិ​ល សារុន ក្លឹប​អាណាចក្រ​គុន​ខ្មែរ ក្នុង​ទឹក​ទី​២ បាន​១​ពិន្ទុ​ប៉ុណ្ណោះ។

​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ពានរង្វាន់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នេះ មាន​អ្នក​ប្រដាល់​វ័យក្មេង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ចំនួន​០៨​រូប ដែល​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី (​សេ​រ៊ី​B)​ចូលរួម​។​

នេះ​ជា​ការ​ប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​សុទ្ធសាធ និង​អ្នក​ប្រដាល់​ជើង​ថ្មី ដើម្បី​ចម្រាញ់​ជ្រើសរើស​សម្រាំង​ទុក សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នោះ​។

​ការប្រកួត​ធ្វើតាម​រូបមន្ត​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដែល​ក្នុងចំណោម​កីឡាករ​៨​រូប បែង​ចែក​ជា ២ ពូ​ល គឺ​ពូ​ល​A​មាន​៤ រូប និង​ពូ​ល​B មាន ៤​រូប ដែរ។ កីឡាករ​ក្នុង​ពូ​ល​ម្នាក់ៗ ត្រូវ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​នីមួយៗ ដែល​មាន​៣​ប្រកួត​ម្នាក់ ហើយ​ជ្រើស​រើស​យក​អ្នក​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​ទាំងពីរ ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​លេខ​១​ពូ​ល​A ជួប​ជា​មួយ​នឹង​លេខ​២​ពូ​ល​B ហើយ​អ្នក​ដែល​ឈ្នះ​ត្រូវ​ជួប​អ្នកឈ្នះ​ នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១ និង​អ្នក​ចាញ់​ជួប​អ្នក​ចាញ់​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣​។

​សម្រាប់​ការប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ អ្នក​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ ១ ទទួល​បាន ៣ ០០០ ដុល្លារ​អាម៉េរិក លេខ​២​បាន ២ ០០០​ដុល្លារ​អាម៉េរិក លេខ​៣​បាន ១ ០០០ ដុល្លារ​អាម៉េរិក និង​លេខ​៤ បាន ៧៥០​ដុល្លារ​អាម៉េរិក៕​

អត្ថបទ៖ វិ​សិទ្ធ