ព័ត៍មានទាន់​ហេតុការណ៏
Search

ដោយមាន​ការ​គិតគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គម្រោង​ជួសជុល​ផ្លូវលំ​ឲ្យ​ក្លាយ​ជា​ផ្លូវ​កៅស៊ូ ជុំវិញ​ទី​រួម​ស្រុក​កំពង់លែង​ជាង​៤០​គីឡូ មកដល់ពេលនេះ​កសាង​បាន​៥០%​ហើយ​

កំពង់ឆ្នាំង ៖ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ជុំវិញ​ទីរួមស្រុក​កំពង់លែង​ជាង​៤០​គីឡូម៉ែត្រ​ ឆ្លងកាត់​ឃុំ​ចំ នួន​៦ ដោយមាន​ការយកចិត្ត​ទុកដាក់​គិតគូរ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ ជាង​៤​ឆ្នាំនេះ​ តាមរយៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សាធារណការ បាន​និង​កំពុង​ជួសជុល​ពី​ផ្លូវលំ ឲ្យ​ក្លាយ​ជា​ផ្លូវ​កៅស៊ូ​គិត​មកដល់​ថ្ងៃនេះ បាន​ប្រមាណ​៥០%​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អបអរសាទរ​យ៉ាង​ខ្លាំង ចំពោះ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព និង​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ។

លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០១៩ នេះ បាន​និយាយ​ឲ្យ​ដឹងថា ​៖ នៅ​ជុំវិញ​ទីរួមស្រុក​កំពង់លែង ដែល​ភ្នំ​ទូក​មាស​នៅ​ចំ​កណ្តាល គឺមាន​ឃុំ​ចំនួន​៦​ឃុំ មាន ​៖ ១.​ឃុំ​កំពង់​ហៅ ២.​ឃុំ​ស្វាយ​រំពា ៣.​ឃុំ​ដារ ៤.​ឃុំ​ច្រ​ណូ​ក ៥.​ឃុំ​ពោធិ៍ និង ​៦.​ឃុំ​ត្រងិល គឺ​មាន​ផ្លូវលំ​ត​ភ្ជាប់​គ្នា​ប្រវែង​៤៧៧​គីឡូម៉ែត្រ។ ប៉ុន្តែ​នៅក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​ការ​គិតគូរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​សាធារណការ បាននិងកំពុង​ធ្វើការ​ជួសជុល​កសាង​ពី​ផ្លូវលំ​ឲ្យ​ក្លាយ​ទៅជា​ផ្លូវ​កៅស៊ូ​បាន​ប្រមាណ​៥០%​ហើយ។​

​លោក​អភិបាលរង​ស្រុក​កំពង់លែង​បាន​បន្ត​ឲ្យ​ដឹងទៀតថា​ តាម​របាយ​ការ​របស់​មន្ទីរ​សាធារណការ​ខេត្ត​ឲ្យ​ដឹង​ថា ​ផ្លូវ​កៅស៊ូ​នេះ​មាន​ទទឹង​១០​ម៉ែត្រ ដោយ​ចាក់​កៅស៊ូ​មាន​ទទឹង​៨​ម៉ែត្រ និង​ទុក​ចំណី​ផ្លូវ​សងខាង​២​ម៉ែត្រ ដែល​ក្នុង​១​ឆ្នាំៗ​ ត្រូវ​កសាង ពី​៣ ទៅ​៤​គីឡូម៉ែត្រ។ ដោយឡែក​គិត​មកដល់​ថ្ងៃទី​២៧​តុលា​នេះ​ កសាង​ផ្លូវ​កៅស៊ូ​បាន​ប្រមាណ​៥០%​ហើយ ដែល​ក្នុង​ពេលនេះ​កំពុង​ជួសជុល និង ​កសាង​ជា​ផ្លូវ​កៅស៊ូ​ពី​ចុង​ភូមិ​ដារ ឃុំ​ដារ ដល់​ភ្នំ​កង្កែប ក្នុង​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក។

លោក ចេង ចាន់​ដូ​ណា ក្នុងនាម​អាជ្ញាធរ​ស្រុក​កំពង់លែង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទាំង​៦ នៃ​ស្រុក​កំពង់លែង​ ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ សូម​មេត្តា​ជួយ​ថែរក្សា​ការពារ​ផ្លូវ​កៅស៊ូ​ដែល​បាន​កសាង​ហើយ​ឲ្យ​បាន​រឹងមាំ​ដើម្បី​បាន​ប្រើប្រាស់​យូរអង្វែង។ ដូចជា​ មិន​ត្រូវ​បើកបរ​គោយន្ត​កង់​ដែក​លើ​ផ្លូវ មិនត្រូវ​ដឹក​ដី​កំពប់​លើ​ផ្លូវ មិនត្រូវ​ដឹកស្រូវ​អង្ករ​តាម​រថយន្ត​លើស​ទម្ងន់ និង​ មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​គោក្របី​ជុះ​អាចម៍​លើផ្លូវ​នោះឡើយ ទើប​ផ្លូវ​រឹងមាំ​បានយូរ​អង្វែង។ ដោយឡែក ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​ដែល​កំពុង​កសាង ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ នៃ​ក្រសួង​សាធារណការ​ឲ្យ​បានល្អ ដើម្បីឲ្យ​កិច្ចការ​ធ្វើ​ផ្លូវ​បាន​រលូន និង​ឆាប់​រួចរាល់​តាម​ផែនការ​ថ្នាក់លើ។​
​ ​
ប្រជាពលរដ្ឋ រស់នៅ​ក្នុងស្រុក​កំពង់លែង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ដល់​ក្រសួង​សាធារណការ​ជា​ម្ចាស់​អនុវត្ត​គម្រោង និង​ជាពិសេស សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ដែល​បាន​ទម្លាក់​ថវិកាជាតិ ជួយ​កសាង​ផ្លូវ​កៅស៊ូ​នៅ​ជុំវិញ​ទីរួមស្រុក​កំពង់លែង។ ពួកគាត់​ជា​ប្រជាពលរដ្ឋ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល ដែល​ធ្វើឲ្យ​ទឹកដី​ស្រុក​កំពង់លែង មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។ ជាក់ស្តែង​កាលពី​ខែ​មិនា ឆ្នាំ​២០១៩ ក្នុង​ពិធីបុណ្យ​ទន្លេ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ធ្វើ​ស្ពាន​ជិត​៤​គីឡូម៉ែត្រ​ ឆ្លងទន្លេ​ពី​ក្រុង​កំពង់ឆ្នាំង មក​ស្រុក​កំពង់លែង និង​ធ្វើ​ផ្លូវ​ជាង​៥០​គីឡូម៉ែត្រ​ទៀត ពី​ស្រុក​កំពង់លែង ទៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​គម្រោង​ខាងលើនេះ ពិតជា​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ឡើង​៕

 

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114