ដំណឹងល្អ!! សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​១៣​នាក់​ទៅ​ហ្វឹកហាត់​

សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ទៅធ្វើ​ការហ្វឹកហាត់​នៅ​ប្រទេស​ចំនួន​២ គឺ​ប្រទេស​ចិន​និង​ប្រទេស​កូរ៉េខាងត្បូង​ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ចូលរួម​ប្រកួត​កីឡា អាស៊ីអាគ្នេយ៍​លើក​ទី​៣១​ឆ្នាំ​២០២១(SEA GAMES 2021 )​នៅ​ប្រទេស​វៀតណាម និង​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​សំ​សុខ​យី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បាន​ឲ្យ​ដឹងថា​ សហព័ន្ធ​ត្រៀមលក្ខណៈ​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់ពី​ខែវិច្ឆិកា​ ឆ្នាំ​២០២០ ដែល​ក្រុម​នេះ​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​២០២២​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន និង​បញ្ជូនទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតដល់​ឆ្នាំ​២០២៣ ត្រៀម​ចូលរួម​ប្រកួត​កីឡា SEA GAMES លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​និង​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​បាន​បន្តថា សម្រាប់​កម្មវិធី​ហ្វឹក ហាត់​ប្រចាំថ្ងៃ​ពី​គ្រូបង្វឹក ត្រូវ​បន្ត​ការ​ហ្វឹកហាត់​ខ្លួនឯង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​។ ​ជា​មួ​យគ្នា​នេះ ត្រៀម​ពិនិត្យ​រក​កីឡាករ​-​កីឡាការិនី​ប្រភេទ​ទម្ងន់​ធ្ងន់ និង​ទាក់ទង​សហព័ន្ធ​លើក​ទម្ងន់​វៀតណាម ក្នុង​ការ​ត្រៀមខ្លួន​ជាស្រេច និង​ចំ​គោលដៅ​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​អគ្គលេខាធិការ​បា​ន​បន្ថែមថា ត្រូវ​ពិនិត្យ​ក្នុងការ​ជ្រើសរើស​កីឡាករ​-​កីឡា ការិនី ត្រៀម​បញ្ជូន​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​និង​ត្រៀម​ធ្វើតេស្ត​ឈុត​ធំ​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​ចិន ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​និង​សម្រេច​។

ការ​បញ្ជូន​ទៅ​ហ្វឹកហាត់​ប្រទេស​កូរ៉េ​ចាប់ពី​ខែវិច្ឆិកា​ឆ្នាំ​២០២០ សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​រដូវរងារ​នៅ​ប្រទេស​ចិន​ឆ្នាំ​២០២២ មាន​ចំនួន​៥​នាក់​រួមមាន កីឡាការិនី សេង ប៉ូ​រិ​ន ប្រធាន​ក្រុម​ក្នុង​ប្រ ភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម កីឡាការិនី ស៊ឺន លី​ណា ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៩ គីឡូក្រាម កីឡាករ​ទឺ​ម៉ាច​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៥​គីឡូក្រាម កីឡាករ​យិន​សុវណ្ណ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៤៨​គីឡូក្រាម និង កីឡាករ ឈាង ដេ​វិត ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៦១​គីឡូក្រាម​។

ចំណែក​ក្រុម​ត្រៀម​បញ្ជូនទៅ​ហ្វឹកហាត់​ប្រទេស​ចិន ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ សម្រាប់​ចូលរួម​ការប្រកួត​កីឡា​SEA GAMES លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១​ចំនួន​៨​នាក់​ដូចជា កីឡាករ​ឆាំ ពិ​សិន ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៧៣​គីឡូក្រាម កីឡាករ ហេង វុទ្ធី ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៨៩​គីឡូក្រាម កីឡាករ ជឿ​ម ពិសិដ្ឋ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៨១​គីឡូក្រាម កីឡាការិនី រើ​ន ស្រី​និ​ត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៦៤​គីឡូក្រាម កីឡាការិនី​ខ្មែរ​អាមេរិក ឆេង សំនាង នៅ​អាមេរិក​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៥​គីឡូក្រាម​។ ​កីឡាការិនី តាន់ ប៉ុច​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម កីឡាករ ឌុ​ច ប៊ុន​រ័ត្ន​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៧​គីឡូក្រាម កីឡាករ សៀង សម្បត្តិ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៦១​គីឡូក្រាម និង​គ្រូបង្វឹក​២​នាក់​៕
វិ​សិទ្ធ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114